ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ស្នូលខាងក្នុងរបស់ផែនដីអាចនឹងឈប់វិលលឿនជាងផ្នែកនៃភពផែនដីហើយវាថែមទាំងអាចវិលការបញ្ច្រាស់ទៀតផង។

ផែនដីត្រូវបានបង្កើតឡើងដោយសំបកខាងក្រៅ(The Crust) ផ្នែកនៃផែនដីដែលព័ទ្ធជុំវិញស្នូលកណ្តាល(The Mantle) និងស្នូលខាងក្នុង និងខាងក្រៅ។ ស្នូលខាងក្នុងរឹងគឺស្ថិតនៅចម្ងាយប្រហែលជាង៥១៤៩គីឡូម៉ែត្រពីសំបកផែនដី ហើយត្រូវបានបំបែកចេញពីស្រទាប់ពាក់កណ្តាលរឹងដោយស្នូលខាងក្រៅរាវដែលអនុញ្ញាតឱ្យស្នូលខាងក្នុងបង្វិលក្នុងល្បឿនខុសគ្នាពីការបង្វិលផែនដីខ្លួនឯង។
ជាមួយនឹងអង្កត់ផ្ចិត៣៥៤០គីឡូម៉ែត្រ ស្នូលរបស់ផែនដីមានទំហំប៉ុនភពអង្គារ។ វាភាគច្រើនមានជាតិដែក និងនីកែល ហើយមានប្រហែលមួយភាគបីនៃម៉ាស់ផែនដី។
នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Geoscience កាលពីថ្ងៃច័ន្ទ លោក Yi Yang សហការីអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Peking និងលោក Xiaodong Song សាស្ត្រាចារ្យប្រធាន
សាកលវិទ្យាល័យPekingបានសិក្សាអំពីរលករញ្ជួយពីការរញ្ជួយដីដែលបានឆ្លងកាត់ស្នូលខាងក្នុងរបស់ផែនដីតាមបណ្តោយផ្លូវស្រដៀងគ្នាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ដើម្បីសន្និដ្ឋានថាតើស្នូលខាងក្នុងវិលលឿនប៉ុណ្ណា។
លោកXiaodong Song និង Yi Yang នៃសកលវិទ្យាល័យ Peking របស់ប្រទេសចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា យើងជឿថាស្នូលខាងក្នុងវិល ទាក់ទងទៅនឹងផ្ទៃផែនដី ត្រលប់ទៅមកដូចយោលទោង។
អ្វីដែលពួកគេបានរកឃើញគឺមិននឹកស្មានដល់។ ចាប់តាំងពីឆ្នាំ ២០០៩កំណត់ត្រារញ្ជួយដីដែលពីមុនបានផ្លាស់ប្តូរតាមពេលវេលាបានបង្ហាញពីភាពខុសគ្នាតិចតួច។ ពួកគេបាននិយាយថា នេះបានបង្ហាញថាការបង្វិលស្នូលខាងក្នុងបានផ្អាក។
ពួកគេបានសរសេរនៅក្នុងការសិក្សាថាយើងបង្ហាញពីការសង្កេតដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញថាស្នូលខាងក្នុងស្ទើរតែបានបញ្ឈប់ការបង្វិលរបស់ខ្លួនក្នុងទសវត្សរ៍ថ្មីៗនេះហើយប្រហែលជាកំពុងជួបប្រទះការវិលត្រឡប់មកវិញ។
ការបង្វិលនៃស្នូលខាងក្នុងត្រូវបានជំរុញដោយដែនម៉ាញេទិកដែលបង្កើតនៅក្នុងស្នូលខាងក្រៅនិងមានតុល្យភាពដោយឥទ្ធិពលទំនាញ។
លោក Hrvoje Tkalcic អ្នកជំនាញភូគព្ភសាស្ត្រនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីដែលមិនបានចូលរួមក្នុងការសិក្សានេះ បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ល្បឿននៃការបង្វិលនេះវាប្រែប្រួលយ៉ាងណានោះគឺត្រូវបានពិភាក្សា៕