Saturday, September 21, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីជប៉ុន នាំយកកង្វល់សន្តិសុខជាតិ​និង​តំបន់ទៅពិភាក្សាជាមួយលោកបៃដិន

នាយករដ្ឋមន្ត្រីជប៉ុន នាំយកកង្វល់សន្តិសុខជាតិ​និង​តំបន់ទៅពិភាក្សាជាមួយលោកបៃដិន

នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដាបាននិយាយនៅថ្ងៃពុធថាលោកនឹងជួបពិភាក្សា​ជាមួយប្រធានាធិប​តីអាមេរិក ចូបៃដិននៅសេតវិមាននាថ្ងៃទី១៣ខែមករានិងមានគម្រោងជួប​សម្ព័ន្ធមិត្តប្រទេសមាន​សេដ្ឋកិច្ចលូត​លាស់G7ផ្សេងទៀតក្នុងខែនេះ។នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកគីស៊ីដា ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីលោកចូល​កាន់​តំណែងក្នុងខែតុលា ឆ្នាំ២០២១ បើទោះជាលោកបានជួបពិភាក្សាជាមួយលោក បៃដិនច្រើនដងហើយ រួមទាំង​នៅប្រទេសជប៉ុនផងដែរ។

ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនេះសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថាពួកគេនឹងពិភាក្សាអំពីបញ្ហាជាច្រើនដោយរាប់ចាប់ពីការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងរហូត​ដល់ការរក្សាសន្តិ​ភាព​លើកោះតៃវ៉ាន់។យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា សង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន និង ការរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ក៏នឹងស្ថិតក្នុងចំណោមរបៀបវារៈផងដែរ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុននេះថាការធ្វើដំណើរនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងរដ្ឋាភិបាល សេដ្ឋកិច្ច និងប្រជាជន។

កិច្ចប្រជុំនេះក៏បានកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនកាលពីខែធ្នូឆ្នាំមុនដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិនិងទទួលបានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការរារាំងចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន និងការបន្តបាញ់​សាក​​ល្បងមីស៊ីលរបស់កូរ៉េខាងជើង។

លោកបៃដិននឹងបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញរបស់គាត់ចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុនដែលទើបនឹងចេញផ្សាយថ្មីៗនេះដែលបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយសន្តិសុខសម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកក្រោមរដ្ឋធម្មនុញ្ញសន្តិភាពក្រោយសង្គ្រាមរបស់ខ្លួន៕

RELATED ARTICLES