ភ្នំពេញ៖លោកព្រាប សុវត្ថិ បានចេញថតបទថ្មីរបស់ខ្លួន”អូនកុំបែកឆ្វេង”កាលពីថ្ងៃទី១សីហា ពោលគឺបន្ទាប់ពីកំពូលតារាចម្រៀងរូបនេះបានឡើងងារជាឧកញ៉ារយៈពេលជាង៣ខែមកហើយទើបលោកព្រលែង១បទនេះចេញមកដើម្បីកុំឲ្យស្ងាត់ពេក។នេះគឺជាការបង្ហាញថាសកម្មភាសិល្បៈរបស់លោកព្រាប សុវត្ថិ កាន់តែរយាលខ្លាំងមិនធ្លាប់មានពីមុនកឡើយ ហើយបើនៅតែបែបនេះទៀតមានន័យថាក្នុង១ឆ្នាំលោកឧកញ៉ាស្នាយ និងចេញបទថ្មីៗបានត្រឹមតែពី៣ទៅ៤បទប៉ុណ្ណោះ។យ៉ាងណានេះជាសកម្មភាពមួយរបស់ព្រាប សុវត្ថិ បញ្ជាក់ថាលោកមិនបោះបង់អាជីពចម្រៀងនោះទេ ទោះជាពេលនេះក្លាយទៅជាឧកញ៉ាក្ដី តែលោកនៅតែស្រលាញ់អាជីពចាស់ដដែល។

គូរកត់សម្គាល់ថាព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ តារាវ័យ៤៧ឆ្នាំរូបនេះត្រូវមនុស្សជំនិតរបស់លោកទម្លាយចេញមកថាលោកសុវត្ថិ មានទ្រព្យសរុបចំនួន៣០លានដុល្លារក្រោយពីចាប់អាជីពចម្រៀងជាង២០ឆ្នាំ ហើយនៅចុងខែមេសាឆ្នាំ២០២២ លោកសុវត្ថិ ក៍ទទួលបានគោរម្យងារជាឧកញ៉ាតែម្ដង។គ្រាន់តែឡើងជាឧកញ៉ាភ្លាមព្រាប សុវត្ថិ ចាប់ផ្ដើមបុកជំនួញរកស៊ីធំផ្នែកអចលនទ្រព្យនិងកំពុងសាងសង់Resort នៅខេត្តមណ្ឌុលគិរីទៀត ខណៈដែលអ្នកដឹកនាំកម្មវិធីសិល្បៈរបស់CTN លោកស៊ិន សិលា មុននេះបានលើកឡើងថាតារាដែលឡើងងារជាឧកញ៉ាគូតែឈប់ពីសិល្បៈ ឲ្យដាច់ស្រឡះតែម្ដងទៅដើម្បីកុំឲ្យច្របូកច្របល់ច្រៀងផងធ្វើឧកញ៉ាផងអីចឹងពិបាកឡើង អក្សររត់នៅលើកញ្ចក់ទូរទស្សន៍ព្រោះមិនដឹងថាដាក់ថាម៉េចខ្លាចខុសគោរម្យងារ។ប៉ុន្ដែពេលនេះព្រាប សុវត្ថិ មិនភ្លេចអាជីពចម្រៀងនោះទេ ពោលគឺលោកច្រៀងផងធ្វើឧកញ៉ាផង និងរកស៊ីផងតំណាលគ្នាតែម្ដង។

អ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍ពេលនេះលោកឧកញ៉ាព្រាប សុវត្ថិ ហាក់កាន់តែកាចព្រោះទៅណាមកណាមានរថយន្ដ៤ទៅ៥គ្រឿងចេញព្រមគ្នាតែម្ដងក្នុងនោះមានដូចជាRolls Royce, Alphard ,Bmw និងIsuzu ជាដើម ខណៈដែលម៉ូតូអង្គរក្ស១ទៅ២គ្រឿងជិះអមផងដែរ។យ៉ាងណានៅមិនទាន់មានការបញ្ជាក់ថាតើព្រាប សុវត្ថិ នៅឡើងឆាកតន្រ្ដីទៀតឬមួយក៍លោកឈប់ច្រៀងសម្ដែងតាមប៉ុស្ដិ៍ទៀតហើយនោះទេ តែការចេញថតMV បទថ្មីៗនោះបញ្ជាក់ថាបេះដូងលោកឧកញ៉ាស្នាយ នៅតែជាមួយសិល្បៈទោះជាលោកក្លាយទៅជាអ្វីក៍ដោយ៕

