ភ្នំពេញ៖សុខ ស្រីនាង មានការប្រែប្រួលកាន់តែខ្លាំងនារយៈពេលចុងក្រោយនេះព្រោះនាងមិនសម្រុកប្រឹងតែធ្វើការងារសិល្បៈទាំងចម្រៀងនិងថតភាពយន្ដដូចមុនឡើយ ប៉ុន្ដែនាងប្ដូរថ្មីនោះគឺច្រៀងផងដើរលេងផងដើម្បីឲ្យជីវិតមានន័យគឺដូចគ្នាទៅនិងនាងរ៉េត ស៊ូហ្សាណា ដែរ។ថ្មីៗនេះដែរគេឃើញស្រីនាង បានទៅដើរលេងនៅប្រទេសសាំងហ្គាពួរ បន្ទាប់ពីនាងបានទៅកម្សាន្ដនៅប្រទេសបារាំងកាលពីចុងខែសីហា យ៉ាងរីករាយនោះ។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីនាង លេងស្ទីលដដែលៗនោះគឺមិនហ៊ានបង្ហាញអ្នកពិសេសរួមដំណើរជាមួយឡើយ ខណៈដែលតារាល្បីៗផ្សេងៗទៀត ពួកគេច្រើនតែនាំគូស្នេហ៍ទៅកៀកកើយគ្នានៅបរទេសជាជាងក្នុងស្រុក។

សូមបញ្ជាក់ថាសុខ ស្រីនាង បានទុកជីវិតជាអ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួនរយៈពេលជិត១២ឆ្នាំមកហើយ ក្រោយនាងបានលែងលះគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ។ជាង១ទសវត្សន៍មកនេះស្រីនាង បានជ្រើសផ្លូវជាតារាដែលលាក់គូស្នេហ៍ថ្មីបានជិតល្អ ពោលគឺនាងមិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាចំងហម្ដងណាឡើយ។យ៉ាងណាគេជឿរថាមេម៉ាយរូបស្អាតដូចស្រីនាង ប្រាកដជាមិនទុកបេះដូងឲ្យនៅទំនេរនោះទេគ្រាន់តែនាងមិនចង់កៀកកើយម្ចាស់ចិត្តជាសាធារណៈប៉ុណ្ណោះ។

គូរកត់សម្គាល់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាសនាងត្រូវបានថៅកែលើកស្ទួយជាបន្ដបន្ទាប់ដូចជាឲ្យធ្វើជាតួឯករឿងភាគ”រាជនីយភូមិគ្រិះ” និងភាពយន្ដខ្នាតធំមិនទាន់ដាក់បញ្ចាំងរឿង”ខ្ញុំមានញាណលើស”។កាន់តែធ្វើឲ្យអ្នកមេម៉ាយរូបនេះរឹតតែសប្បាយចិត្តថែមទៀតនោះស្រីនាង ទទួលបានតំណែងធំជាគណៈកម្មាការCambodian Idol Junior រដូវកាលទី១ ទៀតផង ប៉ុន្ដែនៅមិនទាន់ដឹងថានៅរដូវកាលទី២ស្រីនាង នៅតែបង្ហាញមុខដដែល ឬត្រូវថៅកែឲ្យតំណែងថែមទៀតនោះទេ ព្រោះរយៈពេលចុងក្រោយនេះគេឃើញហង្សមាសមានការផ្លាស់ប្ដូរJudge និងCoach ច្រើន។

មហាជនរងចាំមើលថាក្នុងចំណោមអ្នកមេម៉ាយទាំង៣ដួងជ្រកនៅទ្រនុំតែមួយគឺសុខ ស្រីនាង ,ពេជ្រ សោភា និងពេជ្រ សូលីកា តើម្នាក់ណាទៅនឹងរៀបការប្ដីមុនគេ?
