ភ្នំពេញ៖លោកគីម ហេង និងលោកគីម ហ៊ាង ដែលគេស្គាល់ថាជាអ្នកលក់Online យ៉ាងសកម្មនោះ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ផ្គួបពិធីឡើងផ្ទះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលពិធីនោះធ្វើនៅបុរីប៉េង ហួត បឹងស្នោរ គម្រោងអេកូដេតា ក្រុងភ្នំពេញ ដោយមានភ្ញៀវជាង៤០តុ ត្រូវបានអញ្ជើញឲ្យចូលរួម។តាមរយៈការបើកចំហរឿងស្នេហាភេទដូចគ្នា រហូតរៀបមង្គលការនោះគេឃើញអ្នកលក់Online ជាច្រើនបានទៅសាទរគូស្នេហ៍ពួកគេផងដែរ។



លោកគីម ហេង ដែលដើរតួនាទីប្ដីរបស់គីម ហ៊ាង នោះបានរៀបរាប់កំណើតស្នេហ៍ថាលោកបានទាក់ទងទៅភរិយាគីម ហ៊ាង តាមហ្វេសបុកនិងឆាតរកគ្នាទៅវិញទៅមកកាលពីដើមឆ្នាំ២០២២ ហើយក៍យល់ចិត្តគ្នា ចាប់ដៃគ្នារកស៊ីចាប់ពីពេលនោះមកដោយប្រពន្ធរបស់លោកជាអ្នកចេះទុកដាក់លុយកាក់សមតាមបំណងរបស់លោកចង់បាន”ប្ដីអ្នករក ប្រពន្ធអ្នកទុក”។លោកហេង បន្ថែមថាមុនឈានមកដល់ការរៀបអាពាហ៍ ពិពាហ៍ បែបនេះលោកក៍ធ្លាប់មានការរើសអើងពីមនុស្សមួយចំនួនផងដែរ ប៉ុន្ដែលោកជម្នះនិងបង្ហាញដោយបើកចំហរហូតដល់ថ្ងៃរៀបការនាពេលនេះតែម្ដង។



ដោយឡែកលោកគីម ហ៊ាង ដែលជាភរិយាលោកគីម ហេង វិញបានឲ្យដឹងថាតាំងពីលោកស្រលាញ់គ្នាជាមួយប្ដីជាង១ឆ្នាំនេះមកការរកស៊ីជាមួយគ្នាជួបតែរឿងហេង ហេង ហើយលោកសរសើរប្ដីដែលពូកែលួងលោមពេលលោកខឹង ឬប្រចណ្ឌប្ដីម្ដងៗ តែពេលនេះបានរៀបការជាមួយមនុស្សជាទីស្រលាញ់ធ្វើឲ្យលោកនិងប្ដីមានអារម្មណ៍រីករាយដូចគ្នា។លោកហ៊ាង បានឲ្យដឹងដែរថាពិធីមង្គលការរបស់លោកនិងស្វាមីបូកនិងពិធីឡើងផ្ទះនេះចំណាយអស់ថវិការខ្ទង់២ម៉ឺនដុល្លារ ខណៈដែលការទិញផ្ទះវិញលោកនិងប្ដីសន្សំលុយរួមគ្នា ហើយក៍មានឪពុកម្ដាយទាំងសងខាងជួយខ្លះៗដែរ។


តាមព័តមានថាផ្ទះ១ជុងនៅទីតាំងខាងលើនោះមានតម្លៃខ្ទង់ជិត៤០ម៉ឺនដុល្លារ ហេតុនេះហើយបានជានៅថ្ងៃមង្គលការរបស់គីម ហេង និងគីម ហ៊ាង នេះភ្ញៀវជាច្រើនបានលាន់មាត់ចំពោះគូស្នេហ៍ភេទដូចគ្នាវ័យក្មេងនេះដែលពូកែសន្សំលុយទិញបានផ្ទះទ្រនុំស្នេហ៍បានដូចបំណងនេះ។


ឆ្លើយតបសំណួរថាតើលោកគីម ហេង មានបំណងយកកូនបន្ដពូជដោយរបៀបណានោះលោកបានអះអាងនៅចំពោះស្វាមីថានឹងគិតគូទិញមេជីវិតនៅក្រៅប្រទេសនាពេលខាងមុខ ប៉ុន្ដែដោយសារតែពេលនេះហត់នឿយច្រើនរឿងគិតគូពិធីរៀបអាពាហ៍ ពិពាហ៍ នោះទើបលោកនិងប្រពន្ធមិនទាន់បានទៅជួបគ្រូពេទ្យជំនាញឡើយ។ទាំងលោកគីម ហេង និងគីម ហ៊ាង បានលើកម្រាបដៃដប់សំពះថ្លែងអំណរគុណដល់ឪពុកម្ដាយទាំងសងខាងដែលបានអនុញ្ញាត្តិឲ្យពួកគេសាងស្នេហ៍ដោយបេះដូងរហូតឈានមករៀបការជាមួយគ្នាដោយចំហ នាពេលនេះហើយអ្នកទាំងពីរសន្យាថានឹងរក្សារស្នេហាមួយនេះឲ្យបានគង់វង្សយូអង្វែងផងដែរ៕

