ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម ពិតជាចម្លែកខុសពីអ្នកចម្រៀងប្រុសផ្សេងៗទៀតមែន ព្រោះឲ្យនាយបើកឆាកថតMV អោបថើបជាមួយតារាស្រីម្នាក់ណាគឺនាយត្រូវបានអ្នកលេងបណ្ដាញសង្គមខមិនពាក្យឌឺដងជាច្រើនដូចជាថា,ម្ហូបដល់មាត់ទៀតហើយ,ផ្អែមមាត់ហ្មង,ដឹងតែបានតែដំបូងទៀតហើយ,សង្សារចុងក្រោយ,អាសំណាង…។ប៉ុន្ដែពាក្យលែបខាយទាំងនេះត្រូវបាននាយចឺម ដឹងច្បាស់រហូតដល់ពេលខ្លះនាយទ្រាំមិនបានចេញLive តតបទៅវិញទាំងក្ដៅចិត្តទៀតផង។នាយចឺម បានប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាដោយសារតែមានអ្នកពូកែឌឺនិងទើសនាយខ្លាំងពេកទើបចុងក្រោយនេះនាយច្រើនតែថតរូបជុំៗជាមួយស្រីៗបង្ហោះលើបណ្ដាញសង្គមដើម្បីឆ្លើយតបពួកទាំងនោះវិញ ប៉ុន្ដែតាមពិតនាងនាងទាំងនោះគ្មានទាក់ទងអីជាមួយរូបនាយទេ។

គូរកត់សម្គាល់ថាក្រោយនាយចឺម បែកបាក់សង្សារទី៤អ្នកមេម៉ាយកូន១សេង សុខឃីម សាច់សខ្ចីដូចម៉ែសំឡីនោះ ថ្មីៗនេះគេឃើញលោកមេសា កំពុងតែស្វែងរកស្រីស្អាតមកថតMV បទថ្មីរបស់នាយដើម្បីឡង់សេឲ្យនាងល្បីហើយមនុស្សភាគច្រើនបានគិតថានារីដែលនាយ ជ្រើសរើសមកនោះប្រាកដជាពិបាកគេចពីអន្ទាក់ស្នេហ៍អតីតតារាកំប្លែងពូកែថ្វីមាត់និងដៃដល់នេះជាមិនខាន ព្រោះថាពេលនេះនាយចឺម កំពុងតែស្វះស្វែងរកសង្សារទី៥មកស្អំរបួសបេះដូងអីចឹងនាងនាងដែលចង់ល្បីដោយសារតែនាយចឺម សូមទានជ្រាបផងចុះ កុំតឹងតែងពេកទាន!។ដោយឡែកនៅព្រឹកថ្ងៃទី២៨ ធ្នូ នៅលើបណ្ដាញសង្គមគេឃើញនាយចឺម បានរកបានដៃគូថ្មីជាស្រីស្អាតសាច់ម៉ែសំឡីម្នាក់ទៀតហើយនោះគឺជាអ្នកលក់Online ម្នាក់ ដែលមិនខុសពីមុនៗនោះទេលោកមេសា លើកនេះគឺពិតជារហ័សរហួនមែនអ្នកដឹកនាំមិនទាន់បញ្ជារឲ្យថើបតួស្រីទេនាយដាក់១ខ្សឺតបាត់ទៅហើយ។ក្រុមអ្នកលេងបណ្ដាញសង្គមបានលើកឡើងថានាងដៃគូថ្មីថតMV ជាមួយនាយចឺម នោះអាចនឹងរត់មិនរួចពីកណ្ដាប់ដៃនាយចឺម ឡើយ ឲ្យតែនាងត្រូវការជំនួយពីភាពល្បីរបស់នាយចឺម នោះរហូតមានអ្នកខ្លះថាស្ដាយសាច់ដូចបណ្ដូលចេករបស់នាងទៀតផង។

យ៉ាងណាអំឡុងនាយចឺម បែកបាក់សង្សារទី៣នាងហ្វា ហ្វា ហើយរកបានអ្នកមេម៉ាយសាច់សខ្ចីនាងសេង សុខឃីម នោះនាយធ្លាប់ប្រកាសថាអតីតសង្សាររបស់ខ្លួនចូលមកក្នុងជីវិតនាងគឺដើម្បីតែផលប្រយោជន៍ប៉ុណ្ណោះ។តែគេមិនដឹងថានាយចឺម ដែលបែកពី១រកបាន១ទៀតភ្លែតនោះខាតបង់អ្វីខ្លះពេលបែកពីនាងនាងនោះឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះនាយចឺម បានប្រកាសកាលពីពេលថ្មីៗនេះថាដាច់ខាតអនាគតភរិយារបស់នាយគឺត្រូវតែជាអ្នកនៅក្នុងរង្វង់សិល្បៈ ព្រោះនាយថាបើយកតារាទៀតមិនអាចគង់វង្សបាននោះទេ។នាយថានឹងរៀបការប្រពន្ធនៅអាយុ២៩ឆ្នាំ ពោលគឺឆ្នាំ២០២៤ ខាងមុខនេះ អីចឹងពេលនេះនាយមិនអាចបង្ហាញមុខគូស្នេហ៍បានទេ គឺរងចាំដល់ថ្ងៃពិសេសនឹងបញ្ចេញតែម្ដង។

សូមបញ្ជាក់ថានាយចឺម អាយុ២៧ឆ្នាំបានបែកបាក់សង្សារជាតារាសម្ដែងអស់ដល់ទៅ៤ដួងមកហើយគឺទី១៖នាងអៀ ម៉េងលិ ហៅអូនម៉ី,ទី២៖ ពុធ ស្រីខួច,ទី៣៖ហ្វា ហ្វា ហៅស្រីយី និងទី៤៖សេង សុខឃីម ។នាយចឺម ថាទោះជាអ្នកលេងបណ្ដាញសង្គមខ្លះដៀលនាយថាមិនល្អក្ដីតែសង្សារចាស់ទាំងអស់របស់នាយពួកគេចាត់ទុកនាយថាជាមនុស្សល្អ ព្រោះពេលនាងនាងជួបនាយម្ដងៗដឹងតែពីបង្ហាញអារម្មណ៍សប្បាយ គ្មានគំគួន ហើយនាយអាចធ្វើការជាមួយអតីតសង្សារនាយទាំងអស់បានគ្រប់ពេលឲ្យតែខាងAgency តម្រូវ។នាយចឺម ក៍ធ្លាប់និយាយបែបតូចចិត្តថាជារឿងអយុត្តិធ័ម ព្រោះពេលគូសង្សារបែកគ្នា ម្នាក់ៗមិនដឹងម៉េចទម្លាក់កំហុសតែទៅខាងប្រុស ទាំងដែលពួកគេមិនដឹងសាច់រឿងយ៉ាងម៉េច។ប៉ុន្ដែគេចាប់អារម្មណ៍ថាទាំងនាយចឺម និងអតីតសង្សារទាំង៤ ពួកគេមិនដែលហែកហួរគ្នាក្រោយបែកពីតារាសាន់ដេនេះឡើយគឺរក្សាររឿងសម្ងាត់រៀងៗខ្លួនដែលចំណុចនេះហើយនាយចឺម ថានាយគិតថាគ្មានសង្សារចាស់នាយណាម្នាក់ស្អប់នាយទេ៕

