Monday, March 17, 2025
Homeសង្គម និងជីវិតអ្នកលក់Online ២នាក់ស្រលាញ់ភេទដូចគ្នាគឺលោក គីម ហេង និងលោកគីម ហ៊ាង ចំណាយ២ម៉ឺនដុល្លារ​ដឹកដៃគ្នាចូលរោងការ

អ្នកលក់Online ២នាក់ស្រលាញ់ភេទដូចគ្នាគឺលោក គីម ហេង និងលោកគីម ហ៊ាង ចំណាយ២ម៉ឺនដុល្លារ​ដឹកដៃគ្នាចូលរោងការ

ភ្នំពេញ៖លោកគីម ហេង និងលោកគីម ហ៊ាង ដែលគេស្គាល់ថាជាអ្នកលក់Online យ៉ាងសកម្មនោះ បានសម្រេច​ចិត្តដឹកដៃគ្នាចូលរោងការ ផ្គួបពិធីឡើងផ្ទះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលពិធីនោះធ្វើនៅបុរីប៉េង ហួត បឹង​ស្នោរ គម្រោងអេកូដេតា ក្រុងភ្នំពេញ ដោយមានភ្ញៀវជាង៤០តុ ត្រូវបានអញ្ជើញឲ្យចូលរួម។តាមរយៈការបើក​ចំ​ហ​រឿងស្នេ​ហាភេទ​ដូចគ្នា រហូតរៀបមង្គលការនោះគេឃើញអ្នកលក់Online ជាច្រើនបានទៅសាទរ​គូ​ស្នេហ៍​ពួក​គេផងដែរ។

 លោកគីម ហេង ដែលដើរតួនាទីប្ដីរបស់គីម ហ៊ាង នោះបានរៀបរាប់កំណើតស្នេហ៍ថា​លោកបានទាក់​ទងទៅ​ភរិយា​គីម ហ៊ាង តាមហ្វេសបុកនិងឆាតរកគ្នាទៅវិញ​ទៅមកកាលពី​ដើម​ឆ្នាំ២០២២ ហើយក៍យល់ចិត្តគ្នា ចាប់ដៃ​គ្នារកស៊ីចាប់ពីពេលនោះមកដោយប្រពន្ធ​របស់​លោកជា​អ្នកចេះទុកដាក់លុយកាក់សមតាម​បំណងរបស់​លោក​ចង់បាន”ប្ដីអ្នករក ប្រពន្ធអ្នក​ទុក”។លោកហេង បន្ថែមថាមុនឈានមកដល់ការរៀបអាពាហ៍ ពិពាហ៍ បែបនេះ​លោក​ក៍ធ្លាប់​មានការរើសអើងពីមនុស្សមួយចំនួនផងដែរ ប៉ុន្ដែលោកជម្នះនិងបង្ហាញដោយបើកចំ​ហរហូត​ដល់​ថ្ងៃរៀបការនាពេលនេះតែម្ដង។

 ដោយឡែកលោកគីម ហ៊ាង ដែលជាភរិយាលោកគីម​ ហេង វិញបានឲ្យដឹងថាតាំងពី​លោកស្រ​លាញ់គ្នា​ជាមួយ​ប្ដីជាង១ឆ្នាំនេះមកការរកស៊ីជាមួយគ្នាជួបតែរឿងហេង ហេង ហើយ​លោក​សរសើរប្ដីដែលពូកែលួង​លោម​ពេល​លោកខឹង ឬប្រចណ្ឌប្ដីម្ដងៗ តែពេលនេះបាន​រៀប​ការ​ជាមួយ​មនុស្សជាទីស្រលាញ់ធ្វើឲ្យ​លោកនិងប្ដីមានអា​រម្មណ៍​​រីករាយដូចគ្នា។លោកហ៊ាង បាន​ឲ្យដឹង​ដែរថាពិធីមង្គលការរបស់លោកនិងស្វាមីបូកនិងពិធីឡើង​ផ្ទះនេះចំ​ណាយ​អស់​ថវិការ​ខ្ទង់២ម៉ឺនដុល្លារ ខណៈដែលការទិញផ្ទះវិញលោកនិងប្ដីសន្សំលុយរួមគ្នា ហើយក៍មាន​ឪពុក​ម្ដាយ​ទាំង​សង​ខាងជួយខ្លះៗដែរ។

 តាមព័តមានថាផ្ទះ១ជុងនៅទីតាំងខាងលើនោះមានតម្លៃខ្ទង់ជិត៤០ម៉ឺនដុល្លារ ហេតុ​នេះហើយបានជា​នៅថ្ងៃ​មង្គល​ការរបស់គីម ហេង និងគីម ហ៊ាង នេះភ្ញៀវជាច្រើនបាន​លាន់​មាត់ចំពោះគូស្នេហ៍ភេទដូចគ្នាវ័យក្មេងនេះ​ដែលពូកែសន្សំលុយទិញបានផ្ទះទ្រនុំស្នេហ៍បានដូចបំណងនេះ។

 ឆ្លើយតបសំណួរថាតើលោកគីម ហេង មានបំណងយកកូនបន្ដពូជដោយរបៀប​ណា​នោះលោកបានអះអាង​នៅចំពោះស្វាមីថានឹងគិតគូទិញមេជីវិតនៅក្រៅប្រទេសនាពេលខាងមុខ ប៉ុន្ដែដោយសារតែពេលនេះហត់​នឿយ​ច្រើនរឿងគិតគូពិធីរៀបអាពាហ៍ ពិពាហ៍ នោះ​ទើប​លោកនិងប្រពន្ធមិនទាន់បានទៅជួបគ្រូពេទ្យជំនាញឡើយ។ទាំងលោកគីម ហេង និងគីម ហ៊ាង បានលើកម្រាបដៃដប់សំពះថ្លែងអំណរគុណដល់ឪពុកម្ដាយទាំង​សងខាង​ដែលបានអនុ​ញ្ញាត្តិ​ឲ្យពួកគេសាងស្នេហ៍ដោយបេះដូងរហូតឈានមករៀបការជាមួយគ្នាដោយចំហ នា​ពេល​នេះ​ហើយអ្នកទាំងពីរសន្យាថានឹងរក្សារស្នេហាមួយនេះ​ឲ្យបានគង់វង្សយូអង្វែងផង​ដែរ​៕

RELATED ARTICLES