ភ្នំពេញ៖អតីតតារាសម្ដែងនៅ សុនិតា ត្រូវបានស្វាមីនាងលោកទឹត ថាវរិទ្ធ ធ្វើខួបកំណើតគម្រប់អាយុ៣២ឆ្នាំឲ្យនាងកាលពីល្ងាចថ្ងៃទី៣០មិថុនា ដោយមានតារាធ្លាប់រួមអាជីពជាច្រើនទៅជូនពរ ។អ្វីដែលគូរឲ្យកត់សម្គាល់នោះគេឃើញមិត្តភក្ដិនាងទាំងស្រីនិងប្រុសដែលទៅផ្ទះសុនិតា ថ្ងៃខួបនោះពួកគេសុទ្ធតែហៅនាងថាជាជំទាវៗគ្រប់គ្នាតែម្ដងទើបធ្វើឲ្យតារាកូន១រូបនេះរលីងរលោងទឹកភ្នែកពិសេសនៅពេលដែលប្ដីអោបថើប។

ស្វាមីនៅ សុនិតា លោកថាវរិទ្ធ បានបង្កប់កាដូពិសេសនៅក្នុងនំខេកដែលលោកជូនទៅសុនិតា នោះគឺជាលុយក្រដាស១០ម៉ឺនរៀលហើយលោកថាលុយនេះលោកឲ្យទៅភរិយាដើម្បីឲ្យនាងចេះសន្សំសំចៃថែមទៀត ខណៈដែលតាំងពីចាប់ដៃគ្នាមកលោកថាមានផ្ទះនៅ និងឡានជិះហើយដែលវាជាសម្បតិ្តរួមរវាងលោកប្រពន្ធ។ចំណែកសុនិតា វិញថាលុយដែលប្ដីឲ្យនាងនោះនាងមិនយកទៅចាយទេគឺរក្សារទុកហើយប្រឹងសន្សំឲ្យបាន១០ម៉ឺនដុល្លារទើបយកមកឲ្យប្ដីវិញ។

សូមបញ្ជាក់ថានៅ សុនិតា ធ្លាប់មានប្រុសដល់ទៅ៥នាក់តាមស្នេហានាងក្នុងពេលតែមួយក្នុងនោះមានទាំងមន្រ្ដីធំ ,កូនអ្នករកស៊ីអចលនទ្រព្យ និងអ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះ១រូបជាដើម។តែទំបំផុតសុនិតា បានសម្រេចចិត្តជ្រើសរើសយកបុរសពោះម៉ាយវ័យចំណាស់ និងជាអតីតប្ដីអ្នកនាងលី ម៉ារីណា គឺលោកទឹត ថាវរិទ្ធ ដោយមានព័តមានថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយសុនិតា សម្រាលបានកូនប្រុសថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ។ក្រោយមានប្ដីនិងកូនទាំងមិនទាន់បានរៀបការនេះសុនិតា បានផ្ដាច់ខ្លួនស្ទើតែទាំងស្រុងពីអាជីពសម្ដែងនិងMC តែនាងនៅប្រកបរបរកស៊ីតាមOnline ហើយឥទ្ធិពលរបស់នាងមិនធម្មតានោះទេ ព្រោះទៅណាមកណាមានមិត្តភក្ដិបានហៅនាងថាជាជំទាវៗ ។

សុនិតា មានអង្គរក្ស បើករថយន្ដទំនើបៗដូចជាម៉ាកAlphard ,Range Rover និងFord Raptor ជូននាងដើរតាមកម្មវិធី និងកម្សាន្ដហើយតាមព័តមានថាទោះជាសុនិតា ឈប់ដាច់ពីសិល្បៈ និងនៅតែផ្ទះមើលកូនក៍នាងមិនខ្វះលុយចាយដែរ ព្រោះលោកថាវរិទ្ធ មានដីធ្លីច្រើនហិកតាដែលមានតម្លៃរាប់លានដុល្លារនៅតំបន់កែវផុស ខេត្តព្រះសីហនុ ។ប៉ុន្ដែសុនិតា នៅតែមិនទាន់ត្រូវបានប្ដីបំពេញក្ដីស្រម៉ៃ តាមរយៈការដឹកដៃនាងចូលរោងការតាមប្រពៃណីខ្មែរឡើយ ខណៈដែលនៅថ្ងៃខួបឆ្នាំនេះនាងត្រូវបានមិត្តភក្ដិស្រែកនៅចំពោះមុខប្ដីដោយឲ្យយោបល់នាងឲ្យយកកូនទី២ជាកូនស្រី តែបែជាគ្មានអ្នកណាជម្រុញឲ្យនាងរៀបការទៅវិញ៕

