ភ្នំពេញ៖ហ៊ិន លីដា បានក្លាយទៅជាតារាចម្រៀងចំណូលថ្មីរបស់Galaxy បន្ទាប់ពីផលិតកម្មថ្មីចាយលុយធំនេះបានប្រកាសរូបនាងជាផ្លូវការនៅថ្ងៃទី២៣ វិច្ឆិកា ធ្វើឲ្យFan របស់លីដា សាទរនាងគ្រប់គ្នា។នេះគឺជាការនាំចូលតារាស្រីមួយដួងទៀតរបស់Galaxy នៅរយៈពេលជាង២ឆ្នាំចុងក្រោយនេះដែលលីដា មានសម្ថភាពមិនចាញ់នាងតន់ ច័ន្ទសីម៉ា ជាតួឯករបស់ផលិតកម្មនេះឡើយ ហេតុនេះហើយការប្រកួតប្រជែងច្បាស់ជាកាន់តែក្ដៅគគុកជាមិនខាន ព្រោះសីម៉ា ជិះសេះលែងដៃ២ឆ្នាំទៅហើយ បន្ទាប់ពីមានព័តមានថាផលិតកម្មជើងថ្មីនេះបានដៅតារាល្បី៣ដួងជាមុខសញ្ញានៃការទិញចូលតែមិបានសម្រេចនោះគឺមាស សុខសោភា ,ពេជ្រ សោភា និងអ៊ីវ៉ា ។យ៉ាងណាគេចាំមើលថាតើលីដា នឹងត្រូវបានថៅកែផ្ដល់ឱកាសឲ្យនាងបានច្រៀងជាដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម ដែរឬយ៉ាងណា ខណៈដែលនាងក៍ជាមិត្តភក្ដិជិតដិតរបស់សីម៉ា ហើយពួកគេថែមទាំងជាអតីតតារាចម្រៀងប្រចាំនៅហាងវីហ្វេ្រនដូចគ្នាទៀតផង។

ហ៊ិន លីដា ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី២ ដែលឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រតែនាងមិនអាចយកឈ្នះនាងឈិន ម៉ានិច្ច បានឡើយទើបធ្វើឲ្យខកខានចេញមុខនៅហង្សមាសហើយច្រៀងនៅផលិតកម្មថ្មីៗដែលបទចម្រៀងរបស់នាងចេញតែនៅលើយូធូបនិងផេកប៉ុណ្ណោះ។តារាចម្រៀងរូបនេះមានសំបុរខ្មៅស្រអែមស្រស់និងឡើងគីឡូបន្ដិចតែកាលពីចុងខែកក្កដាឆ្នាំ២០២១ លីដា ធ្លាប់ប្រាប់ថានាងបានបញ្ចុះទម្ងន់បានដល់ទៅ១០គីឡូឯណ្ណោះ ពោលគឺពី៦៥ មក៥៥ គ.ក្រ ។ដោយឡែកសំបុររបស់នាងពេលនេះក៍មានការប្រែប្រួលដែរគឺសភ្លឺថ្លានិងរលោងជាងមុន។លីដា ក៍ធ្លាប់បង្ហើបថានាងមានម្ចាស់ចិត្តទៅហើយតែមិនទាន់គិតគូដល់រឿងរៀបការឡើយ។

មហាជនបានលើកឡើងថាប្រសិនបើហ៊ិន លីដា លេចធ្លោដូចនាងតន់ ច័ន្ទសីម៉ា នោះច្បាស់ជាទស្សនិកជនដាក់បន្ទុកទៅលើហង្សមាសថែមទៀតជាមិនខានថាមើលរំលងតារាមានសម្ថភាពហើយGalaxy ចេះច្នៃពីដុំថ្មីទៅជាដុំពេជ្រ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាតារាល្អយ៉ាងណាក៍ដោយបើផលិតកម្មគេមិនលើកពិបាកនឹងល្បីល្បាញណាស់។គេចាំមើលថាលីដា ប្រជែងតំណែងតួឯកនៅGalaxy ឬមួយនាងព្រមធ្វើជាតួរងរបស់នាងច័ន្ទសីម៉ា ?

