ភ្នំពេញ៖សង្រ្គាមបទចម្រៀងរវាងតារារ៉េប២ដួងគឺលោកវណ្ណដា និងងួន ចាន់ដេវីត កាន់តែឡើងកម្ដៅខ្លាំងឡើងៗព្រោះក្រោយពីវណ្ណដា បញ្ចេញបទ” J+02”ដែលអត្ថន័យទាំងមូលត្រូវបានអ្នកស្ដាប់យល់ថាជាការវាយទៅលើដេវីត ចំៗរហូតស្ពឹកមុខថែមទៀតផងនោះ រំលងបានតែ២ថ្ងៃប៉ុណ្ណោះដេវីត បានវាយបកទៅវណ្ណដា វិញដូចការសង្ស័យមែននោះគឺបទ”ចុមអាអូនអត់ដេក”ទើបធ្វើឲ្យក្រុមFan ទាំងសងខាងកាន់តែឌឺដងគ្នាខ្លាំងជាងសាមីខ្លួនជាម្ចាស់បទខាងលើទៅទៀត។ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់នោះក្រោយតារារ៉េបល្បីឈ្មោះទាំង២ តទល់គ្នាក្ដៅៗបែបនេះធ្វើឲ្យតារាចម្រៀងល្បីៗផ្សេងៗទៀតបានផ្អឹបចេញបទថ្មីៗធម្មតាសិន ហើយពួកគេបែជាងាកមកធ្វើបទរ៉េប នាពេលនេះដែរទៅវិញ។

កាលពីថ្ងៃទី២ វិច្ឆិកា កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលយូៗទើបចេញចម្រៀងម្ដងតាំងពីលោកក្លាយទៅជាឧកញ៉ាជាង៥ខែ នោះស្រាប់តែព្រលែងបទរ៉េប ថ្មីមានចំណងជើងថា”The Legend “នាពេលនេះដែរទៅវិញទើបធ្វើឲ្យFan លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតពួកគេចាត់ទុកថាអតីតតារាចម្រៀងហង្សមាសដែលជ្រកនៅGalaxy ជាង២ឆ្នាំរូបនេះប្រៀបដូច”ខ្ញីចាស់ កាន់តែហឺ”តែម្ដង។តែនេះមិនមែនជាលើកទីមួយនោះទេ ព្រោះកន្លងមកលោកព្រាប សុវត្ថិ ក៍ធ្លាប់ច្រៀងរ៉េបបទ”ចិត្តព្រៃផ្សៃ”និងបទ”Gang Gang “ជាដើម។

អ្វីដែលកាន់តែនឹកស្មានមិនដល់ទៀតនោះនៅថ្ងៃដដែលនេះដែរតារាចម្រៀងសាន់ដេលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ(Eno)ឬគេហៅម្យាងទៀតថាតារាឈ្នះអស់មាសត្រូវ ខណៈមិត្តធ្លាប់រួមថ្នាក់ខ្លះហៅថាតារាក្បាលធំនោះក៍បានចេញបទរ៉េបនៅអំឡុងនេះដែរនោះគឺបទ”Eno Is Back”។មានការលើកឡើងខុសៗគ្នាពីរឿងតារាចម្រៀងសម្រុកគ្នាចេញបទរ៉េប នេះខ្លះថាដើម្បីទប់ទប់វណ្ណដា និងដេវីត កុំឲ្យបោះពួយទៅមុខខ្លាំងពេក និងមួយចំនួនទៀតថានៅពេលដែលទីផ្សារកំពុងតែផ្ទុះបទរ៉េប អីចឹងតារាចម្រៀងក៍ត្រូវតែឆ្លៀតឆក់ឱកាសនេះដើម្បីឲ្យFan ពួកគេបានអួតIdol ខ្លួនថាអាចច្រៀងបានដូចគេដែរ ខណៈFan តារាខាងលើគាំទ្រតារារបស់គេរៀងៗខ្លួន។

តាមព័តមានថាមានតារាល្បីៗមួយចំនួនទៀតកំពុងធ្វើបទរ៉េប ហើយនឹងត្រៀមចេញក្នុងពេលឆាប់ៗនេះដែរហេតុនេះហើយការគាំទ្រ នឹងបែកខ្ញែកខ្លាំងជាមិនខាន ។ប្រភពបានឲ្យដឹងថាក្រុមតារាចម្រៀងរ៉េប ខ្មែរមួយជីវិតដែលធ្លាប់តែចេញបទវាយប្រហារទៅលើងួន ចាន់ដេវីត នាពេលកន្លងមកនោះក៍ត្រៀមចេញបទថ្មីៗរបស់ខ្លួនក្នុងពេលឆាប់ៗនេះឡើងវិញក្រោយស្ងប់ស្ងាត់អស់មួយរយៈពេលមក ប៉ុន្ដែនៅមិនទាន់ដឹងថាបទពួកគេនឹងវាយប្រហាទៅលើដេវីត ទៀតឬយ៉ាងណានោះឡើយ ខណៈដែលបទរបស់លោកព្រាប សុវត្ថិ “The Legend “ត្រូវបានអ្នកស្ដាប់ថាមិនសំដៅឌឺដងឲ្យតារាណានោះទេ។

តើទីផ្សារចម្រៀងនៅចុងឆ្នាំ២០២២ នេះពិតជាចង្វាក់រ៉េប ពេញនិយមជាងចង្វាក់ផ្សេងៗទៀត ហើយបទប្រភេទនេះជៀសមិនផុតពីការច្រៀងវាយប្រហាគ្នាឬ?

លោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីថ្ងៃទី៣ វិច្ឆិកា ថាលោកក៍បានដឹងរឿងវណ្ណដា និងដេវីត ច្រៀងតទល់គ្នាហ្នឹងដែរព្រោះពេលលោកទៅច្រៀងនៅហាងទ្រខ្មែរ បានឭគេនិយាយរឿងហ្នឹងដែរ។អតីតតារាហង្សមាសរូបនេះអះអាងថាសម្រាប់លោកយល់ថាបទចម្រៀងគេធ្វើទៅតាមពេលវេលា តាមបរិបទសង្គមគេចូលចិត្តម៉េច ប៉ុន្ដែរឿងដាក់ទៅដាក់មកនេះហាក់ដូចជាមើលទៅតារាចម្រៀងប្រជែងគ្នាខ្លាំងណាស់គឺមិនដូចសម័យលោកច្រៀងល្បីឈ្មោះខ្លាំងនោះមិនមានការប្រកួតប្រជែងគ្នាដល់ម្លឹងទេ។ លោកបន្ថែមទៀតថារឿងកាច់កុងគ្នានេះក៍មិនជាទូទៅដែរគឺនៅលើបុគ្គល។ប៉ុន្ដែនៅពេលសួរថាតើរវាងវណ្ណដា និងដេវីត លោកយល់ថាម្នាក់ណាធ្វើបានល្អជាង ?ខ្លាំងជាង? នោះលោកនូ ស៊ឹប ថាតារាទាំងពីរប្រហាក់ប្រហែលគ្នាទេគឺល្អម្យាងៗម្នាក់ប៉ុណ្ណោះ៕