ភ្នំពេញ៖អតីតសង្សារនាយចឺម ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី បានលេង១ក្បាច់តាមរយៈការលោតឆ័ត្រលេងរឿង”ល្ងង់+ល្ងង់”ដែលជាភាពយន្ដក្ដៅសាច់ស្នេហារោលរាលខ្លាំងរហូតអ្នកទស្សនាប៊ះសក់ច្រូងតែម្ដង។យ៉ាងណាភាពយន្ដដែលហ្វា ហ្វា ហ៊ានលះបង់ស្ទើតែគ្រប់បែបយ៉ាងមួយនេះផលិតកម្មSastra Film បានបញ្ជាក់រួចជាស្រេចថាសម្រាប់តែអ្នកមានអាយុចាបពី១៨ឆ្នាំឡើងប៉ុណ្ណោះ អ្នកអាយុក្រោមនេះហាមទស្សនា។សម្រាប់នាងហ្វា ហ្វា វិញនាងទទួលបានការរិះគន់និងសរសើរព្រមគ្នាតែម្ដង ប៉ុន្ដែអ្នកគាំទ្រនោះគឺជាFan ដែលលើកទឹកចិត្តនាងថាពូកែសម្ដែងដាក់អារម្មណ៍ដល់ ហ៊ានលះបង់…។តែសម្រាប់មតិទូទៅបានហួសចិត្តចំពោះនាងហ៊ានលេងរឿងបែបនេះ ព្រោះភាពយន្ដនោះស្រើបស្រាលជ្រុលខ្លាំងពេកហើយ។យ៉ាងណាហ្វា ហ្វា បានប្រកាន់ជំហថាក្នុងនាមជាតារាសម្ដែងម្នាក់នាងទទួលទាំងការរិះគន់ និងគាំទ្រ ឲ្យតែមតិទាំងនោះក្នុងន័យស្ថាបនានាងស្វាគមន៍ជានិច្ច។

អ្នកស្រីឌី សាវ៉េត តារាភាពយន្ដជើងចាស់បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ធ្នូ ថាទោះនោះគ្រាន់តែជាឈុតសម្ដែងក្នុងរឿងមួយក៍ដោយ តែយើងជាខ្មែរមិនអាចធ្វើឲ្យដូចតួអ៊ឺរ៉ុបឡើយ។អ្នកស្រីបានអះអាងថាធម្មតាជាខ្មែរ នៅតែប្រកាន់ខ្ជាប់នូវប្រពៃណីរបស់ខ្លួន ហើយក៍មិនអាចយើងលេងឈុតស្នេហាដូចគេនៅអ៊ឺរ៉ុបបានដែរ ហើយក្នុងករណីមានឈុតស្នេហានោះហួសហេតុពេកយើងជាតារាត្រូវប្រាប់ទៅម្ចាស់ផលិតកម្មនោះវិញថាមិនអាចលេងបែបនោះបានទេ ដើម្បីឲ្យអ្នកដឹកនាំរឿងនិងថៅកែផលិតកម្មពិនិត្យឡើងវិញ។អ្នកស្រីថាក្នុងនាមជារៀមច្បងក្នុងអាជីពនេះស្ទើតែពេញមួយជីវិតទៅហើយនោះលោកស្រីសូមផ្ដាំឲ្យប្អូនៗជំនាន់ក្រោយកុំសម្ដែងឈុតឆាកណាដែលជ្រុលហួសហេតុឬនាំឲ្យប៉ៈពាល់ដល់ប្រពៃណីខ្មែរយើង។


សម្រាប់ហ្វា ហ្វា ដែលសម្ដែងជាតួស្រីឈ្មោះSky នោះនាងហាក់មិនរាថយចំពោះឈុតឆាកដែលត្រូវតួប្រុសអោបថើបបឺតមាត់និងរាងកាយនាងស្ទើគ្មានសល់ត្រង់ណានោះទេ តែអ្វីដែលគូរឲ្យកត់សម្គាល់ថែមទៀតនោះសង្សារថ្មីរបស់នាងដែលជាបុរសខ្មែរធ្វើជាទាហានអាមេរិកលោក Sanan Sithadin នោះក៍គ្មានប្រតិកម្មឆេះដុំជាមួយនាងដែរ ព្រមទាំងរក្សារគម្រោងចុះមកជួបស្រីយី ផ្ទាល់នៅខ្មែរនាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះទៀតផង។អ្នកលេងបណ្ដាញសង្គមខ្លះលើកឡើងថាតើហេតុអីបានជាសង្សារហ្វា ហ្វា និងក្រុមគ្រួសារនាងបណ្ដោយឲ្យស្រីស្អាតរូបនេះត្រូវតួប្រុសអោបថើបឡើងវក់វីពេញ១រឿងបែបនេះ?តែស្រីយី ថាសូមឲ្យអ្នកមានចម្ងល់និងរិះគន់នាងទាំងឡាយនោះទស្សនារឿងនេះឲ្យចប់សិនទៅ ចាំវាយតម្លៃនាង…។

ហ្វា ហ្វា អតីតសង្សារទី៣នាយចឺម បានចែកផ្លូវគ្នាកាលពីឆ្នាំ២០២១ ក្រោយពួកគេផ្អែមល្ហែមអស់រយៈពេលជាង២ឆ្នាំ តែពេលនេះនាងនៅរាប់អាននាយចឺម ធម្មតា និងចាត់ទុកលោកមេសា ជាបងប្រុស។ដោយសារតែខ្លាចដើរជាន់ដានចាស់និងលែងចង់ជឿរប្រុសៗជាតារាដូចគ្នាស្នេហ៍បានតែពីដំបូងទើបស្រីយី សម្រេចចិត្តជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើជាងជួញជិត”ធ្វើឲ្យប្រុសៗក្នុងស្រុកដែលចង់បាននាងជាសង្សារមិនតិចនាក់ទេ ត្រូវខកចិត្ត។ប៉ុន្ដែមិនទាន់បានជួបមុខសង្សារថ្មីផ្ទាល់ផងហ្វា ហ្វា លេង១ក្បាច់ដាច់ផ្ញាទាហានអាមេរិកតាមរយៈការហ៊ានលេងរឿង18+ ផ្អើលអស់តាតាតាមហាងកាហ្វេ។

យ៉ាងណាគេរងចាំមើលថាក្រោយហ្វា ហ្វា ហ៊ានលេងឈុតក្ដៅសាច់នេះមកនាងកាន់តែល្បីថែមទៀត ឬមួយក៍ការរិះគន់ច្រើនពេកធ្វើឲ្យនាងពិបាកប្រឈមក្នុងអាជីព?

អ្នកស្រីឌី សាវ៉េត បន្ថែមថាកាលជំនាន់អ្នកស្រីលេងភាពយន្ដពេញទំហ៊ឹងនោះតារាថ្មីៗខ្លះក៍មិនអាចលេងឈុតស្នេហាបានទៅតាមអ្នកដឹកនាំរឿងចង់បានភ្លាមៗដែរទាល់តែយូទើបអាចធ្វើទៅបាន។លោកស្រីសាវ៉េត នៅតែប្រកាន់ជំហថាតារាខ្មែរដាច់ខាតមិនអាចលេងឈុតស្នេហាដូចអ៊ឺរ៉ុបបានឡើយបើទោះជាការសម្ដែងធ្វើតែទៅតាមអ្នកដឹកនាំក្ដី ក៍មិនត្រូវរំលងឬធ្វើឲ្យប៉ៈពាល់ដល់ប្រពៃណីយើងបានដែរ៕

