ភ្នំពេញ៖នាយចឺម ដែលប្រកាសថាការភ្ជាប់ស្នេហ៍សង្សារថ្មីនាងសេង សុខឃីម នោះអាចជានារីចុងក្រោយក្នុងជីវិតនាយព្រោះអ្នកមេម៉ាយសាច់ដូចបណ្ដូលចេករូបនេះ ធ្វើឲ្យនាយមានក្ដីសុខក្នុងជីវិតពិតៗមិនមែនដូចសង្សារចាស់ៗរបស់នាយពីមុនចូលមកក្នុងជីវិតនាយដើម្បីតែផលប្រយោជន៍នោះទេ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះកាលពីថ្ងៃទី១២សីហា អ្នកមេម៉ាយសេង សុខឃីម បានបញ្ចេញសារចម្លែកៗដែលទំនងមើលទៅនាងហាក់ចង់បង្ហាញថាចំណងស្នេហាជាមួយនាយចឺម គឺកំពុងតែដើរដល់ផ្លូវទ័លច្រកនិងឈានទៅប្រេះឆាស្នេហ៍ទៅហើយ។អ្នកនាងសុខឃីម ចេញសារថា”ម៉ាក់ប្រាប់ថាបើបែកគ្នាទៅហើយ ទោះបីគេធ្លាប់ធ្វើមិនល្អដាក់យើង ឬគេមានថ្មីក៍ស្រេចតែគេចុះ យ៉ាងហោចណាស់ពេលនៅស្រលាញ់គ្នា យើងក៍ធ្លាប់មានក្ដីសុខជាមួយគ្នាដែរមែនអត់? កុំខឹង កុំចងកម្មពាជាមួយគ្នាអី កុំផ្លែផ្កា កុំធ្វើអ្វីមិនល្អដាក់គេ អ្វីដែលចប់ហើយ ឲ្យវាចប់ទៅចុះ។ គ្មានអ្នកណាខុស គ្មានអ្នកណាត្រូវទេ មានតែរឿងមាននិស្ស័យ និងអស់និស្ស័យ។ បើស្រលាញ់អ្នកណាហើយគូរតែធ្វើល្អជាមួយគេឲ្យបានច្រើន បើយើងធ្វើល្អហើយ ទោះជាគេធ្វើដាក់យើងវិញឬអត់ នោះជារឿងរបស់គេ។បើដាក់ចិត្តស្រលាញ់អ្នកណាលើកក្រោយ ត្រូវបន្ដធ្វើល្អជាមួយគេដដែល ហើយត្រូវប្រយ័ត្នកុំឲ្យកំហុសចាស់កើតឡើងម្ដងទៀត។មនុស្សល្អ គេគ្មានថ្ងៃភ្លេចឡើយ នៅថ្ងៃណាមួយគេនឹងសោកស្ដាយ នឹងនឹកឃើញអំពើរល្អរបស់យើង ។ទោះចង់យំយ៉ាងណាក៍តត្រូវញញឹម រឹងមាំ ដើម្បីកូននិងម៉ាក់ ដែលតាមចិត្តកូនរហូតមក…”។
តាមរយៈសារខាងលើរបស់អ្នកនាងសេង សុខឃីម នេះបញ្ជាក់ថាចំណងស្នេហានាយចឺម និងរូបនាងគឺបានចែកផ្លូវគ្នាយ៉ាងពិតប្រាកដ។អ្នកមេម៉ាយកូន១រូបនេះបានបញ្ចេញសារជាច្រើនទៀតពាក់ព័ន្ធរឿងខូចចិត្តដោយសារតែស្នេហា បើទោះជានាងមិនដៅឲ្យចំឈ្មោះលោកមេសា ក្ដីតែនាងហាក់តូចចិត្តខ្លាំងណាស់ព្រោះថាបានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីមនុស្សដែលនាងស្រលាញ់ តែទីបំផុតបុរសនោះនៅតែមិនយល់ចិត្តនាងដដែល។
អ្នកយកព័តមានយើងមិនអាចសុំការបំភ្លឺពីអ្នកនាងសេង សុខឃីម បន្ថែមពីលើសារដែលនាងសរសេរនោះទេព្រោះគ្មានលេខទូរស័ព្ទ។ដោយឡែកលោកសុខ មេសា ហៅនាយចឺម វិញបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី១៣សីហា ថាលោកចាំតែយល់ស្របតាមនាងសុខឃីម ដែលចង់បានប៉ុណ្ណោះពោលគឺដើរផ្លូវតាមក្រោយ។លោកមេសា បន្ថែមថារឿងដែលអ្នកនាងសុខឃីម ចេញសារប្លែកៗនៅលើហ្វេសបុកនោះគឺមកពីនាងចូលចិត្ត”Drama”ហើយនាយក៍មិនដឹងជាធ្វើម៉េចដែរ តែបើថាពេលនេះបែកគ្នា១០០%ហើយក៍មិនអាចនិយាយឲ្យច្បាស់បែបនេះដែរ ព្រោះអ្វីៗនាយនឹងធ្វើតាមចិត្តរបស់សង្សារ។នាយចឺម បានលើកឡើងដែរថាវាពិបាកណាស់នៅពេលដែលគូសង្សារបែកបាក់គ្នា ភាគច្រើនគេបន្ទោសមកតែពីខាងប្រុសថាមានថ្មីតែសម្រាប់រូបនាយវិញតាំងពីចាប់ដៃជាមួយសុខឃីម មកគឺស្មោះតែម្នាក់ហ្នឹងគត់។លោកមេសា សង្កត់ថា”និយាយដោយត្រង់ទៅបងតាំងពីខ្ញុំស្រលាញ់គាត់(សុខឃីម) ខ្ញុំស្មោះតែគាត់ម្នាក់ឲ្យគត់។អាចឺម នេះបើស្រលាញ់សគឺ១ដឹង១អត់ចេះលួចមានថ្មីទេ!”។
ថ្វីត្បិតតែនាយចឺម ថ្លែងថាបេះដូងនាយភក្ដីតែអូនសេង សុខឃីម ម្នាក់គ្មានចេះលាក់ស្រីក្រោយខ្នងក្ដី តែនាយនិយាយលេងបន្លំមែនថាបើបែកគ្នាមែន គឺមានតែនាយត្រូវតែរកសង្សារថ្មីម្នាក់ទៀតហើយ។នាយចឺម មិនប្រាប់ពីមូលហេតុដែលកំពុងប្រឈមការបេះឆាស្នេហ៍ជាមួយនាងសេង សុខឃីម នោះទេតែនាយបង្ហើបថារូបនាយចូលចិត្តទៅលេងស្រុកកំណើតនៅខេត្តកំពង់ស្ពឺជាញឹកញាប់ ព្រោះនៅភ្នំពេញស្ងាត់មកស្រុកជួបជុំបងប្អូនសប្បាយៗ តែសង្សារវិញមិនចង់ឲ្យនាយមកស្រុកច្រើនដងពេកនោះទេ។
គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម ដែលញ៉ែបានៗនោះធ្លាប់របូតស្រីស្អាតជាសង្សាររបស់ខ្លួនអស់៣នាក់ទៅហើយធ្លាក់ទៅកណ្ដាប់ដៃប្រុសផ្សេងៗអស់ក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច និងនាងហ្វា ហ្វា ហៅស្រីយី ។ចំពោះការភ្ជាប់ស្នេហ៍ជាមួយសង្សារទី៤នាងសេង សុខឃីម ទើបជាង១ឆ្នាំនេះវិញនាយ បានរកស៊ី និងទិញរថយន្ដចូលគ្នាដូចប្ដីប្រពន្ធ តែដឹងអីពេលនេះបែជាការបែកបាក់កាន់តែស្ថិតក្នុងសភាពផុយស្រួយព្រោះលោកមេសា ថាគ្មានគម្រោងទៅលួងលោមនាងសុខឃីម ដែលកំពុងតែស្រពោនចិន្ដា ឡើយ បើទោះជាកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ នាយចឺម បានធ្វើខួបកំណើតឲ្យកូនដើមសង្សារហើយនាយបានដើរតួនាទីដូចជាឪពុកបង្កើតកូនសង្សារក្ដី៕