អាជ្ញាធរតុលាការប្រទេសប្រេស៊ីលបានបញ្ជាឱ្យចាប់ខ្លួនមន្ត្រីសាធារណៈកំពូលៗបន្ទាប់ពីបាតុករបានវាយលុកអគាររដ្ឋាភិបាលសំខាន់ៗក្នុងទីក្រុងBrasília។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមន្ត្រីម្នាក់ដែលជាអតីតមេបញ្ជាការកងរាជអាវុធហត្ថត្រូវបានចាប់ខ្លួន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃពុធទី១១ខែមករាឆ្នាំ២០២៣។

ការិយាល័យមេធាវីបាននិយាយថា មន្ត្រីទាំងនោះក៏រាប់បញ្ចូលទាំងអតីតប្រធានសន្តិសុខសាធារណៈក្រុង Brasília គឺលោក Anderson Torres និងអ្នកផ្សេងទៀត ទទួលខុសត្រូវចំពោះទង្វើ ដែលនាំទៅរកកុបកម្ម។លោក Torres បដិសេធតួនាទីណាមួយនៅក្នុងកុបកម្ម។
វរសេនីយ៍ឯកលោកFábio Augusto មេបញ្ជាការប៉ូលីស ត្រូវបានបណ្តេញចេញពីតួនាទីរបស់គាត់ បន្ទាប់ពីអ្នកគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro បានសម្រុកចូលសភា វិមានប្រធានាធិបតី និងតុលាការកំពូល។
កុបកម្មបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតី Luiz Inácio Lula da Silva ដែលត្រូវបានគេស្គាល់ជាទូទៅថា Lula បានស្បថចូលកាន់តំណែង។
ក្រោយកុបកម្ម មនុស្សចំនួន ១៥០០រូបត្រូវបានចាប់ខ្លួន ទន្ទឹមនេះ មន្រ្តីប៉ូលិសប្រេស៊ីល បានអះអាងថា មនុស្សជិត ៦០០នាក់ ត្រូវបាននាំទៅកន្លែងឃុំឃាំងផ្សេងទៀត ដែលប៉ូលិសមានរយៈពេល ៥ថ្ងៃ ដើម្បីធ្វើបទចោទ។
គួររំឮកថាមូលហេតុដែលនាំមានកុបកម្មដែលឈានទៅដល់ការអុកឡុកនៅវិមានប្រធានាធិបតី សភា និងតុលាការកំពូលគឺបណ្តាលមកពីក្រុមគាំទ្រអតីតប្រធានាធិបតីប្រឆាំងទៅនឹងលទ្ធផល បោះឆ្នោតមានការក្លែងបន្លំ។ លោក Luiz Inacio Lula da Silva បានឈ្នះការបោះឆ្នោតជុំចុងក្រោយជាមួយនឹងសំឡេងគាំទ្រ ៥០,៩ភាគរយ ទល់នឹង៤៩,១ភាគយរបស់លោក Bolsonaros។ កុបកម្មនេះ កើតឡើងត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ ក្រោយលោក Lula ស្បថចូលកាន់តំណែងជាប្រធានាធិបតី៕