ភ្នំពេញ៖តារាសម្ដែងពៅ លីដា និងប្អូនប្រុសនាងលោកពៅ ពិសិដ្ឋ និងកញ្ញាពៅ មករា បានរៀបចំធ្វើបុណ្យបច្ច័យបួន ចម្រើនព្រះជន្ម ស្រោចស្រពព្រះសុគន្ធវារី និងឆាកមហាបង្សុកូល ជូនឧបាសិកាហ៊ែល គឹមយ៉េត ,លោកឪពុកធំអោក មឿន ,អ្នកម្ដាយឈិត សារ៉ាត់ ហៅស្រី និងឧទ្ទិសមហាកុសលដល់ញាត្តិមិត្តទាំង៧សន្ដាន ដែលពិធីនេះរៀបចំកាលពីថ្ងៃទី៥ខែមករា ឆ្នាំ២០២២នៅផ្ទះលេខ២០-២២ ក្នុងបុរីជីពម៉ុង ផ្លូវជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។



ពៅ លីដា បានឲ្យដឹងថានាងសប្បាយចិត្ដណាស់បានធ្វើបុណ្យជូនអ្នកមានគុណដែលពិធីនេះធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវទាំងអស់ អត់មានរំលងត្រង់ចំណុចណានោះទេ។តារាសម្ដែងរូបស្រស់រូបនេះថាការគម្រោងធ្វើបុណ្យនេះមានជាយូខែមកហើយតែការសម្រេចគឺទើបតែរយៈពេល១ខែចុងក្រោយនេះប៉ុណ្ណោះ ហើយក្នុងនាមសិល្បករម្នាក់នាងសូមផ្ដាំផ្ញើរដល់បងប្អូនថា”ធ្វើបុណ្យទាន់ខែភ្លឺ”គឺល្អបំផុត ព្រោះបើអ្នកមានគុណយើងដេកដួល ញាំលែងបានហើយទើបធ្វើបុណ្យគឺមានន័យថាយឺតពេលទៅហើយ អីចឹងបើចង់សងគុណពួកគាត់គូរធ្វើអ្វីដែលល្អៗទាន់គាត់នៅឃើញ ស្ដាប់បាន ញាំឆ្ងាញ់។



ដោយឡែកលោកពៅ ពិសិដ្ឋ វិញក៍បង្ហាញអារម្មណ៍រំភើបដែលលោកបានធ្វើបុណ្យឲ្យអ្នកមានគុណសម្រេចដូចបំណងនាពេលនេះដែរ ដែលលោកអះអាងថាពិធីនោះបានរៀបចំតាមបែបព្រះពុទ្ធសាសនាទាំងអស់ ហើយក៍មានពិធីសុំខាមាទោសដល់មានគុណផងដែរ ប្រសិនណាលោកក៍ដូចជាកូនចៅធ្វើអ្វីខុសឆ្គង។ លោកពិសិដ្ឋ ក៍មិនខុសពីលីដា ដែរដោយបានផ្ដាំដល់ប្អូនៗយុវវ័យថាកុំចាំដល់អ្នកមានគុណដេកក្រោកលែងរួចហើយទើបចង់ធ្វើបុណ្យនោះគឺហួសពេលហើយ ហេតុនេះលោកថាទោះរវល់យ៉ាងណាគូតែធ្វើឬតបស្នងឲ្យទាន់ពេលដែលអ្នកមានគុណនៅញាំឆ្ងាញ់ ដើរបាន ស្ដាប់ឭ គឺដូចជាលោកបានត្រៀមរៀបចំពិធីនេះជាយូខែណាស់មកហើយ គឺទើបតែពេលនេះធ្វើបានដូចបំណងធ្វើឲ្យលោកមានអារម្មណ៍ស្រស់ថ្លាក្នុងចិត្ត។



ពៅ លីដា បន្ថែមថាទាំងរូបនាងនិងប្អូនប្រុសតាមពិតម្ដាយនាងចង់ឲ្យធ្វើជាតារាចម្រៀងទេ ប៉ុន្ដែឱកាសនិងពេលវេលាធ្វើឲ្យនាងនិងប្អូនក្លាយជាតារាសម្ដែង ហើយម្ដាយនាងក៍សប្បាយចិត្ត។នាងថាបានផ្អាកការងារសិល្បៈរយៈពេល២ឆ្នាំព្រោះតែពត់ធ្មេញ និងកូវីដ២ឆ្នាំ សរុបខាតពេលអស់៤ឆ្នាំ ប៉ុន្ដែចាប់ពីពេលនេះតទៅនាងទទួលការងារសិល្បៈដូចដើមឡើងវិញហើយ។ដោយឡែកលោកពៅ ពិសិដ្ឋ ដែលជាតារាសម្ដែងនិងពិធីករផងនោះបានឲ្យដឹងថាលោកកំពុងថតភាពយន្ដបែបប្រវត្តិសាស្រ្ដមួយឲ្យហង្សមាស ប៉ុន្ដែមិនទាន់បានប្រាប់ឲ្យម្ដាយដឹងរឿងនោះទេ គឺចាំពេលភាពយន្ដនោះចេញនឹងSurprise គាត់តែម្ដង។យ៉ាងលោកពិសិដ្ឋ បង្ហើបថាភាពយន្ដដែលលោកមានមោទនភាពក្នុងការសម្ដែងនោះគឺរឿង”ជ័យវរ្ម័នទី៧”។


ពៅ លីដា មិនប្រាប់ពីហ៊ុំទឹកប្រាក់ដែលនាងចំណាយលើពិធីបុណ្យរបស់នាងជួនអ្នកមានគុណនោះទេ ប៉ុន្ដែនាងថាបានរៀបចំដល់ទៅ៧០តុ ។គេឃើញតារារួមអាជីពជាច្រើនបានមកចូលរួម ព្រោះលីដា និងប្អូនប្រុសរួមទាំងម្ដាយនាងតែងតែចូលរួមទៅកម្មវិធីអ្នកសិល្បករស្ទើតែគ្រប់កម្មវិធី ហេតុនេះហើយបានជាគេចូលចិត្តរាប់អាននាងនិងគ្រួសារ៕
