ភ្នំពេញ៖កាលពីឆ្នាំ២០២១ -២០២២ សារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីមកខ្មែរដល់ទៅរយៈពេលជាង១ឆ្នាំទើបវិលទៅអាមេរិកវិញ ដែលនេះជាការមកលេងស្រុកបានយូជាសព្វដងក្រោយនាងរៀបការហើយចេញទៅរស់នៅអាមេរិកតាមប្ដីជាង១០ឆ្នាំ។ដោយឡែកកាលពីពេលថ្មីៗនេះសក្ខណា ក៍ទើបតែនាំស្វាមីនិងកូនទាំងពីររបស់នាងមកខ្មែរម្ដងទៀតផងដែរដែលការមកលើកនេះត្រូវបាននាងប្រាប់ថាដើម្បីយកកូនទាំងពីររបស់នាងមករៀននៅខ្មែរ ឲ្យពួកគេបានចេះភាសារខ្មែរ ខណៈទាំងរូបនាងនិងស្វាមីព្រមទាំងកូនៗហាក់ដូចជាមានអារម្មណ៍ថាមករស់នៅខ្មែរទៅហើយព្រោះចេញចូលៗទៅអាមេរិកមកខ្មែរញឹកញាប់ណាស់។
សារ៉ាយ សក្ខណា បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៣ កុម្ភៈ ថានាងចង់ឲ្យប្រុសស្រីទាំងពីររបស់នាងចេះសរសេរនិងអានភាសារខ្មែរទើបបញ្ជួនពួកគេឲ្យមករៀននៅខ្មែរ ហើយតាមពិតនាងចុះឡើងពីខ្មែរអាមេរិកដូចជាធម្មតាទៅហើយ។អតីតFreshie រូបនេះអះអាងដែរថាការវិលត្រឡប់របស់នាងមកលើកនេះក៍ទាក់ទងការថតភាពយន្ដរឿងបុរាណមួយឲ្យហង្សមាសដែលដឹកនាំដោយលោកហ្វៃ សំអាង ផងដែរ។ប៉ុន្ដែនាងមិនបញ្ជាក់ថាជារឿងអ្វី ហើយនាងលេងជាតួបែបណានោះទេ ស្របពេលដែលក្រៅពីថតរឿងភាគធំនោះនាងក៍ត្រៀមខ្លួនថតរឿងថ្មីមួយទៀតជាប្រភេទរឿងដុំឲ្យផលិតកម្ម Sastra Film តែសាច់រឿងដែលនាងលេងយ៉ាងណានៅមិនទាន់ដឹងច្បាស់ឡើយ។
សូមរំលឹកកាលពីឆ្នាំ២០២២ អំឡុងពេលមកខ្មែរបានយូជាងរាល់ដងនោះសារ៉ាយ សក្ខណា ក៍បានថតរឿងឲ្យផលិតកម្មLD “ក្រឡអីហ្នឹង?”វគ្គ៣ និងថតស្ពតមួយចំនួនទៀតផង ដែលនេះបញ្ជាក់ថាការងារសិល្បៈរបស់នាងនៅតែមានទីផ្សារល្អ បើទោះជានាងបានចេញទៅរស់នៅអាមេរិកតាមស្វាមីជាង១០ឆ្នាំ និងមានកូនពីរនាក់ក្ដី។អ្វីដែលសក្ខណា កាន់តែមានភាពកក់ក្ដៅនោះគឺនាងត្រូវបានប្ដីអនុញ្ញាត្តិឲ្យនាងអាចថតសម្ដែងសិល្បៈតាមចិត្តចង់ពោលគឺលោកមេធាវី ប៊ុនមេត្រី មិនចេះហួងហែង ឬប្រចណ្ឌប្រពន្ធលោកផ្ដែសផ្ដាសឡើយ។
គូរបញ្ជាក់ថាសារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ហើយពេលនេះពួកគេទទួលបានចំណងដៃកូន២នាក់គឺកូនទី១ស្រីឈ្មោះMataysia អាយុជិត៨ឆ្នាំ និងកូនទី២ប្រុសឈ្មោះព្រីនស្ទីន អាយុជាង៣ឆ្នាំ ។សក្ខណា ធ្លាប់ប្រាប់ថាការមានកូន២នាក់គ្រប់គ្រាន់សម្រាប់រូបនាង ប៉ុន្ដែបើមានកូនថែមទៀតក៍នាងកាន់តែរីករាយ ពោលគឺឲ្យមានទៅតាមធម្មជាតិ ហើយបើត្រូវមានកូនទៀតមែនម្ដងនេះនាងចង់បានភ្លោះ ព្រោះមិនចង់បង្កើតច្រើនដង។ចំពោះការមកស្រុកលើកនេះសក្ខណា មិនទាន់កំណត់ពេលវេលាវិលទៅអាមេរិកវិញនៅពេលណាឡើយ ប៉ុន្ដែការទទួលថតភាពយន្ដដល់ទៅ២រឿង និងនាងមានអាជីវកម្មផ្ទាល់ខ្លួនក្នុងស្រុកទៀត ច្បាស់ណាស់ថាតារាកូន២ នឹងអាចនៅខ្មែរច្រើនជាងអាមេរិកជាមិនខាន។
ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា,អ៊ឹត ស្រីពីន និងសុគន្ធ និសា ជាដើម៕