នៅក្នុងជំនួបពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល២ម៉ោងនិង ១៧នាទីក្រៅអំពីការលើកឡើងពីកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងគម្រោងអោយមានការជួបពិភាក្សាទល់មុខប្រធានាធិបតីមហាអំណាចទាំងពីរបានចំណាយពេលវេលា ច្រើនជាមួយនឹងវោហាសាស្ត្រព្រមានគ្នាទៅវិញទៅមកជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាកោះតៃវ៉ាន់ ដែលលោកស្រីណាន់ស៊ីផេលូស៊ីប្រធានសភាអាមេរិកមានគម្រោងមកបំពេញទស្សនកិច្ចនៅដើមខែសីហានេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
នេះគឺជាការសន្ទនាតាមទូរស័ព្ទលើកទីប្រាំរបស់លោក បៃឌិននិងស៊ីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងការបរទេសចិនដែលបានដកស្រង់សម្តីប្រធានាធិបតីលោក ស៊ីជីនពីងព្រមានលោកបៃឌិនមានខ្លឹមសារថា៖’’ អ្នកដែលប្រលែងលេងជាមួយភ្លើងអ្នកនឹងរលាក។ យើងសង្ឃឹមថា អាមេរិកនឹងយល់ច្បាស់អំពីរឿងនេះ’’។
ប្រធានាធិបតីចិនបានបន្តថាទីក្រុងវ៉ាស៊ីនតោនគួរតែគោរពតាមគោលការណ៍ចិនតែមួយ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។
ជាការឆ្លើយតបទៅនឹងការព្រមានរបស់ចិនសេតវិមានបាននិយាយថា ប្រធានាធិបតីចូបៃឌិន បានប្រាប់លោក ស៊ីជីនពីងថាគោលនយោបាយរបស់អាមេរិកលើតៃវ៉ាន់មិនផ្លាស់ប្តូរទេហើយថាទីក្រុងវ៉ាស៊ីនតោនប្រឆាំងយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាព
បច្ចុប្បន្នឬធ្វើឱ្យខូចដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានហៅការពិភាក្សាកោះតៃវ៉ាន់ថាដោយផ្ទាល់និងស្មោះត្រង់ប៉ុន្តែបាននិយាយសម្រាលការព្រមានរបស់ចិនដោយលើកឡើងថាវាពាក្យជាស្តង់ដារសម្រាប់មេដឹកនាំចិនក្នុងការព្រមានអំពីហានិភ័យនៃ ការលេងជាមួយភ្លើងរឿងកោះតៃវ៉ាន់។
សេតវិមានបាននិយាយថាការហៅទូរស័ព្ទដែលបានកំណត់ពេលយូរមកហើយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលអាមេរិកក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសចិននិងគ្រប់គ្រងភាពខុសគ្នាដោយការទទួលខុសត្រូវ។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា លោក បៃឌិននិងលោកស៊ីបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងក្នុងនាមជាមេដឹកនាំ ។
ឱកាសសម្រាប់កិច្ចប្រជុំកំពូលអាចកើតឡើងនៅក្នុងខែវិច្ឆិកា នៅពេលដែលកិច្ចប្រជុំកំពូលជាបន្តបន្ទាប់នឹងកើតឡើងនៅអាស៊ី រួមមានក្រុមប្រទេសG-20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ប្រទេសថៃ។
ដោយឡែកដំណើរទស្សនៈកិច្ចរបស់ប្រធានសភានឹងការបង្ហាញការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ធ្វើអោយអ្នកវិភាគមួយចំនួនព្រួយបារម្ភថាទំនាក់ទំនងអាមេរិកជាមួយទីក្រុងប៉េកាំងអាចជំរុញឱ្យមានវិបត្តិដ៏ធំមួយ និងការប៉ះទង្គិចគ្នាដោយអចេតនា។
លោក Scott Kennedyអ្នកវិភាគរបស់ប្រទេសចិននៅ
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទំនាក់ទំនងកម្រិតមេដឹកនាំមានសារៈសំខាន់ក្នុងការទប់ស្កាត់បញ្ហានេះ។លោកបានបន្តថាមានក្តីសង្ឃឹមមួយដែលពួកគេបានធ្វើគ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិចគ្នាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយត្រូវតែមានការទំនាក់ទំនងញឹកញាប់ និងស៊ីជម្រៅបន្ថែមទៀត៕