ភ្នំពេញ៖ពេជ្រ សោភា បានកាន់គ្រីស្ទានរយៈពេលជាង២០ឆ្នាំមកហើយពោលគឺឲ្យតែមានកម្មវិធីធំៗនៅព្រះវិហារគ្រីស្ទនាងតែងតែទៅបង្ហាញខ្លួនយ៉ាងសកម្មតែម្ដង រហូតនាងថាពេលបន់ស្រន់អ្វីដែលចិត្តនាងប៉ងគឺតែងតែដូចបំណង ខណៈដែលមិត្តភក្ដិរបស់សោភា វិញបានដាស់តឿននាងថាបើយើងមិនប្រឹងធ្វើការទេតើព្រះឯណាមកជួយយើងបានទៅ?យ៉ាងណាសោភា នៅតែគោរពប្រតិបត្តិជាមួយសាសនាមួយនេះយ៉ាងខ្ជាប់ខ្ជួន ហើយគេឃើញរយៈពេលចុងក្រោយនេះការរស់នៅរបស់នាងមានក្ដីសុខ ព្រោះមានជីវភាពធូធារខ្លាំងដូចជាមានផ្ទះវីឡារកណ្ដាលក្រុង និងជិះរថយន្ដប្រណិតៗជាដើមទើបសោភា កាន់តែមានជំនឿរចិត្តលើព្រះយេស៊ូគ្រឹស្ទ។
ដោយឡែកថ្មីៗនេះដែរគេឃើញសោភា បានដឹកដៃអនាគតស្វាមីទៅច្រៀងសម្ដែងតាមឆាកធំៗនោះគេឃើញលោកសក្កដា ក៍បានពាក់ខ្សែករូបឈើឆ្កាងសំគាល់ជាអ្នកគោរពនិងកាន់សាសនាគ្រិស្ទដូចនាងដែរ ដែលនេះបញ្ជាក់ថាលោកសក្កដា កំពុងតែសម្របខ្លួនទៅតាមសោភា ហើយលោកក៍អាចនឹងកាន់សាសនានេះដូចអនាគតភរិយារបស់លោកផងដែរ បើទោះជាលោកធ្លាប់រស់នៅទីវត្តអារ៉ាម១នៅភ្នំពេញជាច្រើនឆ្នាំអំឡុងពេលមកពីខេត្តចូលក្រុងនិងប្រឡូកសិល្បៈដំបូងក្ដី។
គូរបញ្ជាក់ថាពេជ្រ សោភា-ឆឹម សក្កដា បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ ហើយថ្មីៗនេះសោភា បានប្រាប់អ្នកយកព័តមានយើងថានាងនឹងរៀបការនៅឆ្នាំ២០២៣ នេះហើយ ប៉ុន្ដែនាងលាក់ថ្ងៃខែ ព្រោះចង់Surprise អ្នកគាំទ្រនាង។ក្រោយក្លាយទៅជាគូដណ្ដឹងលោកសក្កដា ២ខែមកនេះសោភា បានជួយយឹតយោងកំពូលស្នេហ៍ឲ្យកាន់តែល្បីថែមទៀតតាមរយៈការអន្ដរាគមន៍ឲ្យច្រៀងឆាកធំៗជាមួយនាង។ប៉ុន្ដែសោភា បញ្ជាក់ថានាងគ្មានផែនការណ៍ជួយលោកសក្កដា ឲ្យចូលហង្សមាសដូចដែលនាងបានធ្វើលើងួន ដេវីត ឡើយ។
យ៉ាងណាអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះទោះជាសោភា និងសក្កដា ជិតក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ក្ដី តែនាងនៅតែហៅគូដណ្ដឹងថាជាពួកម៉ាកៗ ហើយថែមទាំងបញ្ជាក់ប្រាប់អ្នកយកព័តមានយើងថានាងមិនអនុញ្ញាត្តិឲ្យតារាថោន រូបនេះរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយនាងមុនរៀបការជាដាច់ខាត ដែលបម្រាមដ៍តឹងរឹងបែបនេះកន្លងមកគេមិនដែលឃើញតារាស្រីណាធ្វើដាក់គូដណ្ដឹងពួកគេបែបនេះឡើយ។
ក្រៅពីពេជ្រ សោភា តារាដែលកាន់គ្រីស្ទានមានដូចជាលោកខេម និងសំអុល អែនណាអូមី ជាដើម ខណៈដែលលោកឆឹម សក្កដា និងរតនៈ ពិសិដ្ឋ មិនទាន់ចូលស៊ប់ដូចតារាខាងលើទេ៕