ភ្នំពេញ៖ស្រីស្អាតសុខ ពិសី ត្រូវបានលោកសុខ ហេង ជាឪពុកនាងចង់ឲ្យពិសី មានស្វាមីជាច្រើនឆ្នាំមកហើយ ខណៈដែលកន្លងមករូបនាងក៍ធ្លាប់បង្ហើបថាមានបុរសជាច្រើនចង់ចូលចែចូវហើយក្នុងនោះក៍មានទាំងមន្រ្ដីរាជការផងដែរ។ប៉ុន្ដែពិសី ព្យាយាមពន្យាពេលរហូតមកដល់ពេលនេះ ខណៈដែលឪពុកនាងមិនដែលបង្ខំនាងឡើយ។ការអូសក្រឡាចូលរោងការរបស់ពិសី នាពេលនេះគឺនាងអាចនឹងជ្រើសផ្លូវដូចសិស្សប្អូននាងអ៊ីវ៉ា ដែរដែលតារាកូនកាត់ចិនរូបនេះត្រូវបានលោកអ៊ូ វ៉ាវ ចង់ឲ្យរៀបការប្ដី២,៣ឆ្នាំមកហើយ តែនាងបែជាថាវ័យមិនទាន់សមរៀបការ តែសន្យាជាមួយលោកវ៉ាវ ថានឹងលាភាពនៅលីវនៅអាយុ៣០ឆ្នាំពោលគឺនៅឆ្នាំ២០២៣ នេះហើយ ប៉ុន្ដែថ្ងៃគ្រងឈុតកូនក្រមុំជាក់លាក់នៅមិនទាន់កំណត់ដដែល។ចំពោះពិសី វិញនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនអាចនិយាយបានថាតើប៉ុន្មានខែឬឆ្នាំទៀតទើបអាចរៀបការបានទេ ព្រោះចិត្តនៅតែចង់ផ្ដោតទៅលើការងារសិល្បៈច្រើនជាងមង្គលការផ្ទាល់ខ្លួនដដែល។

ថ្វីត្បិតតែសុខ ពិសី លាក់ទាំងគូស្នេហ៍និងពេលវេលាដឹកដៃកំពូលស្នេហ៍ក្រាបផ្ទឹមមែន ប៉ុន្ដែគេជឿរថាពេលនេះនាងមិនមែនទុកបេះដូងឲ្យនៅទំនេរឡើយ ពោលគឺនាងមានម្ចាស់ចិត្តទៅហើយនោះគឺលោកឡាយ សុខចំរើន ថៅកែសាន់ដេបើទោះជាអ្នកទាំងពីរមិនដែលសារភាពរឿងស្នេហាមួយនេះក្ដី ប៉ុន្ដែចំណងស្នេហ៍ជាង១០ឆ្នាំនេះពួកគេច្បាស់លាស់ជាមួយគ្នាទៅហើយ។មជ្ឈដ្ឋានមហាជនចាំមើលថាតើស្រីស្អាតសុខ ពិសី និងអ៊ីវ៉ា មួយណានឹងបំពេញបំណងឪពុកមុនតាមរយៈការរៀបការប្ដីជាសាធាណៈ ព្រោះទោះជាអ៊ីវ៉ា ថានឹងអាចរៀបការនៅឆ្នាំ២០២៣ នេះមែន ប៉ុន្ដែពេលនេះនាងនៅតែរារែកចិត្តដដែល ហើយច្បាស់ណាស់ថាអ្នកដែលឈឺក្បាលខ្លាំងគឺលោកអ៊ូ វ៉ាវ ។

សុខ ពិសី ឈានចូលវ័យ៣៣ឆ្នាំហើយតែសម្រស់នាងនៅតែលេចត្រដែតគ្រប់ពេល និងត្រូវបានFan នាងដាក់រហ័សនាមថាជា”រាជនីយសម្រស់”ទៀតផង។តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះមានជម្រើស្នេហ៍ច្រើនណាស់ហើយបើនាងចង់បានងារជំទាវ គឺប្រាកដជាមិននៅឆ្ងាយពីដៃនាងឡើយ ប៉ុន្ដែពិសី សម្រេចចិត្តដើរផ្លូវដូចឱក សុគន្ធកញ្ញា ពោលគឺជ្រើសផ្លូវយកបុរសម្នាក់ដែលស្គាល់ច្បាស់ពីអាជីពសិល្បៈនាងហើយចំណងស្នេហាបែបនេះគេជឿរថានឹងអាចរក្សារបានភាពយូអង្វែងជាមិនខាន៕

