ភ្នំពេញ៖ស្របពេលដែលពេជ្រ សោភា និងឆឹម សក្កដា ត្រៀមដឹកដៃគ្នាចូលរោងការឲ្យផ្អើលមេឃ ដែលធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងព្រោះតែអ្នកខ្លះនៅតែថាមិនអាចទៅរួចនោះ ងាកទៅរឿងស្នេហារបស់ស្រីស្អាតសុខ ពិសី និងលោកឡាយ សុខចំរើន ដែលជាថៅកែសាន់ដេវិញ មិនត្រឹមតែស្ងាត់រឿងរៀបការនោះទេ ប៉ុន្ដែការពិសោធន៍ស្នេហ៍ជិត១០ឆ្នាំមកនេះពិសី និងថៅកែ នៅតែមិនហ៊ានបណ្ដើរគ្នាជាចំហដដែលទើបធ្វើឲ្យចំណងស្នេហ៍បាត់បង់ទាំងស្រុងនូវភាពផ្អែមល្ហែម។អ្វីដែលគូរឲ្យកត់សម្គាល់អំឡុងពេលពិសី នៅតែមិនអើពើរឿងអាពាហ៍ ពិពាហ៍នោះពេលនេះនាងបែជាងាកទៅពង្រឹងការរកស៊ីពង្រីកហាងតែគុថថែមទៀត ទើបធ្វើឲ្យមានការលើកឡើងថានោះគឺជាការរៀបជើងព្រួលឲ្យរឹងមាំផ្នែកជំនួញជាមុនទើបពិសី គិតគូរឿងដល់ពេលត្រូវធ្វើកូនក្រមុំវិញម្ដង។ប្រភពបានឲ្យដឹងថាក្រោយជោគជ័យហាងទី១នៅផ្លូវ៣១០ នោះពិសី ត្រៀមបើកសម្ពោធហាងទី២ នៅជិតផ្សារស្ទឹងមានជ័យថ្មី ហើយត្រូវបានគេសង្ស័យថាពិសី និងថៅកែសាន់ដេដាក់ទុនចូលគ្នាទៀតផង។

ការព្រីកអាជីវកម្មថ្មីនេះធ្វើឲ្យគេម៉ៃថាពិសី និងថៅកែអាចបោះទុនរួមគ្នានោះធ្វើឲ្យអ្នកទាំងពីរកាន់តែមានទំនុកចិត្តលើគ្នារឹតតែខ្លាំង ហេតុនេះហើយទោះជាអ្នកទាំងពីរមិនដែលសារភាពស្នេហ៍ក៍គេអាចមើលឃើញថាទំនាក់ទំនងរបស់ពួកគេពិតជាមិនធម្មតា ពោលគឺដូចក្រុមគ្រួសារតែមួយទៅហើយ បើទោះជាពិសី នៅតែមិនទាន់ក្លាហានហ៊ានដឹកដៃម្ចាស់ស្នេហ៍ចូលរោងការដូចសុគន្ធ និសា ,សួស វីសា និងឱក សុគន្ធកញ្ញា ជាដើមក្ដី។

ស្រីស្អាតសុខ ពិសី ធ្លាប់វាចាថាពេលនាងឃើញតារារៀមច្បង ឬមិត្តរួមអាជីពរៀបការនោះនាងមានក្ដីរំភើបជំនួសពួកគាត់ដែលមានមានគូរ ។ប៉ុន្ដែសម្រាប់រូបនាងផ្ទាល់នៅតែមិនអាចកំណត់ពេលវេលាថាតើនឹងរៀបការដូចគេនៅថ្ងៃខែឆ្នាំណាឡើយ…។

សូមបញ្ជាក់ថាក្រៅពីអាជីពចម្រៀងសុខ ពិសី ក៍ត្រូវប៉ាន់ស្ពតធំៗជាច្រើនផងដែរក្នុង១ឆ្នាំៗទើបធ្វើឲ្យប្រាក់ចំណូលពីសិល្បៈរបស់នាងនៅតែរក្សារបាមលំនឹង ខណៈដែលនាងផ្ទាល់ក៍មិនពឹងលើសិល្បៈតែ១ច្រកឡើយ ព្រោះនាងច្រើនតែធ្វើខ្លួនសាមញ្ញចេញLive លក់ផលិតផលជាច្រើនឆ្នាំមកហើយ។ទាំងអ្នកនៅក្នុងនិងក្រៅសិល្បៈបានមើលឃើញថាពិសី ជាស្រីស្អាតលេចធ្លោម្នាក់ ហេតុនេះនាងប្រាកដជាមានមន្រ្ដីធំៗខ្លះនិងកូនអ្នកមានទ្រព្យមិនតិចនាក់នោះទេ ដែលព្យាយាមស្ទួចបេះដូងនាង ហើយបើពិសី មិនចង់រកស៊ីហត់ឬច្រៀងរាំនាំបែកញើសនោះគ្រាន់តែនាងទទួលសំណើរស្នេហ៍ពីបុរសអ្នកមានណាម្នាក់ក្នុងចំណោមប្រុសខាងលើនោះជីវិតនាងរស់នៅសោយសុខលើគំនរទ្រព្យដោយងាយជាមិនខាន។

ប៉ុន្ដែពិសី បានជ្រើសផ្លូវដូចឱក សុគន្ធកញ្ញា តាមរយៈការចង់រស់នៅដោយសេរីភាពពេញលេញដោយខ្លួនឯង គ្មានអ្នកហួងហែង ទើបនាងមិនចាប់អារម្មណ៍តំណែងជំទាវបែបលាក់មុខ តែចង់ធ្វើជាព្រះនាងរបស់បុរសពិសេសក្នុងបេះដូងនាងដែលម្នាក់នោះយល់ច្បាស់ពីអាជីពច្រៀងរបស់នាងតែម្ដង។ដោយឡែកការជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនាពេលនេះត្រូវបានគេសន្និដ្ឋានថាគ្មានរឿងណាផ្សេងក្រៅពីពិសី បារម្ភខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងនាងនោះទេ បើទោះជានាងបានប្រឆាំងនូវការយល់ឃើញបែបនេះក្ដី ។

តែអ្នកគាំទ្រពិសី នៅតែមានជំនឿរថាស្រីស្អាតសាច់ដូចបណ្ដូលចេករូបនេះមិនអាចលាក់បាំងចំណងស្នេហ៍បានយូឆ្នាំទៀតឡើយ ព្រោះក្រោយពីនាងរស់នៅអត់ម្ដាយរយៈពេល១៤ឆ្នាំកន្លងមកនេះនាងចង់ធ្វើឲ្យឪពុកនាងលោកសុខ ហេង សប្បាយចិត្តដោយបំពេញបំណងអ្នកមានគុណតាមរយៈលោកដែលចង់ឃើញនាងរៀបការដូចតារាល្បីៗទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះចំណងស្នេហាពិសី និងលោកចំរើន គ្មានឧបស័ក្កឡើយព្រោះតាមព័តមានថាក្រុមគ្រួសារទាំងសងខាងបានគាំទ្រដូចគ្នា ហេតុនេះហើយនៅសល់តែវេលាថាតើសាមីខ្លួនទាំងពីរចង់រៀបការនៅពេលណាប៉ុណ្ណោះ៕