ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានអះអាងថានាងមានការតក់ស្លុតយ៉ាងខ្លាំងដែលប្អូនប្រុសរបស់នាងលោកខាត់ ចំរើន បានទទួលមរណភាពត្រឹមអាយុ៤០ឆ្នាំកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពេលនេះធ្វើឲ្យកូនរបស់ចំរើន ទាំង៣ត្រូវជាក្មួយនាងត្រូវរស់នៅកំព្រាឪពុក ហើយប្រពន្ធគេក្លាយទៅជាស្ត្រីមេម៉ាយ។ប៉ុន្ដែនាងថាក្នុងនាមជាបងនាងនឹងតបស្នងទៅប្អូនប្រុសនាងវិញតាមរយៈការបណ្ដុះក្មួយ២នាក់របស់នាងដែលជាកូនរបស់ខាត់ ចំរើន នោះគឺកូនទី២និងទី៣ ឲ្យចេះលេងកំប្លែង ឬធ្វើការងារសិល្បៈបន្ដពីឪពុករបស់គេ ខណៈដែលកូនទី១របស់ចំរើន គេចង់ធ្វើប៉ូលីសនាងមិនបង្ខំឲ្យលេងសិល្បៈនោះទេ។



នាងថាបន្ទាប់ពីរូបនាងវិលពីអាមេរិកមកបាននាំចំរើន លេងភ្លេងការបានប្រហែល១០រោងហើយនាងបើលុយឲ្យអស់ហើយ តែពេលប្អូនឈឺម្ដងទៀតក៍ធ្ងន់រហូតបាត់បង់ជីវិតបែបនេះ។តារាពហុជំនាញរូបនេះថានាងដឹងថាចំរើន នៅជំពាក់លុយធនាគារខ្លះ ហេតុនេះហើយក្រោយបាត់បង់ជីវិតបែនេះមានតែមានតែរូបនាងនឹងធ្វើការនេះជួយសងខ្លះនិងឲ្យធនាគារបន្ថយចំនួនត្រូវសងប្រចាំខែខ្លះដើម្បីឲ្យដោះបំណុលទាំងអស់នោះឲ្យរួច។ទន្ទឹមនិងស្រណោះអាលោះអាល័យដល់ប្អូនត្រូវស្លាប់ចោលនោះអ្នកនាងសុឃីម បានឲ្យដឹងដែរថាអ្នកខ្លះមានជំងឺដូចប្អូនប្រុសនាងនោះត្រូវលក់ខ្ទេចខ្ទីអស់ហើយដើម្បីយកលុយព្យាបាលជំងឺ តែចំរើន ទៅដោយបន្សល់ផ្ទះនិងរថយន្ដឲ្យប្រពន្ធ ហេតុនេះហើយធ្វើឲ្យនាងកាន់តែស្រណោះដល់ប្អូនទី២របស់នាងគ្មានថ្ងៃបំភ្លេចបានឡើយ។


ចំពោះបំណងរបស់អ្នកនាងខាត់ សុឃីម ដែលចង់បង្រៀនជំនាញសិល្បៈដល់កូនទាំង២នាក់របស់ខាត់ ចំរើន ដើម្បីស្នងពីឪពុកនោះក៍ត្រូវបានលោកគួច ខេវិន អ្នកផលិតកម្មវិធីជាន់ខ្ពស់របស់ទូរទស្សន៍ ដែលលោកបានទៅចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃរបស់ខាត់ ចំរើន កាលពីថ្ងៃទី២៦ វិច្ឆិកា នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះលោកបានគាំទ្រនិងជម្រុញឲ្យអ្នកនាងសុឃីម ដែលប្រៀបបានជាមេគ្រួសារក្នុងត្រកូល”ខាត់”នោះបណ្ដុះបណ្ដាលក្មួយៗរបស់នាងដើម្បីបន្ដវេនពីឪពុករបស់គេ។លោកខេវិន ក៍បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ខាត់ ចំរើន ដែលជាអ្នកសិល្បៈដែលមានទេពកោសល្យដ៍ល្អម្នាក់របស់គ្រួសារអ្នកសិល្បៈមួយនេះហើយលោកក៍បានដុតធូបបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកចំរើន បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។


សូមបញ្ជាក់ថាលោកខាត់ ចំរើន ដែលជាប្អូនអ្នកនាងខាត់ សុឃីម បានទទួលមរណភាពនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៥ព្រឹក ដោយជំងឺក្រិនថ្លើម ,បេះដូងរីក,ឈឺសន្លាក់ ,ឡើងជាតិអាស៊ីដ ឈាមសស៊ីឈាមក្រហម តម្រូវឲ្យបញ្ចូលឈាមជាប្រចាំ តែមុនពេលផុតដង្ហើមពេទ្យថាបញ្ចូលឈាមទៅសេរីរាង្គលែងទទួលផល។នៅថ្ងៃបុណ្យ៧ថ្ងៃលោកខាត់ ចំរើន គេឃើញមានសិល្បករល្បីៗ,តារាកំប្លែងជាច្រើនបានទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព៕





