មន្ត្រីការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងតាមដានបាឡុងស៊ើបការណ៍របស់ចិនដែលគេប្រទះឃើញនៅលើដែនអាកាសសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃប៉ុន្តែមន្ទីរបញ្ចកោណបានសម្រេចចិត្តមិនបាញ់ទម្លាក់វាដោយសារតែមានការព្រួយបារម្ភអំពីការបង្កគ្រោះថ្នាក់ដល់មនុស្សនៅលើដី។ ការរកឃើញបាឡុងឈ្លបយកកាណ៍នេះបានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នៅពេលដែលប្រទេសទាំងពីរមានភាពតានតឹងកាន់តែខ្លាំងរួចស្រេចទៅហើយ។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានមន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកមានទំនុកចិត្តខ្ពស់ថាវាជាបាឡុងហោះរយៈកម្ពស់ខ្ពស់របស់ចិន ហើយវាត្រូវបានហោះហើរពីលើទីតាំងរសើបដើម្បីប្រមូលព័ត៌មាន។
ក្រុមមន្ត្រីបាននិយាយថា បាឡុងនេះបានហោះពីលើកោះ Aleutian នៃរដ្ឋអាឡាស្កា និងកាត់តាមប្រទេសកាណាដា មុនពេលបង្ហាញខ្លួននៅលើទីក្រុង Billings ក្នុងរដ្ឋ Montana កាលពីថ្ងៃពុធ។រដ្ឋMontana(ម៉ុនតាណា)ដែលជាកន្លែងសម្រាប់សាងសង់ស៊ីឡូមីស៊ីលនុយក្លេអ៊ែរចំនួនបីរបស់ប្រទេសនៅមូលដ្ឋានទ័ពអាកាស Malmstrom ។

លោកឧត្តមសេនីយ Patrick Ryder លេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ បានផ្តល់សេចក្តីថ្លែងការណ៍ខ្លីមួយអំពីបញ្ហានេះដោយនិយាយថា រដ្ឋាភិបាលនៅតែបន្តតាមដានបាឡុងនេះ។ លោកបាននិយាយថាបាឡុងហោះនេះកំពុងធ្វើដំណើរនៅរយៈកម្ពស់ខ្ពស់ជាងចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម ហើយមិនមានការគំរាមកំហែងខាងយោធា ឬរូបកាយដល់មនុស្សនៅលើដីនោះទេ។
លោកបន្តថា សកម្មភាពបាឡុងស្រដៀងគ្នានេះត្រូវបានគេឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីធានាថាវាមិនអាចប្រមូលព័ត៌មានរសើបរបស់អាមេរិកបានទេ៕