រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយផ្ទុយពីសេចក្តីថ្លែងការណ៍មុនៗដោយលើកឡើងថា រុស្ស៊ីកំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។
លោកLavrovបាននិយាយនៅក្នុងទីក្រុងCairoកាលពីថ្ងៃអាទិត្យថាយើងពិតជានឹងជួយប្រជាជនអ៊ុយក្រែនឱ្យរំដោះខ្លួនចេញពីរបបដែលប្រឆាំងប្រជាជន និងប្រឆាំងជាមួយប្រវត្តិសាស្ត្រ ។លោកបានបន្ថែមថាប្រជាជនរុស្ស៊ីនិងអ៊ុយក្រែននឹងរស់នៅជាមួយគ្នានាពេលអនាគត។
ការប្រកាសរបស់គាត់ថាចង់ផ្លាស់ប្តូរការដឹកនាំនយោបាយក្នុងទីក្រុងគៀវ វាផ្ទុយនឹងការថ្លែងរបស់លោក នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ India Today កាលពីខែមេសាថាយើងមិនមានគម្រោងផ្លាស់ប្តូររបបនៅអ៊ុយក្រែនទេ។ Lavrov បានអះអាងនៅពេលនោះថា វាអាស្រ័យលើជនជាតិអ៊ុយក្រែនក្នុងការសម្រេចចិត្តក្រោមការដឹកនាំណាមួយដែលពួកគេចង់រស់នៅ។
លោក Sergei Lavrov ៖គ្មានការចរចាជាមួយអ៊ុយក្រែនទេ
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ខ្លួននឹងមិនចូលរួមក្នុង
កិច្ចចរចាណាមួយឡើយរហូតទាល់តែសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបញ្ឈប់ការជ្រៀតជ្រែករបស់ពួកគេ។
នៅក្នុងទីក្រុងCairo ដែលជាដំណើរទស្សន កិច្ចទៅទ្វីបអាហ្រ្វិកក្នុងប្រទេសអេហ្ស៊ីបលោកបានបញ្ជាក់ថា នឹងមិនមានការចរចាណាមួយឡើយលុះត្រាតែអ៊ុយក្រែនបញ្ជាក់ថានឹងមិនមានការជ្រៀតជ្រែកពីទីក្រុងឡុងដ៍ វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត។
ចេញពីអេហ្ស៊ីបលោកនឹងទៅប្រទេស អេត្យូពី អ៊ូហ្គង់ដា និងសាធារណរដ្ឋកុងហ្គោផងដែរ។
ប្រទេសអាហ្វ្រិកភាគច្រើនមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេខណៈដែលពួកគេព្យាយាមរក្សាតុល្យភាពក្នុងទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី និងប្រទេសលោកខាងលិច។
ប្រធានាធិបតីអ៊ុយក្រែន មិនទុកចិត្តកិច្ចព្រមព្រៀងជាមួយរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបានថ្កោលទោសការវាយប្រហារកាលពីថ្ងៃសៅរ៍ថាជា អំពើព្រៃផ្សៃនិងបង្ហាញថាទីក្រុងម៉ូស្គូមិនអាចជឿទុកចិត្តបានក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានធ្វើឡើងមួយថ្ងៃមុនជាមួយនឹងការសម្របសម្រួលរបស់ទួរគី និងអង្គការសហប្រជាជាតិ។
យោងតាមយោធាអ៊ុយក្រែនមីស៊ីល Kalibr ចំនួនពីរគ្រាប់ដែលបាញ់ចេញពីនាវាចម្បាំងរុស្ស៊ី បានវាយប្រហារតំបន់ស្ថានីយ៍បូមទឹកនៅកំពង់ផែ ហើយពីរគ្រាប់ផ្សេងទៀតត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស។
ផ្ទុយពីការអះអាងខាងលើរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារលើនាវាចម្បាំងអ៊ុយក្រែននិងឃ្លាំងអាវុធនៅOdesaជាមួយនឹងមីស៊ីលដែលមានភាពជាក់លាក់ខ្ពស់៕