ភ្នំពេញ៖មាស សុខសោភា និងថុល សុភិទិ ជាតារាចម្រៀងនៅផលិតកម្មផ្សេងគ្នាពោលគឺសោភា ឈជើងនៅរាម ខណៈដែលភិទិ ច្រៀងឲ្យហង្សមាស។ប៉ុន្ដែកាលពីចុងខែមករា ឆ្នាំ២០២៣ តារាទាំងពីរបានច្រៀងជាដៃគូឆ្លងឆ្លើយគ្នានូវបទមរតកដើម២បទគឺបទ”ចំប៉ីស” និងបទ”តាំងយូស្នេហ៍” នៅកម្មវិធីដែលរៀបចំដោយក្រុមហ៊ុនកម្សាន្ដមួយ ធ្វើឲ្យទស្សនិកជន និងFan តារាចម្រៀងទាំងសងខាងចាប់អារម្មណ៍ខ្លាំងព្រោះថាសិស្សច្បងប៉ៈសិស្សប្អូនពិតជាប្លែកនិងគូរឲ្យសរសើរសម្ថភាពតារាទាំងពីរ បើទោះជាពួកគេមានអាយុខុសគ្នាក្ដី។ចំណែកលោកគួច ខេវិន ដែលធ្លាប់ដឹកនាំConcerts ជាង២០ឆ្នាំ និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីជាច្រើនមកហើយនោះក៍បានបង្ហាញនូវការគាំទ្រនិងពេញចិត្តតារាទាំងពីរថាពួកគេចាប់ដៃគ្នាទាក់ទាញខ្លាំងផងដែរ។



លោកគួច ខេវិន អតីតនាយយករងប៉ុស្ដិ៍CTN ,អាស៊ីអាគ្នេហ៍ និងETV បានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះថាសម្រាប់ទស្សនិកជន អ្នកស្ដាប់គឺគេចូលចិត្ត រកអ្វីដែលប្លែកត្រចៀក ស្ដាប់ទៅប្លែកអារម្មណ៍។ចំពោះភិទិ និងសុខសោភា គឺភិទិ ជាតារាចម្រៀងដែលមានសម្លេងមួយរណ្ដំ អាចទទួលយកបាន អីចឹងពេលគាត់បកស្រាយជាមួយសោភា ជាតារាមួយប្រើសម្លេងបានច្រើនទម្រង់ ទាំងទម្រង់ថ្មី និងពីសង្គម ហេតុនេះពេលអ្នករៀបចំបានផ្គំគ្នាអីចឹង ស្ដាប់ទៅពិរោះម្យាង គូរឲ្យចាប់អារម្មណ៍។


ដោយឡែកអ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាស បាននិយាយថាគិតត្រឹមឆ្នាំ២០២៣ គ្មានតារាចម្រៀងស្រីរូបណាអាចច្រៀងបទស្លូវល្អបានជាងមាស សុខសោភា ឡើយ។លោកគ្រូភ្លេងរូបនោះថាបើសិនជាសុខសោភា ទៅGalaxy ហើយចាប់ដៃជាមួយលោកព្រាប សុវត្ថិ វិញ នោះម្លេះនឹងធ្វើឲ្យរង្គោះរង្គោះតំណែងតារាស្រីលំដាប់ជូរមុខទាំងអស់ជាមិនខាន ព្រោះពេលនោះគ្មានតារាស្រីណាអាចទប់នាងជាប់ឡើយ ប៉ុន្ដែពេលនេះនាងបែជាទៅរាម វិញ ទើបធ្វើឲ្យការច្រៀងជាមួយដៃគូដែលសាកសមនិងល្អបំផុតរបស់នាងនៅតែមិនទាន់ដូចអ្វីដែលទស្សនិកជនចង់ឃើញដដែល បើទោះជាគេឃើញនាងច្រៀងជាមួយភិទិ ក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះមានការគាំទ្រច្រើនក្ដី។


មហាជនលើកឡើងថាសម្រាប់សុខសោភា វិញការចាប់ដៃគូជាមួយតារាចម្រៀងប្រុសដែលមានអាយុតិចជាងខ្លួននេះមិនមែនជាលើកទី១នោះទេ ព្រោះកាលនៅថោន នាងធ្លាប់ច្រៀងជាមួយលោកខេម ដែរ ខណៈដែលការមកដល់រាម នាងជាដៃគូរបស់លោកដួង វីរៈសិទ្ធ ដែលមានវ័យក្មេងជាងនាងដល់ទៅ១០ឆ្នាំឯណ្ណោះ។ចំពោះរឿងសុខសោភា ចាប់ដៃគូជាមួយសុភិទិ នាពេលនេះគេឃើញតារាទាំងពីរតែនៅកម្មវិធីមួយចំនួនប៉ុណ្ណោះ ព្រោះថាការនៅផលិតកម្មផ្សេងគ្នាមិនអាចឲ្យពួកគេចេញបទថ្មីនិងMV រួមគ្នាបានឡើយ តែនៅតាមមង្គលការ និងជប់លៀងខ្លះគេនឹងឃើញអ្នកចម្រៀងសំនៀងផ្អែម និងបុរសរូបសង្ហារលេងម៉ូដសាក់នេះនៅតែអាចច្រៀងសម្ដែងបទមរតកដើមជាមួយគ្នាបាន។

លោកគួច ខេវិន បន្ថែមថាបទខ្មែរយើងពីដើមនៅតែមានភាពពិរោះរណ្ដំ ទាល់តែអ្នកចម្រៀងនោះមានសម្លេងពិរោះរណ្ដំដែរ ពោលគឺមិនមែនតារាណាក៍អាចច្រៀងបានពិរោះនូវបទទាំងអស់នោះទេ គឺសំដៅដល់តារាមានទេពកោសល្យ និងសម្លេងពិរោះផង ដែលអាចអូសទាញអ្នកស្ដាប់ថាពិរោះ។អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះរូបនេះ បន្ថែមថាមានអ្នកច្រៀងសម័យឥឡូវគេច្រៀងបទពីសង្គមដែរ ប៉ុន្ដែខ្លះច្រៀងទៅអត់ចាក់ដោត អត់អូសអារម្មណ៍អ្នកស្ដាប់បាន តែចំពោះភិទិ និងសុខសោភា ច្រៀងទៅមានអារម្មណ៍ផ្សេង ពិរោះម្យាងសម្រាប់យុវវ័យសម័យកាលបច្ចុប្បន្ន។

មាស សុខសោភា នៅតែរក្សារតំណែងតារាស្រីលំដាប់ជូរមុខគេ បើទោះជាតាំងពីផ្លាស់ទ្រនុំពីថោន ចូលរាម នាងមិនសូវមានបទផ្ទុះខ្លាំងដូចមុនក្ដី ប៉ុន្ដែនៅតាមបណ្ដារConcerts ធំៗគេតែងតែឃើញសោភា ចេញមុខសឹងគ្រប់ពេល។ដោយឡែកសម្រាប់ភិទិ វិញថ្វីត្បិតមិនបានលើកពានCambodian Idol រដូវកាលទី៤ ក្ដី តែលោកបានក្លាយទៅជាតារាចម្រៀងហង្សមាសនិងមានយុវវ័យគាំទ្រច្រើន។

អតីតតារាហង្សមាសលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងតារាចម្រៀងអាយុខុសគ្នា ចាប់ដៃគូគ្នាច្រៀងឆ្លងឆ្លើយ នោះគ្មានបញ្ហាចោទទេ ព្រោះថាកន្លងមកលោកស្រីហ៊ឹម ស្រីវន និងព្រាប សុវត្ថិ កាលច្រៀងជាមួយគ្នានៅហង្សមាសនោះអ្នកទាំងពីរជោគជ័យបទចម្រៀងជាច្រើនបទមកហើយ៕