ស្ត្រីគ្រប់រូប ក្រោយសម្រាលបុត្ររួច តែងតែត្រូវបានណាត់ជួបក្រោយសម្រាល នៅរយៈពេល១ខែកន្លះ។
គ្រូពេទ្យកំណត់យកពេលវេលានេះ សម្រាប់ធ្វើការណាត់ជួប ដោយសារនេះគឺជារយៈពេល ដែលរាងកាយ និងស្បូនស្ត្រី ត្រឡប់មកសភាពដើមវិញ (Involution utérine)។
គោលបំណងនៃការពិនិត្យក្រោយសម្រាល ៖
១-ពិនិត្យមើលស្នាមរបួសដែលមានក្រោយពីសម្រាល ថាតើវាបានជាសះស្បើយល្អហើយឬនៅ?
២-ពិនិត្យមើលសុដន់ ថាតើមានបញ្ហាអ្វីឬអត់ នៅពេលដែលស្ត្រីបំបៅដោះកូន? (ឧទាហរណ៍ ៖ មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ ។ល។)។
៣-ពិនិត្យមើលមាត់ស្បូន និងស្បូន ថាតើវាត្រឡប់មកសភាពល្អដូចដើមវិញឬនៅ?
៤-ជាពិសេសនោះ ក៏ជាពេលវេលាមួយសម្រាប់ពិភាក្សាអំពីការពន្យារកំណើតផងដែរ ព្រោះនេះជារយៈពេលដែលប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយតែងយល់ច្រឡំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើឲ្យស្ត្រីមានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុកជាមុន។
៥-ពិនិត្យមើលអំពីសុខភាពរបស់ស្ត្រីផ្ទាល់ ថាតើបានសម្រាកគ្រប់គ្រាន់ឬទេ? និងបានញ៉ាំចំណីអាហារ ដែលល្អគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងកូន ហើយឬនៅ (ដោយបំបៅដោះ)។
ដូច្នេះ ស្ត្រីគ្រប់រូប ក្រោយពីសម្រាលកូន រយៈពេល៦សប្តាហ៍ គួរតែមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិតជំនាញ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសុខុមាលភាពស្ត្រីជាមាតា ក្រោយសម្រាលកូន។
(ប្រភព មន្ទីរពេទ្យកាល់ម៉ែត)