Monday, March 17, 2025
Homeព័ត៌មានអន្តរជាតិបញ្ជាការUN អះអាងថាកូរ៉េខាងជើង និង​ខាងត្បូង បាន​បំពានកិច្ចព្រមព្រៀងឈប់បាញ់ ដូចគ្នា

បញ្ជាការUN អះអាងថាកូរ៉េខាងជើង និង​ខាងត្បូង បាន​បំពានកិច្ចព្រមព្រៀងឈប់បាញ់ ដូចគ្នា

ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដឹកនាំដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦​ខែ​មករាថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរំលោភលើបទឈប់បាញ់​ដែលគ្រប់គ្រងព្រំដែនរួមគ្នា​របស់ពួក​គេ​​ដោយការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងដែនអាកាសគ្នាទៅវិញទៅមកកាលពីខែធ្នូ។នេះបើ​យោង​តាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿងបានឆ្លងចូលទៅក្នុងដែនអកាសរបស់ខាង​ត្បូងកាល​ពីថ្ងៃទី២៦ ខែធ្នូ ដោយជំរុញឱ្យយោធាកូរ៉េខាងត្បូង យកយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងបញ្ជូនយន្ត​ហោះស៊ើបការណ៍ចូលទៅក្នុងកូរ៉េខាងជើង ដើម្បីថតរូបទីតាំងយោធា។

បញ្ជាការរបស់អង្គការសហប្រជាជាតិ ដែលបានជួយត្រួតពិនិត្យតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរចាប់​តាំងពីមានបទឈប់បាញ់ដែលបានបញ្ចប់ការប្រយុទ្ធគ្នាក្នុងសង្គ្រាមកូរ៉េឆ្នាំពីឆ្នា១៩៥០ ដល់ឆ្នាំ ១៩៥៣បានធ្វើការ​ស៊ើបអង្កេតពិសេសអំពីការលុកលុយដែនអាកាសដើម្បីកំណត់ថាតើមានការរំលោភលើបទឈប់បាញ់ដែរឬទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់បញ្ជាការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការញុះញង់ដោយភាគី​ទាំង​ពីរ​បង្កើតជាការរំលោភ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការបាញ់​ទម្លាក់យន្តហោះគ្មាន​មនុស្សបើក​នៅក្នុងដែនអាកាសរបស់ខ្លួនមិនបានរំលោភលើបទឈប់បាញ់នោះទេ។

បញ្ជាការអង្គការសហប្រជាជាតិបញ្ជាក់សារជាថ្មីថា ការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់​បាញ់គឺចាំបាច់​សម្រាប់​​កាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុដោយចៃដន្យ និងដោយចេតនា តាមរយៈការទប់ស្កាត់ការកើនឡើង និងដើម្បីបញ្ឈប់អរិភាពនៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់យោ​ធាកូរ៉េខាងត្បូងនៅក្នុងតំបន់តាមបណ្តោយព្រំដែនរបស់ប្រទេសកូរ៉េខាងជើងគឺជាវិធានការការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងនិងមិនត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។ចំណែកឯកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈ​អំពីឧប្បត្តិហេតុយន្តហោះគ្មាន​មនុ​ស្សបើកនោះទេ។

ភាពតានតឹងរវាងប្រទេសទាំងពីរបាននិងកំពុងកើនឡើង ដោយកូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះ​កាំជ្រួចមី​ស៊ីល និងការធ្វើតេស្តអាវុធផ្សេងៗទៀតហើយកូរ៉េខាងត្បូងបានឆ្លើយ​តបជាមួយនឹងសកម្មភាពយោធាកាន់​តែ​ខ្លាំងឡើង រួមទាំងសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ៕

RELATED ARTICLES