ភ្នំពេញ៖នៅឆ្នាំ២០២៣ ខាងមុខនេះមានតារាមេម៉ាយ២ដួងជ្រកក្រោមដំបូលផលិតកម្មតែ១ត្រៀមរៀបការប្ដីក្មេងដូចគ្នានោះគឺពេជ្រ សោភា និងប៉ាច គីមមួយ ។ប៉ុន្ដែសម្រាប់អ្នកមេម៉ាយ៥ដួងផ្សេងទៀតបែជាគ្មានដំណឹងរៀបការប្ដីថ្មីទៅវិញ។
១៖កែវ និសាៈអ្នកនាងវង្ស សុផាវណ្ណ ហៅកែវ និសា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកគាំ វារី អាណិកជនខ្មែរមកពីអាមេរិកតាំងពីឆ្នាំ២០០៩ ពោលគឺនាងទុកជីវិតជាស្រ្ដីមេម៉ាយអស់រយៈពេលជាង១៣ឆ្នាំមកហើយដែលនៅតែគ្មានដំណឹងរៀបការប្ដីថ្មី។ប៉ុន្ដែនិសា មានជម្រើសស្នេហ៍ច្រើនព្រោះទោះជានាងមានអាយុជាង៤០ឆ្នាំទៅហើយក្ដី តែសម្រស់នាងនៅតែផូផង់ ខណៈមានព័តមានថាមានលោកឧកញ៉ាដល់ទៅ២នាក់តាមប្រជែងស្នេហ៍ក្នុងពេលតែមួយ។គេជឿរថានិសា មិនមែនទុកបេះដូងឲ្យនៅទំនេរនោះទេ គ្រាន់តែពេលនេះនាងសាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះ ខណៈដែលនាងមានជីវភាពកាន់តែធូធាជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នាគឺAlphard និងLand CruiserV8 ។

២៖សុខ ស្រីនាងៈអតីតតារាសាន់ដេរូបនេះបានចែកផ្លូវគ្នាជាមួយលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ដោយគ្មានកូន១គ្រាប់ជាប់ខ្លួនឡើយ។ស្រីនាង នៅតែរក្សាររូបសម្រស់បានក្មេងជាងវ័យទើបធ្វើឲ្យប្រុសទាំងក្នុងនិងក្រៅស្រុកចង់ព្យាបាលរបួសបេះដូងនាង តែតារាហង្សមាសរូបនេះបានព្យាយាមលាក់បាំងស្នេហ៍ថ្មីជិតឈឹងជាង១០ឆ្នាំមកហើយ ពោលគឺមិនធ្លាប់បណ្ដើរសង្សារថ្មីជាសាធារណៈម្ដងណាទេ ទោះជាគេមិនជឿរថានាងនៅទំនេរក្ដី។

៣៖សុខ សោម៉ាវត្តីៈពិធីការិនីបាយ័នរូបនេះបានលែងប្ដីលោកទូច ដាណារ៉ា កាលពីឆ្នាំ២០១៤ និងបានផ្ដាច់ស្នេហ៍សង្សារក្មេងកីឡាករបាល់ទាត់លោកលី វ៉ាហេទ កាលពីឆ្នាំ២០២១ ក្រោយផ្អែមល្ហែមអស់ជិត៥ឆ្នាំ។សោម៉ាវត្តី កំពុងពិសោធន៍ស្នេហ៍ថ្មីជាថៅកែហាងថតរូបដ៍ធំមួយ តែនៅមិនទាន់មានដំណឹងនាងដឹកដៃបុរសចំណាស់រូបនោះចូលរោងការឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះនាងថាមិនចង់រៀបការជាលើកទី២នោះទេ គឺចង់សាងស្នេហ៍ដោយមិនបើកចំហវិញម្ដង។

៤៖ណូ ម័រ៖តារាសម្ដែងនិងពិធីការិនីនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានធ្លាក់ខ្លួនមេម៉ាយជាង៣ឆ្នាំមកហើយ ក្រោយនាងចែកផ្លូវគ្នាជាមួយអតីតប្ដីលោកVJ សុភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។អ្នកនាងសុមេត្ដា ក៍មិនដែលកៀកកើយស្នេហ៍ថ្មីជាចំហដែរ ហើយក្នុងជំនួបកន្លងមកតារាដែលគេសង្ស័យថាបានកែទម្រង់មុខ និងចាក់ចង្ការូបនេះថានាងមិនទាន់ចង់រៀបការប្ដីថ្មីឆាប់ៗឡើយ។ណូម័រ មិនធ្លាប់បង្ហាញពីការឈឺចាប់ក្រោយរៀបការរយៈពេលខ្លីធ្វើឲ្យនាងក្លាយទៅជាស្រ្ដីមេម៉ាយនោះទេ តែនាងមិនចង់រំលឹករឿងស្នេហ៍ចាស់នេះឡើងវិញឡើយ។

៥៖ពេជ្រ សូលីកាៈអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកគឹម ហាន កាលពីខែកក្កដាឆ្នាំ២០២២ ហើយពេលនេះនាងក្លាយទៅជាមេម៉ាយដែលមានជម្រើសស្នេហ៍ច្រើនព្រោះប្រុសទាំងក្នុងនិងក្រៅស្រុកប្រជែងគ្នាចូលខ្លួនមកធ្វើជាម្ចាស់ចិត្តថ្មីនាង។តែសូលីកា ដែលជាមេម៉ាយកាលីពព្រោះជិះឡានថ្លៃៗ និងរស់នៅផ្ទះវីឡារ និងខុនដូនោះមិនទាន់បង្ហាញសញ្ញាស្នេហ៍ថ្មីច្បាស់លាស់ឡើយ ទើបដំណឹងនាងរៀបការប្ដីកាន់តែស្ងាត់ ក្រោយបរាជ័យគម្រោងក្រាបផ្ទឹមជាមួយលោកហាន កាលពីឆ្នាំ២០២១៕
