កាលពីល្ងាចថ្ងៃអង្គារលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថារុស្ស៊ីនឹងបញ្ចប់ការវាយលុករបស់ខ្លួននៅអ៊ុយក្រែនភ្លាមៗនៅពេលដែលទីក្រុងគៀវទម្លាកអាវុធចុះ។លោកបន្តថាភាគីអ៊ុយក្រែនអាចបញ្ឈប់អ្វីៗទាំងអស់មុនថ្ងៃបញ្ចប់នៅថ្ងៃនេះ។ការបញ្ជាឱ្យអង្គភាពជាតិនិយមទម្លាក់អាវុធគឺចាំបាច់។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីធ្លាប់បាននិយាយម្តងហើយម្តងទៀតថាកងទ័ពរបស់ប្រទេសរបស់លោកនឹងមិនចុះចាញ់ឡើយហើយថាពួកគេនឹងទទួលជ័យជម្នះក្នុងសង្គ្រាម។
រុស្ស៊ីឆ្លើយដោះសារជុំវិញការស្លាប់ជនស៊ីវិល
នៅលើបណ្តាញTelegram រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងអាកាសរុស្ស៊ីបានបើកការវាយ ប្រហារដោយមីស៊ីល លើឃ្លាំងអាវុធនិងគ្រាប់រំសេវដែលបានទទួលពីសហរដ្ឋអាមេរិក និងបណ្តាប្រទេស នៅអឺរ៉ុប ហើយការផ្ទុះនេះបណ្តលអោយរាលដាលឆេះផ្សារទំនើបដែលបានសម្លាប់មនុស្ស១៨នាក់។
ក្រសួងខាងលើក៏បានស្តីបន្ទោសការរក្សាទុកគ្រាប់រំសេវនិងអាវុធលោកខាងលិចដែលបង្កឱ្យមានអគ្គីភ័យនៅជិតផ្សារទំនើប។
ផ្ទុយពីការអះអាងរបស់រុស្ស៊ីអ៊ុយក្រែននិយាយថាមានមនុស្សរាប់រយនាក់នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញនៅពេលមានការវាយប្រហារ។ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន។
EU ថ្កោលទោសការវាយប្រហារជនស៊ីវិលរបស់រុស្សី
សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk របស់ប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ និងជាច្រើននាក់ទៀតរងរបួស។
សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយថាសហភាពអឺរ៉ុបថ្កោលទោសដ៏ខ្លាំងក្លាបំផុតចំពោះទង្វើរបស់រុស្ស៊ី។
លោកបន្តថាគំនិតរបស់យើងគឺនៅជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ការបន្តបាញ់ផ្លោង ទៅលើជនស៊ីវិល គឺមានលក្ខណៈប្រមាថ មិនអាចទទួលយកបានទាំងស្រុង និងជាអំពើឧក្រិដ្ឋកម្មសង្រ្គាម៕