ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ទោះជាពេលនេះនាងច្រៀងដោយគ្មានកុងត្រាជាមួយសាន់ដេមែន ប៉ុន្ដែនាងគ្មានគម្រោងប្ដូរទ្រនុំឆាប់ៗនោះទេ បើទោះជាមានផលិតកម្មដល់ទៅ៣ចង់បាននាងគឺហង្សមាស,ថោន និងGalaxy ក្ដីតែអ្នកចម្រៀងសាច់សខ្ចីរូបនេះជ្រើសផ្លូវសុខចិត្តនៅផ្ទះចាស់ធ្វើជាតួរងបន្ទាប់ពីសុខ ពិសី ជាបន្ដទៀត។អ៊ីវ៉ា ផ្ទាល់លែងនិយាយពីការចង់បានរបស់ផលិតកម្មណាទៀតហើយ ព្រោះនាងគិតថាមិនច្បាស់លាស់ ខណៈដែលឪពុកនាងលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា វិញថានាពេលអនាគតមើលមិនឃើញ តែពេលនេះកូនស្រីលោកនៅតែមានក្ដីសុខជាមួយសាន់ដេនៅឡើយព្រមទាំងបានចាត់ទុកផលិតកម្មមួយនេះជាឪពុកម្ដាយទី២របស់នាងទៀតផង។ដោយឡែកសម្រាប់ថៅកែផលិតកម្មសាន់ដេលោកឡាយ សុខចំរើន វិញលោករក្សារភាពស្ងៀមស្ងាត់ជុំវិញផលិតកម្មមួយចំនួនដែលបានចាប់អារម្មណ៍លើអ៊ីវ៉ា ខណៈដែលហង្សមាសវិញបានទាញតារាពីផលិតកម្មលោកដល់ទៅ៤ដួងទៅហើយក្នុងនោះមានឱក សុគន្ធកញ្ញា ,សុខ ស្រីនាង,នីកូ និងលោកខែម ប៊ុនថៃ។

ប៉ុន្ដែមុនធ្វើឲ្យស្រីនាថ រក្សារជំហបន្ដច្រៀងសម្ដែងនៅសាន់ដេតទៅទៀតនោះម្ចាស់ផលិតកម្មធំនេះបានផ្ដល់ ល័ក្ខខណ្ឌពិសេសដល់នាង ជាងតារាផ្សេងៗទៀតរបស់ទ្រនុំនេះក្នុងនោះមានដូចជាអ៊ីវ៉ា អាចច្រៀងសម្ដែងតែបទណាដែលនាងស្រលាញ់ពេញចិត្ត ហើយបទដែលនាងមិនចូលចិត្តគឺមានសិទ្ធិបដិសេធបាន។ចំណុចនេះ ហើយដែលអ៊ីវ៉ា និងឪពុកពេញចិត្តខ្លាំងហើយក្រាញមិនទៅផលិតកម្មផ្សេង ព្រោះនាងធ្វើការដោយគ្មានគំនាប ពីផលិតកម្ម ស្របពេលដែលរាល់ការច្រៀងសម្ដែងរបស់នាងនៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយសាន់ដេ មិន ដែលកាត់លុយភាគរយពីនាងឡើយ។

សូមបញ្ជាក់ថាស្រីស្អាតអ៊ីវ៉ា ដែលជ្រកនៅសាន់ដេជាង១០ឆ្នាំមកនេះឥឡូវនាងមិនត្រឹមតែត្រូវថៅកែសាន់ដេបើកដៃឲ្យច្រៀងតាមចិត្តចង់ពេញទំហ៊ឹងនោះទេ ប៉ុន្ដែគំនាបស្នេហាវិញតារាកូនកាត់ចិនក៍គ្មានសម្ពាធដែរបន្ទាប់ពីនាងបានផ្ដាច់ស្នេហ៍ថៅកែក្លឹប និងហាងបញ្ចាំមួយនៅសៀមរាបកាលពីឆ្នាំ២០១៣ ហើយរយៈពេលជាង៩ឆ្នាំមកនេះស្រីស្រស់មិនព្រមផ្សះផ្សារស្នេហ៍ទើបរាល់ការច្រៀងសម្ដែងរបស់នាងទោះជានាងស្និតជាមួយតារាប្រុសរូបណាឬចង់លេងក្បាច់រាំយ៉ាងណាក៍ថៅកែគ្មានសិទ្ធិប្រឆាំងដូចមុនដែរ។អ្វីដែលធ្វើឲ្យប្អូនមន្រ្ដីធំផ្កាយ៣ស្រឡាំងកាំងថែមទៀតនោះគឺអ៊ីវ៉ា បានប្រកាសមុននេះថាអនាគតស្វាមីរបស់នាងជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ មិនមែនជាអ្នកផ្សេងឡើយ។ម្ចាស់បទ”ទឹកអប់មានពិស”រូបនេះថែមទាំងតាំងចិត្តយ៉ាងមុតមាំថានាងចង់រៀបការនៅឆ្នាំ២០២៣ ចំពេលនាងគម្រប់អាយុ៣០ឆ្នាំនេះតែម្ដង ហេតុនេះហើយគេចាំមើលថាកំពូលស្នេហ៍របស់ស្រីនាថ គឺជាអ្នកណា?

