ភ្នំពេញ៖អតីតតារាកំប្លែងCTN លោកសុខ មេសា ហៅនាយចឺម ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងជើងខ្លាំងម្នាក់ដែលទោះជាមានកម្ពស់មិនសូវបានមែន តែមន្ដស្នេហ៍របស់ម្ចាស់បទ”នរក១៨ជាន់”រូបនេះដឹងតែពីញ៉ែបានៗតែម្ដង។បើគិតត្រឹមឆ្នាំ២០២២ នេះនាយចឺម ធ្វើឲ្យតារាស្រីស្អាតដល់ទៅ៤ដួងមកហើយដែលធ្លាក់ក្នុងរណ្ដៅស្នេហ៍នាយក្នុងនោះមានអតីតសង្សារដល់ទៅ៣នាក់គឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ខណៈដែលបច្ចុប្បន្នតារាសាន់ដេរូបនេះកំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១អ្នកសម្ដែងនាងសេង សុខឃីម ។មានសំណួរច្រើនណាស់ដែលបានលើកឡើងថាតើនាយចឺម មានយុទ្ធសាស្រ្ដនិងក្បួនញ៉ែយ៉ាងម៉េចបានជាធ្វើឲ្យស្រីស្អាតសាច់ដូចបណ្ដូលចេកទាំងនោះសូមចុះចាញ់នាយរហូតប្រគល់ទាំងចិត្តកាយកាយ៉ាឲ្យនាយជាបន្ដបន្ទាប់បែបនេះ?

នាយចឺម មិនដែលទម្លាយពីវិធីសាស្រ្ដញ៉ែស្រីស្អាតបានជាបន្ដបន្ទាប់គ្នានោះទេ ព្រោះនាយអាចខ្លាចគេដឹងពីក្បួនឬខ្លាចគេគ្រប់គ្នាយកទៅអនុវត្តន៍នាំឲ្យនាយលែងសូវមានឥទ្ធិពល។ប៉ុន្ដែក្នុងជំនួបកន្លងមកនាយចឺម បានសួរច្រាសមកអ្នកយកព័តមានថា”បើរកសង្សារមិនបានស្អាត តើយកមកធ្វើអី?”។ក្រោយបែកសង្សារជាតារាស្រីស្អាតដល់ទៅ៣នាក់នោះនាយចឺម ថែមទាំងលេង១ក្បាច់ដើម្បីផ្គាប់ចិត្តសង្សារថ្មីនាងសេង សុខឃីម ទៀតផងនោះគឺលោកមេសា ថ្លែងសារជាសាធារណៈថាសង្សារចាស់នាយពីមុនៗចូលមកក្នុងជីវិតនាយគឺដើម្បីតែផលប្រយោជន៍ មិនដូចនាងសុខឃីម សោះផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យនាយហេតុនេះលោកសូមបញ្ចប់ស្នេហ៍ត្រឹមកំពូលស្នេហ៍ម្នាក់នេះហើយ…។

ថ្វីត្បិតតែនាយចឺម បានលាក់ពីវិធីសាស្រ្ដញ៉ែស្រីស្អាតមិនឲ្យគេដឹងហើយចង់ឲ្យគ្រប់គ្នាឆ្ងល់ក្ដី តែតាមការបង្ហើបពីតារាកំប្លែងនិងអ្នកចម្រៀងស្និតលោកមេសា ពួកគេបានទម្លាយស្រដៀងគ្នាថានាយចឺម ធ្វើឲ្យស្រីស្អាតៗទាំងនោះលើកទង់សសុំចុះចាញ់មន្ដស្នេហ៍នាយព្រោះតែថ្វីមាត់របស់អតីតអ្នកកំប្លែងរូបនេះតែម្ដងព្រោះលោកមេសា ពូកែស៊កសំដីខ្លាំងណាស់ ទើបធ្វើឲ្យនាងនាងជឿស្លុង។ក្រៅពីពូកែវោហារស័ព្ទនោះនាយចឺម មានវិធីមួយទៀតអន្ទងស្រីស្អាតឲ្យចូលអន្ទាក់ស្នេហ៍នោះគឺនឹងឲ្យពួកគេល្បីឈ្មោះតាមរយៈ ការថតសម្ដែងMVបទ ចម្រៀងរបស់នៅសាន់ដេ ដែលធ្វើឲ្យស្រីស្អាតខ្លះមិនចាំបាច់ពិចារណាច្រើនពោលគឺឲ្យតែថតជាមួយនាយចឺម នឹងបានល្បីហេតុនេះហើយអស់អីក៍អស់ទៅ។ប្រសិនបើដំណឹងខាងលើគឺជាការពិតនោះមានន័យថាផលិតកម្មសាន់ដេហាក់បើកដៃឲ្យនឹងផ្ដល់សិទ្ធិឲ្យនាយចឺម ជ្រុលព្រោះអាចនឹងមានតារាខ្លះចង់ថតបានល្បីទើបសុខចិត្តប្ដូរជាមួយនាយចឺម…។

ថ្វីត្បិតតែនាយចឺម ហាក់បានធ្វើឲ្យស្រីស្អាតមួយចំនួនទុកចិត្តថាឲ្យតែបានថតឬប៉ៈស្នេហ៍ជាមួយនាងពួកគេនឹងកាន់តែសាយភាយកេរ្ដិ៍ឈ្មោះក្ដី តែតាមព័តមានថាមានម្ដាយតារាសម្ដែងថ្មោងថ្មីខ្លះពេលដឹងថាកូនស្រីត្រូវថតMVជាមួយនាយចឺម នោះពួកគាត់សុខចិត្តទៅតាមកូនស្រីដល់ទីតាំងថតហើយពេលបានជួបនាយចឺម បាននិយាយជាមួយអតីតអ្នកកំប្លែងរូបនេះសូមកុំឲ្យថើបគ្រញិចវក់វីកូនស្រីគាត់លើសពីតម្រូវការអ្នកដឹកនាំសម្ដែងបញ្ជាទៀតផងក្នុងនោះមានដូចជាម្ដាយរបស់តារាសម្ដែងនីតា វរវង្ស ជាដើម។តែនាយចឺម វិញសម្រាប់ការថតបទរបស់ខ្លួននាយហាក់មានសិទ្ធិលើសអ្នកដឹកនាំទៅទៀតពោលគឺអាចដាក់តារាស្រីណាឲ្យលេងជាមួយនាយតាមចិត្តចង់។តែថ្វីត្បិតនាយចឺម ពូកែទាំងថ្វីមាត់និងដៃដល់យ៉ាងណាក៍ដោយ ប៉ុន្ដែដូចពាក្យគេថា”ដំរីជើងបួនគង់មានភ្លាត់”នោះមិនខុសទេ ព្រោះកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នាយចឺម ត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយឲ្យរបួសក្បាលដេរអស់៥ថ្នេរនៅខេត្តបន្ទាយមានជ័យដោយចោទលោកមេសា ថាលួចទាក់ទងញ៉ែសង្សាររបស់ខ្លួនឈ្មោះស្រីលាភ ។រឿងធំនេះបើប៉ៈតារាផ្សេងប្រាកដជាពិបាកប្រឈមព្រោះខ្មាសមហាជន តែសម្រាប់នាយចឺម ហាក់ចាត់ទុកជារឿងធម្មតាទៅវិញ។

ក្រៅពីនាយចឺម តារាដែលពូកែញ៉ែស្រីស្អាតហើយមិនសូវឲ្យរត់រួចនោះមានដូចជានាយពែកម៉ី,នាយក្រូច និងតារាចម្រៀងលោកអ៊ីណូ រហ័សនាមឈ្នះអស់មាសត្រូវជាដើម៕
