យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចេញ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃ សុក្រ ទី១៤ ខែតុលាឆ្នាំ២០២២ធ្លាក់ចូលទទៅក្នុងឆេ្នសមុទ្រជប៉ុនដែលជាការបាញ់បង្ហោះចុងក្រោយបង្អស់ដោយ ប្រទេសអាវុធនុយក្លេអ៊ែរចំពេលមានភាពតានតឹងកើនឡើង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថាមីស៊ីលត្រូវបានបាញ់នៅម៉ោងប្រហែល ១ និង ៤៧ នាទីព្រឹក ដោយហោះបានចម្ងាយប្រហែល ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ ហើយបានធ្លាក់នៅខាង ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនដែលមានចម្ងាយប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
យោងតាមការបញ្ជាក់របស់បុគ្គលិកយោធា បានអោយដឹងថា កូរ៉េខាងត្បូងក៏បានវាយលុកដោយយន្តហោះចម្បាំង ផងដែរ នៅពេលដែលយន្តហោះយោធាកូរ៉េខាងជើងប្រហែល ១០ គ្រឿងបានហោះទៅជិតព្រំដែនដែលមានកំពែងរឹងមាំរបស់ពួកគេ ហើយកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១៧០ចូលទៅក្នុងតំបន់ការពារសមុទ្រពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថាឧបទ្ទវហេតុយន្តហោះនេះបានកើតឡើងប្រហែល ពីរម៉ោងចាប់ពីម៉ោង១០និង៣០ នាទីយប់ថ្ងៃព្រហស្បតិ៍នៅពេលដែលយន្តហោះចម្បាំងកូរ៉េខាងជើងប្រហែល១០គ្រឿងបានហោះមកជិតចម្ងាយ១២ គីឡូម៉ែត្រភាគខាងជើងនៃព្រំដែនសមុទ្រ និង ២៥ គីឡូម៉ែត្រភាគខាងជើងនៃខ្សែបន្ទាត់ព្រំដែនគ្មានយោធា។
កងកម្លាំងអាកាសកូរ៉េខាងត្បូងបានធ្វើការចាត់ចែងសង្គ្រោះបន្ទាន់ជាមួយកងកម្លាំងអាកាសរបស់ខ្លួន រួមទាំងយន្តហោះ F-35Aនិងសមយុទ្ធឆ្លើយតបផងដែរ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង(NSC) បានថ្កោលទោសកូរ៉េខាងជើងចំពោះការបង្កើនភាពតានតឹង ដោយហៅទង្វើរបស់ទីក្រុងព្យុងយ៉ាងថាជាការរំលោភលើកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ២០១៨ដែលហាមឃាត់ អំពើអរិភាពនៅក្នុងតំបន់ព្រំដែន។
ទីក្រុងសេអ៊ូលបានដាក់ទណ្ឌកម្មឯកតោភាគីលើកដំបូងរបស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាងក្នុងរយៈពេលជិត ៥ឆ្នាំដោយដាក់ក្នុងបញ្ជីខ្មៅបុគ្គលកូរ៉េខាងជើងចំនួន ១៥ នាក់ និងស្ថាប័នចំនួន១៦ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍មីស៊ីល។
ប្រធានាធិបតីកូរ៉េខាងត្បូងយុនស៊ុកយុល(Yoon Suk-yeol)បានប្រាប់អ្នកសារព័ត៌មានថាទីក្រុងព្យុងយ៉ាងបាននឹងកំពុង អនុវត្តការញុះញង់ដោយមិនរើសអើង និងប្តេជ្ញាបង្កើត វិធានការទប់ទល់។