ប្រធានសេវាកម្មសន្តិសុខរបស់ចក្រភពអង់គ្លេសMI5 និងការិយាល័យសហព័ន្ធស៊ីបអង្កេតFBIរបស់សហរដ្ឋអាមេរិកបានបង្ហាញមុខរួមគ្នាដែលមិនធ្លាប់មានពីមុនមក ដើម្បីព្រមានពីការគំរាមកំហែងពីប្រទេសចិន។
នាយក FBI លោក Christopher Wray បាននិយាយថា ប្រទេសចិនគឺជាការគំរាមកំហែងរយៈពេលវែងដ៏ធំបំផុតចំពោះសេដ្ឋកិច្ចនិងសន្តិសុខជាតិរបស់យើងហើយបានជ្រៀតជ្រែកក្នុងនយោបាយរួមទាំងការបោះឆ្នោតនាពេលថ្មីៗនេះផងដែរ។
នៅសហរដ្ឋអាមេរិកនាយក FBI បាននិយាយថា រដ្ឋាភិបាលចិនបានជ្រៀតជ្រែកដោយផ្ទាល់នៅក្នុងការបោះឆ្នោតសភានៅទីក្រុងញូវយ៉កដោយសារតែពួកគេមិនចង់ឱ្យបេក្ខជនដែលជាអ្នករិះគន់និងជាអតីតអ្នកតវ៉ានៅទីលានធានអានមេនជាប់ឆ្នោត។
លោកWrayក៏បានព្រមានផងដែរថាប្រសិនបើចិនចង់យកតៃវ៉ាន់ដោយបង្ខំវានឹងមានការរំខានអាជីវកម្មដ៏គួរឱ្យរន្ធត់បំផុតដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក។ លោកWrayបានជំរុញឱ្យអាជីវកម្មរក្សាការប្រុងប្រយ័ត្ន និងរាយការណ៍ពីការគំរាមកំហែងដែលអាចកើតមាន។
លោកក៏បានបញ្ជាក់ផងដែរថាប្រទេសចិនបានដាក់ពង្រាយចារកម្មតាមអ៊ីនធឺណែតដើម្បីបោកប្រាស់ និងលួចក្នុងទ្រង់ទ្រាយធំជាមួយនឹងការចូលលួច(hacking)យកទិន្នន័យនិងកម្មវិធីទៅលើប្រទេសធំៗផ្សេងទៀត។
លោក Ken McCallum អគ្គនាយក MI5 បាននិយាយថា MI5 ដែលជាសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អង់គ្លេស បានពង្រីកប្រតិបត្តិការយ៉ាងខ្លាំងលើប្រទេសចិន។
លោកបានបន្តថាថ្ងៃនេះយើងកំពុងដំណើរការការស៊ើបអង្កេតចំនួនកើនឡើង៧ដងច្រើនជាងឆ្នាំ២០១៨ហើយយើងនឹងមានគម្រោងបង្កើនថែនទៀតដើម្បីប្រឆាំងនឹងការគំរាមកំហែងសម្ងាត់របស់រុស្ស៊ី និងអ៊ីរ៉ង់។
លោកMcCallumបញ្ជាក់ថាបញ្ហាប្រឈមដែលបង្កឡើងដោយបក្សកុម្មុយនិស្តចិនគឺការផ្លាស់ប្តូរហ្គេមខណៈដែលលោក Wrayបានហៅវាថាជាការគំរាមកំហែងដ៏ធំធេងនិងគួរអោយភ្ញាក់ផ្ងើល ។ លោក McCallum បាននិយាយថា បក្សកុម្មុយនិស្តចិនចាប់អារម្មណ៍លើប្រព័ន្ធប្រជាធិបតេយ្យ ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់របស់យើង។
ដោយសារតែបញ្ហានេះហើយបានជាបីឆ្នាំចុងក្រោយនេះ និស្សិតចិនជាង៥០នាក់ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) បានចាកចេញពីចក្រភពអង់គ្លេស។
ឆ្លើយតបទៅនឹងការព្រមានរបស់ប្រធានMl5និង FBI អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសអង់គ្លេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើគេហទំព័រថា៖«អ្វីដែល ពួកគេបានលើកឡើងគឺជាការដេញតាមស្រមោល’’។
ទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ ដោយបានពណ៌នាថាជាគ្មានមូលដ្ឋានទាំងស្រុង។
អ្នកនាំពាក្យខាងលើបានអោយដឹងទៀតថាពួកគេបានផ្សព្វផ្សាយការភូតកុហកគ្រប់បែបយ៉ាងអំពីប្រទេសចិន ដើម្បីបំពុលប្រព័ន្ធនយោបាយរបស់ប្រទេសចិន ធ្វើឱ្យមានមនោសញ្ចេតនាប្រឆាំងនឹងចិន និងការបដិសេធ និងបង្វែរការយកចិត្តទុកដាក់របស់សាធារណជន ដើម្បីបិទបាំងនូវទង្វើដ៏អាក្រក់របស់ពួកគេ៕