ភ្នំពេញ៖ឌុច លីដា មានស្វាមីជាង៣ឆ្នាំទៅហើយតែរហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងថាប្ដីនាងមានឋានៈឬតួនាទីជាអ្វីនោះទេព្រោះនាងព្យាយាមលាក់បាំងដោយធ្លាប់បង្ហើបប្រាប់ខ្លីថាជាមន្រ្ដីរាជការ ខណៈដែលមិតភក្ដិរួមអាជីពជាមួយលីដា ខ្លះបានហៅនាងថាជា”ជំទាវតូចៗ”ទៀតផង។ការសម្អាងបែបនេះដោយសារតែលីដា មានទ្រព្យច្រើនក្រោយនាងភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ជាងខ្លួនដូចជាពេលនេះនាងរស់នៅផ្ទះវីឡារយ៉ាងប្រណិត ព្រមទាំងជិះរថយន្ដទំនើបៗទើបត្រូវបានគេសន្និដ្ឋានថាប្ដីលីដា ជាអ្នកផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ហើយនាងចង់ជិះឡានម៉ាកអីក៍បានដែរ។

ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលកាលពីពាក់កណ្ដាលខែមីនាឆ្នាំ២០២២ តារាកូន១បែជាថានាងមានក្ដីសុខត្រឹម៣០% ពោលគឺខ្វះដល់ទៅ៧០%ឯណ្ណោះ។លីដា ព្យាយាមមិនពន្យល់ពីហេតុផលនោះឲ្យច្បាស់លាស់នោះទេ ដោយម្ដងថាជាការនិយាយលេង និងពេលខ្លះថានោះគ្រាន់តែជាអារម្មណ៍។ប៉ុន្ដែក្រោយលីដា ហ៊ានបង្ហាញមុខស្វាមីដោយបើកចំហនោះធ្វើឲ្យនាងអាចការពារខ្លួនឲ្យគេចេញផុតពីរឿងរ៉ាវដែលធ្វើឲ្យនាងឈឺក្បាលដល់ទៅ៣យ៉ាងក្នុងនោះគឺទី១៖លុបបំបាត់អ្នកសង្ស័យថាស្វាមីនាងមិនមែនកំលោះ,ទី២៖ធ្វើឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian)ដែលតាមឆាឆៅនាងលែងហ៊ានញ៉ែនាងទៀត និងទី៣៖ជម្រះការសង្ស័យរឿងថានាងនឹងយកប្ដីស្រីមិនមែនប្រុស។

យ៉ាងណាក្រោយឌុច លីដា មានស្វាមីនិងបានរៀបការបែបលាក់លៀមកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ នោះពេលនេះអាជីពសិល្បៈរបស់នាងកាន់តែរយាលខ្លាំងឡើងៗ ស្របពេលដែលផលិតករមួយចំនួនបានប្រាប់អ្នកយកព័តមានយើងថាពេលនេះតំណែងជាតួឯករបស់លីដា លែងមានសុវត្ថិភាពហើយព្រោះអ្នកដឹកនាំរឿងខ្លះចង់ឲ្យនាងលេងជាតួម្ដាយដូចតារាខ្លះដែលមានប្ដីនិងកូនដែរ។តែគេជឿរថាលីដា នឹងរារែកចិត្តក្នុងការធ្វើជាតួម្ដាយជាមិនខានព្រោះថាពេលនេះសម្រស់នាងក៍មិនទាន់ធ្លាក់ចុះ ហើយមិនឡើងគីឡូដែរ គឺនៅតែស្វែលដដែល។ប៉ុន្ដែទាក់ទងការលេងរឿងដែលមានឈុតស្នេហាស្រើបស្រាលដូចកាលនៅលីវនោះគេជឿថាលីដា ច្បាស់ជាមិនទទួលថតទៀតឡើយ បើទោះជានាងថាប្ដីមិនដែលហួងហែងអាជីពនាងក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះគេរងចាំមើលថានៅឆ្នាំ២០២៥ ដែលពេលនោះកូនប្រុសនាងនឹងមានអាយុ៥ឆ្នាំនោះតើលីដា នឹងហ៊ានដឹកដៃប្ដីរៀបការជាចំហដូចការសន្យារបស់នាងដែរឬទេ?

