ភ្នំពេញ៖បើតាមចំណងស្នេហាឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី ដែលបង្ហាញភាពផ្អែមល្ហែមពី១ថ្ងៃទៅ១ថ្ងៃគ្រប់គ្នាអាចសន្និដ្ឋានបានថាសុគន្ធកញ្ញា នឹងពពោះកូនទី២ក្នុងពេលឆាប់ៗនេះជាមិនខាន ព្រោះកូនទី១របស់នាងមានអាយុជាង២ឆ្នាំទៅហើយ ខណៈដែលនៅថ្ងៃរៀបការនាងថាចង់បានកូន៣។អ្វីដែលគេជឿរថាសុគន្ធកញ្ញា នឹងមិនខ្លាចប្រឈមធ្លាក់ចុះថែមទៀតព្រោះពេលមានផ្ទៃពោះនិងសម្រាលតម្រូវឲ្យនាងបាត់មុខពីសិល្បៈជាច្រើនខែនោះគឺដោយសារតែក្រោយពេលនាងមានកូន១ស្វាមីរបស់នាងលោកសុខលី ដែលធ្លាប់ជំពប់ស្នេហ៍តារាមួយចំនួនមុនរៀបការនោះពេលនេះលោកស្រលាញ់និងថ្នាក់ថ្នមចិត្តនាងទ្វេដង ហេតុនេះហើយបើមានកូន២ឬ៣នោះច្បាស់ជាប្អូនថ្លៃថៅកែហង្សមាសរូបនេះអាចត្រូវស្វាមីលេបទុកក្នុងពោះក៍ថាបានដែរ ។ប៉ុន្ដែគិតមកដល់ពាក់កណ្ដាលឆ្នាំ២០២២នេះសុគន្ធកញ្ញា នៅតែគ្មានសញ្ញាពោះធំកូនទី២នោះឡើយ ខណៈដែលសិស្សប្អូនរបស់នាងគឺពេជ្រ សូលីកា ដែលលេចឭល្ហិចល្ហៀងថាចង់បានកូនស្រី១ទៀតមុននាងនោះពេលនេះស្រីពេជ្រ ក៍មិនទាន់ពពោះដូចនាងដែរ។

គូរកត់សម្គាល់ថាការដែលឱក សុគន្ធកញ្ញា មិនតក់ក្រហល់យកកូនទី២អាចមានមូលហេតុធំព្រោះតែពេលនេះនាងចាប់ផ្ដើមសម្រុកអាជីពសិល្បៈសារជាថ្មីឡើងវិញតាមរយៈការចេញច្រៀងសម្ដែងតាមឆាកតន្រ្ដីរបស់ហង្សមាស និងតំណែងជាគណៈកម្មាការការប្រលងចម្រៀងរដូវកាលថ្មីដែលគ្រប់គ្រងដោយស្វាមីនាង និងមានព័តមានថានាងត្រៀមថតភាពយន្ដថ្មីជាលើកដំបូងឲ្យផលិតកម្មបងថ្លៃរបស់នាងដោយចាប់ដៃជាមួយលោកខែម ប៊ុនថៃ ទៀតផង។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍តាំងពីសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសមកពេលនេះនាងមិនដែលចេញច្រៀងសម្ដែងឆាកតន្រ្ដីណាផ្សេងក្រៅពីទូរទស្សន៍ហង្សមាសឡើយ។អ្នកខ្លះថាសុគន្ធកញ្ញា ត្រូវប្ដីចងជើងទុកសម្រាប់ឲ្យនាងច្រៀងតែប៉ុស្ដិ៍ទូរទស្សន៍របស់លោក តែអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៍ទៃថាសុគន្ធកញ្ញា មានទំនាក់ទំនងល្អជាមួយអ្នកធ្វើការងារសិល្បៈដូចមុនដដែល ហើយការដែលប៉ុស្ដិ៍ផ្សេងមិនសូវឃើញនាងឡើងច្រៀងសម្ដែងដូចមុនគឺអាចមកពីតម្លៃខ្លួន និងពេលវេលាជាដើមព្រោះថាហង្សមាសមានConcerts ច្រើនជាងប៉ុស្ដិ៍ផ្សេងៗហេតុនេះហើយ ទោះជាតារាសំខាន់ៗរបស់គេមិនទៅច្រៀងប៉ុស្ដិ៍ខាងក្រៅក៍ក្រុមហ៊ុនគេនៅតែមានការងារឲ្យតារារបស់ខ្លួនធ្វើដែរ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាគូប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយមាស សុខសោភា អស់រយៈពេលជិត១០ឆ្នាំកន្លងមក តែ២ឆ្នាំចុងក្រោយនេះនាងហាក់បន្ធូដៃច្រើនពីការបុកទៅលើបទចម្រៀងពោលគឺក្រោយនាងមានប្ដីនិងកូន១នេះ។ដោយឡែកតាមរយៈការបញ្ចេញរូបរាងបែបស៊ិចស៊ីនារយៈពេលចុងក្រោយនេះគេឃើញសុគន្ធកញ្ញា នៅតែមិនទាន់មានរូបរាងស្វែលដូចមុននោះទេ ពោលគឺគីឡូមិនទាន់ស្រកដូចដើម ទើបអ្នកខ្លះថានាងបែកសាច់ជាងមុន។តែនៅថ្ងៃមង្គលការកូនអ្នកនាងគង់ សុជាតិ កាលពីពេលថ្មីៗនេះស្វាមីនាងលោកសុខលី កាន់តែបង្ហាញកាយវិការយកចិត្តទុកដាក់ចំពោះនាងដោយក្ដីស្រលាញ់ចេញពីបេះដូងទើបធ្វើឲ្យគូស្នេហ៍តារាមិនតិចនាក់ទេ ដែលច្រណែននិងចង់បានសុភមង្គលដូចនាង។តែការឆក់បានតំណែងជាប្អូនថ្លៃថៅកែហង្សមាសរបស់សុគន្ធកញ្ញា នោះវាបានបញ្ជាក់ឲ្យឃើញថានាងបានក្លាយជាតារាដ៍មានឥទ្ធិពលបំផុតនៅផលិតកម្មធំជាងគេក្នុងស្រុកមួយនេះ បើទោះជាសុគន្ធកញ្ញា មិនដែលប្រើអំណាចរបស់ខ្លួនទៅលើតារារួមអាជីពក្ដី។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានប្ដីនិងកូន១ហើយធ្វើឲ្យទីផ្សារសិល្បៈចុះខ្សោយជាងមុនមានដូចជាអ្នកនាងពេជ្រ សូលីកា,សួស វីសា ,នៅ សុនិតា ,ឌុច លីដា និងឌុច សុភា ជាដើម៕
