Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិDmitry Peskov ៖ រុស្ស៊ីនឹងបញ្ចប់ការឈ្លានពានភ្លាម​បើអ៊ុយក្រែនព្រមចុះចាញ់

Dmitry Peskov ៖ រុស្ស៊ីនឹងបញ្ចប់ការឈ្លានពានភ្លាម​បើអ៊ុយក្រែនព្រមចុះចាញ់

កាលពីល្ងាចថ្ងៃអង្គារលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយ​ថារុស្ស៊ី​នឹង​បញ្ចប់​ការ​វាយលុក​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ភ្លាមៗ​នៅ​ពេល​ដែលទី​ក្រុង​គៀវទម្លាកអាវុធចុះ។លោកបន្តថា​ភាគី​អ៊ុយក្រែន​អាច​បញ្ឈប់​អ្វីៗ​ទាំងអស់​មុន​ថ្ងៃ​បញ្ចប់​នៅ​ថ្ងៃ​នេះ​។ការ​បញ្ជា​ឱ្យ​អង្គភាព​ជាតិនិយមទម្លាក់អាវុធគឺចាំបាច់។

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីធ្លាប់បាននិយាយម្តងហើយម្តងទៀតថាកងទ័ពរបស់ប្រទេសរបស់លោកនឹងមិនចុះចាញ់ឡើយហើយថាពួកគេនឹងទទួលជ័យជម្នះក្នុងសង្គ្រាម។

រុស្ស៊ី​ឆ្លើយដោះសារជុំវិញការស្លាប់ជនស៊ីវិល

នៅលើបណ្តាញTelegram រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងអាកាសរុស្ស៊ីបានបើកការវាយ ប្រហារដោយមីស៊ីល លើឃ្លាំងអាវុធនិងគ្រាប់រំសេវដែលបានទទួលពីសហរដ្ឋអាមេរិក និងបណ្តាប្រទេស នៅអឺរ៉ុប ហើយការផ្ទុះនេះបណ្តលអោយរាលដាលឆេះផ្សារទំនើបដែលបានសម្លាប់មនុស្ស១៨នាក់។

ក្រសួងខាងលើក៏បានស្តីបន្ទោសការរក្សាទុកគ្រាប់រំសេវនិងអាវុធលោកខាងលិចដែលបង្កឱ្យមានអគ្គីភ័យនៅជិតផ្សារទំ​នើប។

ផ្ទុយពីការអះអាងរបស់រុស្ស៊ីអ៊ុយក្រែន​និយាយ​ថាមាន​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​លក់​ទំនិញ​នៅ​ពេល​មាន​ការវាយ​ប្រហារ​។ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត​កំពុង​បាត់ខ្លួន។

EU ថ្កោលទោស​ការ​វាយ​ប្រហារ​ជនស៊ីវិលរបស់​រុស្សី​

សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និងជាច្រើននាក់ទៀតរងរបួស។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថាសហភាពអឺរ៉ុបថ្កោលទោសដ៏ខ្លាំងក្លាបំផុតចំពោះទង្វើរបស់រុស្ស៊ី។

លោកបន្តថាគំនិតរបស់យើងគឺនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ការបន្តបាញ់ផ្លោង ទៅលើជនស៊ីវិល គឺមានលក្ខណៈប្រមាថ មិនអាចទទួលយកបានទាំងស្រុង និងជាអំពើឧក្រិដ្ឋកម្មសង្រ្គាម៕

RELATED ARTICLES