Sunday, April 28, 2024
Homeព័ត៌មានជាតិអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារពទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅដើមខែធ្នូ ឆ្នាំ២០២៣

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ប្រារពទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅដើមខែធ្នូ ឆ្នាំ២០២៣

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នឹងរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២៣ នៅសួន អ៊ឺរ៉ូ ផាក បុរី ប៉េងហួត បឹងស្នោរ រាជធានី​ភ្នំពេញ ដើម្បីរំលឹកទៅកាន់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ និងផ្តល់កិត្តិយសដល់អ្នក​ដែល​បានបាត់បង់ជីវិតដោយសារជំងឺអេដស៍ អ្នកគាំទ្រ អ្នកដែលបន្តការប្រយុទ្ធ និងប្រជាជនដែលបានរួបរួមគ្នា​ទូទាំងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។

នៅក្នុងឱកាសបុណ្យអុំទូកនេះដែរ អង្គការAHF ក៏បានចូលរួមជាមួយអាជ្ញាធរជាតិប្រ​យុទ្ធនឹងជំងឺអេដស៍ចែក​ស្រោមអនាម័យប្រមាណ ៦ ម៉ឺនស្រោម និងមានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃ រួមទាំងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។

 គូរកត់សម្គាល់ថា ខណៈពេលដែលពិភពលោកមានការរីកចម្រើនគូរឲ្យមោទ​ភាពក្នុងរយៈ​ពេលប៉ុន្មានទស​វត្សន៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកល កំពុងប្រឈមមុខនឹងការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ រួមទាំងការផ្តល់មូលនិធិមិនគ្រប់គ្រាន់ អត្រាខ្ពស់គ្រោះថ្នាក់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ៦៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ ហើយការឆ្លើយតបមិនត្រូវបាន​ផ្តល់អាទិ​ភាពខ្ពស់គ្រប់គ្រាន់នោះទេ ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែធ្នូ បានផ្តល់ឱកាសឱ្យ​អ្នក​តស៊ូ​មតិមេរោគអេដស៍/ជំងឺអេដស៍ នូវឱកាសមួយដើម្បីនាំយកការយល់ដឹង និងមានការឆ្លើយតបជាសកល ក្នុងការ​ប្រយុទ្ធ ទៅនឹងការមាក់ងាយ និងការរើសអើង ដែលអ្នករស់នៅជាមួយមេរោគអេដស៍មានឧបសគ្គ រារាំងក្នុងការ​ស្វែង​រកសេវាធ្វើតេស្តឈាម និងព្យា​បាល។ ជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបានមានធនធាន និងឆន្ទៈនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ដែលជាអង្គការជំងឺអេដស៍ពិភព​លោក​ដ៏ធំបំផុត បច្ចុប្បន្នកំពុងផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬ សេវាកម្មដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥​ប្រទេស​ជុំវិញពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕

RELATED ARTICLES