ជំងឺអ៊ុតស្វាយ បង្កឡើងដោយមេរោគ Varicella Zoster Virus អាចកើតឡើងគ្រប់វ័យគ្រប់អាយុ កើតតែម្តង ក្នុងមួយ ជីវិត តែមេរោគវាសំងំក្នុងខ្លួនយើង (Dorsal Ganglion) មួយជីវិត ពេលដែលប្រព័ន្ធការពាររាង្គកាយយើងចុះខ្សោយ វានឹងចេញជាជំងឺទៀត តែមិនមែនជាអ៊ុតស្វាយទៀតទេ គឺជាជំងឺ «រើម»។
វាបង្កជំងឺលើមនុស្សប្រមាណ ជិត ២០០លាននាក់ ក្នុងមួយឆ្នាំ និងធ្វើឲ្យមនុស្សស្លាប់ ជិត ៩០០០នាក់ ក្នុងមួយឆ្នាំៗ (តែធ្លាក់ចុះវិញ នៅពេលដែលមានការប្រើប្រាស់វ៉ាក់សាំងទូលំទូលាយ)។
ការចម្លង ៖
ជំងឺអុតស្វាយ ឆ្លងតាមទឹកមាត់ តាមការក្អក កណ្តាស់ និងការប៉ះផ្ទាល់នឹងទឹករងៃអ្នកជំងឺ
វាឆ្លងបន្ទាប់ពីអ្នកជំងឺចេញពងបែក ១ទៅ២ថ្ងៃ
បន្ទាប់ពីឆ្លងប្រហែល ១០ ទៅ ២១ថ្ងៃ នឹងចេញរោគសញ្ញា។
រោគសញ្ញា ៖
– ក្តៅខ្លួន ៣៨-៤០អង្សាសេ
– អាចមានចង្អោរ, ក្អួត, ឈឺសាច់ដុំ, រមាស់ ឈឺក្បាល…
– ចេញពងបែក (ខ្លះតិច ខ្លះច្រើន)។
ការព្យាបាល ៖
– ថ្នាំបញ្ចុះកម្តៅ (ហាមប្រើពួកអាស្ពីរីន/Aspirin)
– ថ្នាំបំបាត់រមាស់
– ថ្នាំប្រឆាំងវីរុស (តាមការសម្រេចចិត្តរបស់គ្រូពេទ្យ)
– ថ្នាំប្រឆាំងបាក់តេរី (ករណីមានមេរោគឱកាសនិយមឆ្លង)
ផលប៉ះពាល់ដែលអាចកើតមាន ៖
រលាកខួរក្បាល រលាកស្រោមខួរ រលាកសួត រលាកថ្លើម រលាកស្រោមបេះដូង…។
ការការពារ ៖
– អនាម័យ
– នៅឲ្យឆ្ងាយពីអ្នកជំងឺ
– ហាមប៉ះទឹកមាត់ និងទឹករងៃពីខ្លួនអ្នកជំងឺ
– ពាក់ម៉ាសក៍ នៅពេលនៅជិតអ្នកជំងឺ
– ចាក់វ៉ាក់សាំង (ចាក់ ២ដង)។
អំពីវ៉ាក់សាំង (អាចចាក់ទាំងក្មេង និងមនុស្សធំ បើមិនធ្លាប់កើត) ៖
– ក្មេងអាចចាប់ផ្តើមចាក់ពីអាយុ ១ខួបឡើងទៅ នៅពេលអាយុ ៤ទៅ៦ឆ្នាំ ចាក់ម្តងទៀត
– មនុស្សធំ ចាក់២ដង ចន្លោះគ្នា មួយខែ
– វ៉ាក់សាំងការពារបាន 70% ទៅ 90%
– ចាក់វ៉ាក់សាំងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ និងបន្តយការចេញរើម។
ចំណាំ ៖ ហាមត្រាំទឹក ដោយលាយស្លឹកឈើ ស្លឹកអម្ពិល ឬអ្វីផ្តេសផ្តាស គ្រាន់តែងូតទឹកស្អាតដុសសាប៊ូធម្មតា។ អត់មានតមអាហារទេ ហូបអ្វីក៏បាន ឲ្យតែមានជីវជាតិ ព្រោះវាជួយបង្កើតប្រព័ន្ធការពារឲ្យរឹងមាំឆាប់ជាជំងឺផងដែរ៕
(ប្រភព វេជ្ជ. ហ៊ាង រតនា)