ភ្នំពេញ៖ដូចការសន្យាមែនដែលអតីតតារាចម្រៀងRock ម៉ូលីកា ធ្លាប់អះអាងថានៅពេលដែលស្ថានភាពកូវីដស្ងប់ស្ងាត់នាងនឹងធ្វើពិធីឡើងផ្ទះវីឡារថ្មីផ្គួបជាមួយខួបកំណើតកូនស្រីសំណព្វចិត្តរបស់នាង ឥឡូវពេលនេះអ្នកលក់Online ល្បីឈ្មោះរូបនេះបានត្រៀមរួចជាស្រេចក្នុងការធ្វើកម្មវិធីខាងលើនេះដែលរៀបចំពិធីជប់លៀងធំដល់ទៅ១០០តុឯណ្ណោះ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ ខាងមុខនេះនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមការបង្ហើបរបស់ម៉ូលីកា ភ្ញៀវដែលនាងបានអញ្ជើញនោះមានលោកជំទាវហ៊ុន ស៊ីណាត និងតារាធ្លាប់រួមអាជីព ព្រមទាំងអ្នកលក់Online រួមទាំងដៃគូសហការណ៍រកស៊ីជាមួយនាងទាំងអស់ផងដែរ។ ប៉ុន្ដែការត្រៀមចំណាយលុយអស់ប៉ុន្មាននោះមិនត្រូវបានម៉ូលីកា ប្រាប់ជាមុនឡើយ ដោយនាងថានឹងរៀបចំកម្មវិធីនោះទៅតាមសភាពជាក់ស្ដែង។តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង .ឯ.ក រូបនេះបានទិញរថយន្ដ១គ្រឿងដ៍ថ្មីសន្លាងម៉ាកJaguar កាដូឲ្យកូនស្រីនាងឈ្មោះនុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់២ឆ្នាំ។នេះជាការបន្ថែមរថយន្ដទំនើប១គ្រឿងផ្សេងទៀតខណៈដែលកន្លងមកគេឃើញម៉ូលីកា ជិះរថយន្ដម៉ាកទំនើបៗដូចជាFord Raptor ,Range Rover និងAlphard ជាដើម។

សូមរំលឹកថាម៉ូលីកា បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលកូនស្រីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ។ដោយសារតែមានការមហាញឹកក្នុងអាជីវកម្មផ្ទាល់ខ្លួនម៉ូលីកា បានផ្អាកឡើងច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយរយៈពេលជាច្រើនខែមកហើយ ខណៈដែលស្វាមីនាងលោកឆានុន វិញក៍មិនសូវមានពេលថតភាពយន្ដដូចមុនទៀតដែរ។គូស្នេហ៍តារា១គូនេះត្រូវបានគេសរសើរពីជីវភាពរបស់ពួកគេថាធូធារខ្លាំងក្រោយចាប់ដៃគ្នាជាង២ឆ្នាំនេះដោយពេលនេះមានផ្ទះយ៉ាងប្រណិតនិងជិះរថយន្ដទំនើបៗ ខណៈដែលអ្នកទាំងពីរក៍តែងតែបានលេចមុខធ្វើកម្មវិធីសប្បុរសធ័មជាបន្ដបន្ទាប់ផងដែរ តាមរយៈការផ្ដល់ជំនួយដល់តារាចាស់ជរាគ្មានទីពឹង និងជនទីទ័លក្រមួយចំនួន។

ដោយឡែកទាក់ទងគម្រោងយកកូនថែមវិញម៉ូលីកា ធ្លាប់វាចាថានាងមិនទាន់គិតគូរក្នុងពេលឆាប់ៗនេះឡើយ ព្រោះក្រោយពីកូវីដថមថយទៅវិញនេះអាជីវកម្មតាមOnline របស់នាងមានសន្ទុះខ្លាំងក្លាវិញទើបពិតជាមមាញឹកជាមួយការងារផ្ទាល់ខ្លួននោះមិនអាចដកឃ្លាឬគិតគូរឿងយកកូនទី២បានទេ៕




