ភ្នំពេញ៖នៅថ្ងៃខួបអាពាហ៍ ពិពាហ៍៣ឆ្នាំរបស់ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១១ ឧសភា និងខួបកូនប្រុសនាងគម្រប់៣ឆ្នាំថ្ងៃទី១១ វិចិ្ឆកា ២០២២ ប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះទទួលបានសារពីមិត្តភ្ដិនៅជុំវិញខ្លួនដែលភាគច្រើនជាតារារួមអាជីពនោះគឺពួកគេចង់ឃើញនាងពពោះកូនទី២ ពិសេសអ្នកស្និតនាងបង្ហើបថាសុគន្ធកញ្ញា ចង់បានកូនស្រីនោះឲ្យសម្រេចតាមបំណង តែពេលនេះតារាកូន១នៅតែមិនទាន់ពពោះកូនទី២ឡើយ ប៉ុន្ដែនាងបានព្យាយាមសម្រកគីឡូឲ្យស្វែល ព្រោះតាំងពីមានសា្វមីនិងកូន១មកគ្រប់គ្នាមើលឃើញថាតារាវ័យ៣៦ឆ្នាំរូបនេះមានព្រលឹងជាមុន។ការពន្យាពេលយកកូនថែមរបស់សុគន្ធកញ្ញា នៅឆ្នាំ២០២៣ នេះគឺដូចគ្នាទៅនិងសុគន្ធ និសា ,ពេជ្រ សូលីកា និងសួស វីសា ជាដើម ដែលមុននេះលេចឭថាតារាខាងលើចង់បានកូនដូចគ្នានៅឆ្នាំនេះ ប៉ុន្ដែឥឡូវម្នាក់ៗសម្រុកចេញច្រៀងរាំតាមឆាកតន្រ្ដីកើបលុយធំនៅរដូវក្ដៅនេះ ទើបមិនទាន់មានម្នាក់ណាពោះធំឡើយ។

ថ្វីត្បិតតែឱក សុគន្ធកញ្ញា មិនទាន់សម្រេចចិត្តយកកូនមួយទៀតក្ដី ប៉ុន្ដែចំណងស្នេហានាងជាមួយលោកអ៊ឹង សុខលី នៅតែរឹងមាំ ដោយសារតែប្អូនថៅកែហង្សមាសដែលលេចឭថាមានស្រីក្មេងៗជាច្រើនតោងស្នេហាមុនលោកក្លាយទៅជាស្វាមីសុគន្ធកញ្ញា នោះពេលនេះអគ្គនាយកប៉ុស្ដិ៍ហង្សមាសរូបនេះមិនហ៊ានស្និតស្នេហ៍តារាណាដូចមុនក្រៅពីភរិយាលោកឡើយ។អ្វីដែលសុគន្ធកញ្ញា កាន់តែទុកចិត្តស្វាមីនាងដោយគ្មានការរារែកចិត្តនោះគឺលោកសុខលី តែងហៅនាងថាជា”ឧត្តមភរិយា”ឬ”មាតាដៃ១០០” ជាដើមដែលពាក្យពេជន៍ទាំងនោះបញ្ជាក់ថាលោកស្រលាញ់និងឲ្យតម្លៃដល់នាងបំផុតហើយនារីគ្រប់រូបចង់បានពាក្យទាំងនេះពីស្វាមី តែគ្មានសំណាងដូចកញ្ញា ឡើយ។

ក្រៅពីមិនទាន់ទទួលបានកាដូកូនទី២នោះឱក សុគន្ធកញ្ញា នៅឆ្នាំ២០២៣ នេះបានបាត់បង់ដៃគូចម្រៀងពិសេសរបស់នាងនោះគឺជាលោកខែម ប៊ុនថៃ ដែលបានចប់កុងត្រានៅហង្សមាសរយៈពេល៥ឆ្នាំ ហើយទៅរួមទ្រនុំជាមួយលោកព្រាប សុវត្ថិ នៅGalaxy ទើបគេជឿរថាសុគន្ធកញ្ញា គ្មានជម្រើសណាផ្សេងក្រៅពីងាកទៅចាប់ដៃគូចាស់ជាមួយលោកឆន សុវណ្ណារាជ វិញនោះទេ ព្រោះជាពួកគេទាំងពីរក៍ជាដៃគូយល់ចិត្តដែរ ប៉ុន្ដែច្បាស់ណាស់ថាឈុតឆាកអោបថើបគ្នានៅលើឆាកតន្រ្ដីឬការប្រកាសសារភាពស្នេហ៍ដូចមុននោះប្រាកដជាលោកសុវណ្ណារាជ មិនហ៊ានធ្វើទៀតឡើយ ព្រោះខ្លាចមេលោកដែលជាស្វាមីរបស់កញ្ញា ឆេះដុំ។ដោយឡែកFan មួយចំនួនថាសុគន្ធកញ្ញា នឹងពិបាករកដៃគូជំនួសលោកប៊ុនថៃ ប៉ុន្ដែនៅថ្ងៃតារាកូន៣ចូលGalaxy ជាផ្លូវការកាលពីថ្ងៃទី១៣ មករា នោះកញ្ញា ដែលក្លាយជាតារាមានឥទ្ធិពលបំផុតនៅហង្សមាសនោះនាងគ្មានប្រតិកម្មឡើយ៕

