ភ្នំពេញ៖សារ៉ាយ សក្ខណា បានវិលរកអាជីពចាស់វិញតាមរយៈការថតសម្ដែង ភាពយន្ដថ្មីឲ្យ ផលិតកម្មLd Picture រឿង”លង់ស្នេហ៍ពូគ្រឿន” ខណៈដែលនាងក៍ធ្លាប់ថតសម្ដែងភាពយន្ដឲ្យផលិតកម្ម១នេះពីមុនដែរដូចជារឿង”កូនប្រសារឡឺកឺ” និង”ក្រឡអីហ្នឹង?”ជាដើម។តាមព័តមានថាភាពយន្ដរឿង”លង់ស្នេហ៍ពូគ្រឿន”នេះសក្ខណា ជាតួឯកដោយចាប់ដៃសម្ដែងជាមួយនាយគ្រឿន តែម្ដង ហើយមានតារាមួយចំនួនទៀតដូចជាលោកជា សុវណ្ណនរាហ៍ ,ងួន សុបិន និងDj កាកា ជាដើម។

សារ៉ាយ សក្ខណា បានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័តមានយើងតាមឆាតហ្វេសបុកដោយប្រាប់ថានាងបានថតរឿងថ្មីនេះបាន៥ថ្ងៃមកហើយ ខណៈដែលភាពយន្ដនេះនាងត្រូវថតសម្ដែងខ្ទង់៥ថ្ងៃទៀតគឺនឹងទៀតចប់ហើយ។នាងបានឲ្យដឹងដែរថាចំពោះមូលហេតុដែលនាងទទួលថតសម្ដែងរឿងថ្មីនៅពេលនេះគឺដោយសារតែវាជារឿងដុំថតឆាប់ចប់ មិនដូចរឿងភាគទេ ហើយក្រោយពីថតរឿងនេះហើយនាងនឹងទទួលថតរឿងថ្មី១ទៀតនោះគឺរឿង”ក្រឡអីហ្នឹង”វគ្គ៣ របស់Ld ដែរមុនត្រូវឡើងទៅអាមេរិកវិញនៅខែតុលាឆ្នាំ២០២២ ខាងមុខនេះ…។

តាមព័តមានថាក៍មានផលិតកម្មផ្សេងៗទៀតបានហៅសារ៉ាយ សក្ខណា ឲ្យថតរឿងថ្មីដែរតែនាងមិនហ៊ានទទួលសម្ដែងរឿងភាគព្រោះគ្មានពេលវេលាគ្រប់គ្រាន់ តែចំពោះផលិតកម្មLd វិញនាងធ្លាប់សម្ដែងច្រើនរឿងមកហើយហេតុនេះហើយទើបមិនអាចប្រកែកបាន។ក្រៅពីទទួលថតម្ដងដល់ទៅ២រឿងការមកខ្មែរជើងនេះសក្ខណា បានថតស្ពតនិងសម្អាងការឲ្យក្រុមហ៊ុនមួយចំនួនផងដែរទើបធ្វើឲ្យសកម្មភាពសិល្បៈរបស់នាងនៅតែមានជាធម្មតា ស្របពេលដែលសា្វមីនាងលោកកែវ ប៊ុនមេត្រី បានបើកដៃឲ្យនាងថតសម្ដែងសិល្បៈតាមចិត្តចង់។

គូរបញ្ជាក់ថាសារ៉ាយ សក្ខណា បានមកលេងស្រុកលើកចុងក្រោយនេះកាលពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ ដើម្បីចូលរួមមង្គលការប្អូនប្រុសនាងកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងចូលរួមមង្គលការតារាសម្ដែងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ។សក្ខណា ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិកតាមស្វាមីជាង១០ឆ្នាំក្រោយបានបញ្ចប់ភាពនៅលីវកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ០១២ នោះមានអាជីកម្មផ្ទាល់ខ្លួន១នៅខ្មែរដោយបើកហាងគ្លីនិកនៅទួលគោក ទើបនាងនិងស្វាមីតែងតែចុះមកខ្មែរជាញឹកញាប់ដើម្បីមើលការរកស៊ីផងនិងជួបម្ដាយផង។អតីតFreshie ដែលពេលនេះមានកូន២នាក់(ស្រី១)ទៅហើយនោះធ្លាប់បង្ហើបថានាងគ្មានគម្រោងយកកូនថែមនោះទេ ប៉ុន្ដែបើចៃដន្យមានកូនទៀតគឺនាងសូមយកភ្លោះតែម្ដង។

ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខណា,វ៉េត រតនា,អ៊ឹត ស្រីពីន និងវ៉ាង ស្រីណូ ជាដើម។សក្ខណា ធ្លាប់បង្ហើបថានាថ្ងៃអនាគតនាងអាចនឹងវិលត្រឡប់មករស់នៅខ្មែរវិញ តែពេលនេះនាងនៅចេញចូលៗធម្មតាសិន តែអារម្មណ៍នៅតែដិតដាមជាមួយសិល្បៈដដែលបើទោះជាទៅនៅស្រុកគេអស់ជាង១ទសវត្សន៍ក្ដី៕