ភ្នំពេញ៖លី ច័ន្ទសីហា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកទិត្យ ចន្ថា នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ដែលពិធីពិសេសរបស់សីហា ធ្វើផ្គួបជាមួយខួបកំណើតគម្រប់អាយុ២៩ឆ្នាំរបស់នាងនៅហាងវីហ្រ្វេនបឹងត្របែកដោយមានអ្នកសិល្បករជិតដិតចូលរួមអបអរសាទរផងដែរ។នេះគឺជាការបញ្ចប់ជីវិតជាស្រី្ដម៉េម៉ាយរយៈពេលជាង៤ឆ្នាំរបស់ច័ន្ទសីហា ខណៈដែលអនាគតស្វាមីរបស់នាងអាយុបងនាង១០ឆ្នាំក៍ជាពោះម៉ាយផងដែរ។



លី ច័ន្ទសីហា វាចាថាដោយសារតែកុំឲ្យពិបាកធ្វើកម្មវិធីច្រើនដងទើបនាងសម្រេចចិត្តភ្ជាប់ពាក្យរួមជាមួយខួបកំណើតតែម្ដង តែការកំណត់ថ្ងៃរៀបការជាក់លាក់នៅពេលណានោះមិនទាន់អាចប្រាប់មុនបានទេ។សីហា ថាមូលហេតុដែលនាងជ្រើសយកលោកចន្ថា ធ្វើជាគូស្នេហ៍ថ្មីព្រោះនាងនិងលោកបានស្គាល់គ្នាជិត២០ឆ្នាំមកហើយពោលគឺតាំងពីនាងនៅរៀនម្លេះហើយនាងសង្កេតឃើញថាគូដណ្ដឹងនាងជាមនុស្សមានទំនួលខុសត្រូវ ស្រលាញ់ក្រុមគ្រួសារនាងដូចគ្រួសារលោកដែរ ពិសេសគឺគាត់ទុកកូនស្រីរបស់នាងដូចកូនស្រីគាត់តែម្ដងដែលចំណុចទាំងនេះហើយធ្វើឲ្យនាងមានភាពកក់ក្ដៅខ្លាំងណាស់។ដោយឡែកលោកទិត្យ ចន្ថា វិញបានអះអាងថាលោកជាអ្នកជំនួញម្នាក់ហើយភ្ជាប់ពាក្យជាមួយសីហា ផ្ដើមពីការអាណិតនិងស្រលាញ់ព្រមគ្នា ។លោកថាដូចអ្វីដែលអនាគតភរិយាលោកលើកឡើងអីចឹងគឺរូបលោកស្រលាញ់កូនស្រីសីហា ដោយចាត់ទុកដូចកូនលោក។លោកបន្ថែមថាក្រោយក្លាយទៅជាគូដណ្ដឹងគ្នានេះលោកមិនចង់ឲ្យសីហា នៅបន្ដអាជីពសិល្បៈពេញទំហ៊ឹងដូចមុនទេពោលគឺអាចថតស្ពតពាណិជ្ជកម្មតិចតួចបាន តែបើសម្ដែងប្រើពេលយូថ្ងៃមិនអាចឡើយ។នៅថ្ងៃភ្ជាប់ពាក្យបូកជាមួយខួបកំណើតរបស់សីហា នេះលោកក៍មានកាដូពិសេសផងដែរជូននាងនោះគឺជញ្ជៀនបេះដូងដែលលោកត្រូវប្រគល់ជូនមនុស្សជាទីស្រលាញ់តែម្នាក់គត់នាពេលនេះគឺសីហា។



តាមរយៈការគ្រងឈុតកូនក្រមុំជាថ្មីនេះលី ច័ន្ទសីហា មានទឹកមុខស្រស់ថ្លាហើយនាងរំពឹងយ៉ាងមុតមាំថាចំណងស្នេហាថ្មីដែលផ្ដើមចេញពីមិត្តភក្ដិនេះ នឹងរក្សារបានភាពយូអង្វែងជាមិនខាន ព្រោះនាងនិងលោកចន្ថា មានការចុះសម្រុងគ្នាល្អអំឡុងពេលស្វែងយល់ចិត្តគ្នា២ឆ្នាំទើបឈានមកភ្ជាប់ពាក្យជាផ្លូវការនាពេលនេះ។ដោយឡែកលោកលី សុខជន់ ជាឪពុកសីហា វិញលោកបង្ហាញក្ដីរំភើបជំនួសកូនស្រីសំណព្វចិត្តលោកដែលនាងរកឃើញគូអនាគតថ្មី ខណៈអំឡុងពេលដែលសីហា ប្រើជីវិតជាស្រី្ដមេម៉ាយកន្លងមកនេះលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តកូនស្រីឲ្យមានភាពរឹងមាំទើបនាងអាចក្រោកឈបានរហូតមកដល់ពេលនេះ។



សូមរំលឹកថាលី ច័ន្ទសីហា ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយមន្រ្ដីយោធាម្នាក់ កាលពីដើមខែឧសភាឆ្នាំ២០១៧ ហើយនាងសម្រាលកូនស្រីថ្ងៃទី៩ខែមករាឆ្នាំ២០១៨ ដែលពេលនេះកូនស្រីនាងមានវ័យជាង៤ឆ្នាំហើយ ខណៈដែលសីហា និងអតីតប្ដីបានចែកផ្លូវគ្នាតាំងពីមុននាងសម្រាលកូនម្លេះ ។លោកទិត្យ ចន្ថា សង្កត់ថាពេលនេះការស្រលាញ់ចេញពីបេះដូងពិតៗពោលគឺសីហា ស្ម័គ្រចិត្តទទួលយករូបលោក ចំណែកលោកស្រលាញ់និងពេញចិត្តនាងដោយស្មោះត្រង់ព្រមទាំងមានការយល់ស្របពីក្រុមគ្រួសារទាំងសងខាងផងដែរទើបថ្ងៃនេះអ្នកទាំងពីរនាក់បានចាប់ដៃគ្នាសាងជីវិតថ្មីនេះឡើង។តាមប្រភពថាសីហា និងលោកចន្ថា អាចនឹងរៀបការនៅដើមឆ្នាំ២០២៣ ខាងមុខតែសាមីខ្លួនទាំងពីរថារឿងកំណត់ពេលវេលារៀបការថ្ងៃខែឆ្នាំណានោះមិនអាន់អាចនិយាយនៅពេលនេះបានទេ៕

