ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករាថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរំលោភលើបទឈប់បាញ់ដែលគ្រប់គ្រងព្រំដែនរួមគ្នារបស់ពួកគេដោយការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសគ្នាទៅវិញទៅមកកាលពីខែធ្នូ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿងបានឆ្លងចូលទៅក្នុងដែនអកាសរបស់ខាងត្បូងកាលពីថ្ងៃទី២៦ ខែធ្នូ ដោយជំរុញឱ្យយោធាកូរ៉េខាងត្បូង យកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងបញ្ជូនយន្តហោះស៊ើបការណ៍ចូលទៅក្នុងកូរ៉េខាងជើង ដើម្បីថតរូបទីតាំងយោធា។
បញ្ជាការរបស់អង្គការសហប្រជាជាតិ ដែលបានជួយត្រួតពិនិត្យតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរចាប់តាំងពីមានបទឈប់បាញ់ដែលបានបញ្ចប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមកូរ៉េឆ្នាំពីឆ្នា១៩៥០ ដល់ឆ្នាំ ១៩៥៣បានធ្វើការស៊ើបអង្កេតពិសេសអំពីការលុកលុយដែនអាកាសដើម្បីកំណត់ថាតើមានការរំលោភលើបទឈប់បាញ់ដែរឬទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់បញ្ជាការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការញុះញង់ដោយភាគីទាំងពីរបង្កើតជាការរំលោភ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងដែនអាកាសរបស់ខ្លួនមិនបានរំលោភលើបទឈប់បាញ់នោះទេ។
បញ្ជាការអង្គការសហប្រជាជាតិបញ្ជាក់សារជាថ្មីថា ការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់គឺចាំបាច់សម្រាប់កាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុដោយចៃដន្យ និងដោយចេតនា តាមរយៈការទប់ស្កាត់ការកើនឡើង និងដើម្បីបញ្ឈប់អរិភាពនៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់យោធាកូរ៉េខាងត្បូងនៅក្នុងតំបន់តាមបណ្តោយព្រំដែនរបស់ប្រទេសកូរ៉េខាងជើងគឺជាវិធានការការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងនិងមិនត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។ចំណែកឯកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនោះទេ។
ភាពតានតឹងរវាងប្រទេសទាំងពីរបាននិងកំពុងកើនឡើង ដោយកូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះកាំជ្រួចមីស៊ីល និងការធ្វើតេស្តអាវុធផ្សេងៗទៀតហើយកូរ៉េខាងត្បូងបានឆ្លើយតបជាមួយនឹងសកម្មភាពយោធាកាន់តែខ្លាំងឡើង រួមទាំងសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ៕