ភ្នំពេញ៖តារាចម្រៀងខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ) បានចូលផលិតកម្មGalaxyជាផ្លូវការកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៣ ម្លេះប៉ុន្ដែគ្មានសន្និសីទកាសែតទ្រង់ទ្រាយធំនោះទេគឺមានតែការចុះកុងត្រារវាងលោកប៊ុនថៃ និងGalaxy ប៉ុណ្ណោះ។ចំណែករឿងសិរីមន្ដ ចុះកុងត្រាប៉ុន្មានឆ្នាំនឹងទទួលបានប្រាក់ខែប៉ុន្មាននោះត្រូវបានអ្នកអ្នកដឹកនាំសម្ដែងខារ៉ាអូខេម្នាក់ដែលស្និតលោកប៊ុនថៃ នៅផលិតកម្មមួយនេះមិនហ៊ានបញ្ចេញឡើយនៅពេលអ្នកយកព័តមានយើងសាកសួរតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ដោយលើកហេតុផលថាមេមិនចង់ឲ្យប្រាប់រឿងលម្អិតរបស់សិរីមន្ដ មុនពេលចេញបទចម្រៀង ។យ៉ាងណាមានដំណឹងថាលោកប៊ុនថៃ បានចុះកុងត្រាជាមួយGalaxy រយៈពេល៥ឆ្នាំដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ដែរ។
តាមរយៈការចូលជ្រកនៅGalaxy នេះប្រាកដណាស់ថាខេមរៈ សិរីមន្ដ ត្រូវជួបតតាំងជាមួយលោកព្រាប សុវត្ថិ ជាលើកទី២បន្ទាប់ពីអ្នកទាំងពីរបានរួមទ្រនុំជាមួយគ្នានៅហង្សមាសជាង៣ឆ្នាំ(២០១៧-២០២០) ហើយច្បាស់ណាស់ថាការប្រជែងគ្នាជាថ្មីនឹងកាន់តែក្ដៅគគុកជាមិនខានឡើយ។ដោយឡែកសម្រាប់Fan តារាចម្រៀងទាំងសងខាងវិញពួកគេបារម្ភជំនួសខ្លាចតែតារាទាំង២ចង់ឈ្នះចាញ់គ្នាខ្លាំងពេក មិនអាចរួមទ្រនុំជាមួយគ្នាបានដូចកាលនៅហង្សមាសព្រោះ”ភ្នំ១ខ្លា២” បើទោះជាលោកប៊ុនថៃ ត្រូវថៅកែជប់លៀងធំថ្ងៃប្រកាសទៅរួមរស់ជាមួយGalaxy នោះលោកសុវត្ថិ ក៍ទៅអបអរសាទក្ដី។ ប៉ុន្ដែចំណុចនេះត្រូវបានអតីតតារាហង្សមាសម្នាក់ធ្លាប់អះអាងថាគ្មានហានិភ័យឡើយ។
លោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អាចច្រៀងនៅផលិតកម្មតែ១ជាមួយគ្នាបាន អត់បញ្ហាទេ តែបើតារាទាំង២អត់ត្រូវគ្នា កាច់កុងគ្នា នោះគឺមកពីអ្នកគ្រប់គ្រងខ្សោយ។ប៉ុន្ដែទស្សនិកជនវិញចាប់អារម្មណ៍ថាសិស្សប្អូនសិរីមន្ដ និងសិស្សច្បងសុវត្ថិ ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតជិត១០ឆ្នាំ ហេតុនេះការប៉ៈគ្នាសារជាថ្មីនេះប្រាកដជាម្នាក់ៗមិនចង់ធ្វើជាតួរងឡើយ បើទោះជាឪពុករបស់សិរីមន្ដ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសិរីមន្ដ ចាត់ទុកលោកសុវត្ថិ ដូចជាគ្រូក្ដី តែតាមរយៈការឈជើងនៅហង្សមាសជាមួយគ្នាកន្លងមកមហាជនមើលឃើញថាតារាទាំងពីរចង់ធ្វើតួឯករៀងៗខ្លួន ។
គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ បានចាប់អាជីពចម្រៀងរយៈពេល១៩ឆ្នាំ(២០០៤-២០២៣)មកហើយ និងឈជើងនៅផលិតកម្ម៤ផ្សេងគ្នាគឺU2,សាន់ដេ,ហង្សមាស និងGalaxy នេះ។ចំណុចខ្លាំងរបស់លោកប៊ុនថៃ គឺលោកមានបងប្រុសឈ្មោះខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងឲ្យផ្ទាល់ដែលមានន័យថាអាជីពចម្រៀងរបស់តារាថ្មីGalaxy រូបនេះទៅមុខឬថយក្រោយនៅលើលោកភារុណ ជាអ្នកកំណត់។តែទស្សនិកជនជឿរថាលោកព្រាប សុវត្ថិ ដែលបានចូលផលិតកម្មមួយនេះតាំងពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ ហើយពេលនេះច្រៀងជាង២ឆ្នាំ នៅមិនទាន់មានបទផ្ទុះដូចនៅហង្សមាសនោះក៍ជាបញ្ហាចោទមួយដែរថាតើសិរីមន្ដ នឹងជាប់គាំងបែបនេះដែរឬមួយក៍លោកនៅតែខ្លាំងទៅដល់ណាអាចធ្វើព្យុះភ្លៀងនៅទីនោះបានតទៅទៀត?
អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅឆ្នាំ២០២៣ នេះតារាចម្រៀងប្រុសលំដាប់ជូរមុខទាំង៣ដួងគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជ្រកនៅGalaxy តែមួយ ហេតុនេះហើយទាំងហង្សមាស និងផលិតកម្មផ្សេងៗទៀតប្រាកដជាពិបាកទប់ទល់ជាមួយផលិតកម្មថ្មីហ៊ានចាយលុយធំនេះជាមិនខាន ខណៈអ្នកជំនាញសិល្បៈធ្លាប់ដាស់តឿនហង្សមាសថាបើផលិតកម្មនេះអត់ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះនឹង”រងារ”ឥឡូវតារាទាំងពីរគឺពិតជាដើរចេញពីហង្សមាសហើយទៅរួមទ្រនុំតែ១ជាមួយគ្នាទៀតផង ដែលធ្វើឲ្យហង្សមាសពិបាកទប់ទល់អតីតតារារបស់ខ្លួន ហេតុនេះហើយគេជឿរថាការប្រជែងទីផ្សារចម្រៀងនៅឆ្នាំ២០២៣ អាចនឹងចាប់ផ្ដើមម្ដងទៀតរវាងតារាទាំងពីរ។
មជ្ឈដ្ឋានមហាជនរងចាំមើលថាតើព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ដែលឡើងជាឧកញ៉ាដូចគ្នាកាលពីឆ្នាំ២០២២ នោះប៉ៈគ្នា លើកទី២នេះតារាទាំងពីរអាចចាប់ដៃគ្នាធ្វើការបានដោយរលូនដែរទេ?ឬមួយ”ភ្នំ១ ខ្លា២”ដាច់ខាតត្រូវតែមានម្នាក់ណា១ដើរចេញដូចមុនទៀត?