ភ្នំពេញ៖ព្រាប សុវត្ថិ នៅឆ្នាំ២០២៣ នេះមិនមែនដូចកាលពីឆ្នាំ១៩៩៧ដល់២០១៩ ឡើយ ពោលគឺរាល់ឆាកតន្រ្ដីទាំងឡាយដែលធ្លាប់តែត្រូវពិធីករប្រកាសថា”តារាចម្រៀងលោកចម្រៀងព្រាប សុវត្ថិ ឬកំពូលតារាចម្រៀងព្រាប សុវត្ថិ”នោះបែមកជាMC ហៅឈ្មោះលោកថា”លោកឧកញ៉ាកំពូលតារាចម្រៀងព្រាប សុវត្ថិ”។យ៉ាងណាលោកសុវត្ថិ ធ្លាប់ប្រាប់អ្នកសារព័តមានថាគ្រប់គ្នាអាចហៅលោកដូចមុនថាព្រាប សុវត្ថិ ៗក៍បាន ឬហៅតាមគោរម្យងារជាឧកញ៉ាក៍បានដែរ គឺលោកពេញចិត្តដូចគ្នា។ប៉ុន្ដែសម្រាប់ពិធីករនៅលើឆាកនៅតែប្រកាសតាមគោរម្យងារលោកសុវត្ថិ ច្រើនជាងប្រើឈ្មោះត្រឹមលោក បើទោះជាមានពេលខ្លះតារាវ័យ៤៨ឆ្នាំ រូបនេះចង់ប្រើជីវិតបែបសាមញ្ញ ឬអាចថាបើលោកគេហៅឈ្មោះខ្ពស់ពេកធ្វើឲ្យFan ពិបាកបង្ហាញភាពស្និតស្នាលជាមួយលោកក្ដី ប៉ុន្ដែទាំងតារារួមអាជីពនិងអ្នកធ្វើការជាមួយលោកនៅតែហៅតារាកូន៣រូបនេះថាជា”ឧកញ៉ាៗ”ញឹកញាប់ជាងឈ្មោះ”លោក”។

អ្វីដែលគូរឲ្យចាប់អារម្មណ៍សម្រាប់ដើមឆ្នាំ២០២៣ នេះលោកសុវត្ថិ ដែលតាំងចិត្តថានៅតែបន្ដអាជីពចាស់គឺការងារសិល្បៈ ដើរទន្ទឹមមុខជំនួញនោះពេលនេះមានព័តមានថាលោកបានយកកូនប្រុសទី១ឈ្មោះសុវត្ថិ មុនីវណ្ណ ដែលជាអតីតតារាហង្សមាសទៅរួមទ្រនុំជាមួយលោកដែរ ក្រោយពីកូនច្បងរបស់លោករូបនេះមិនបានចេញបទចម្រៀងថ្មីៗអស់រយៈពេល២ឆ្នាំមុនផុតកំណត់នៅហង្សមាសពោលគឺតាំងពីលោកសុវត្ថិ ចេញពីផលិតកម្មធំនេះកាលពីខែសីហា ឆ្នាំ២០២០ មកកូនៗរបស់លោកទាំងឡាយក៍គ្មានបទចម្រៀងលេចធ្លោនៅអតីតផលិតកម្មរបស់ខ្លួនដែរមុនពេលពួកគេចាកចេញ។

ប្រភពបានឲ្យដឹងថាដើម្បីចង់យោងកូនប្រុសរបស់ខ្លួនឲ្យល្បីល្បាញឡើងវិញនោះគឺលោកព្រាប សុវត្ថិ នឹងប្រើក្បាច់ចាស់តាមរយៈការច្រៀងសម្ដែងជាដៃគូជាមួយកូនប្រុសរបស់លោកនៅGalaxy តែគេមិនទាន់ដឹងថាតើកូន២នាក់ទៀតរបស់លោកគឺសុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណ នឹងត្រៀមខ្លួនមកចាប់ដៃជាមួយឪពុកនិងបងប្រុសរបស់គេដែរឬយ៉ាងណានោះទេ ព្រោះថាពេលនេះមុនីនាគ នៅមានភាពស្រពេចស្រពិលនៅហង្សមាសនៅឡើយ ខណៈដែលសិរីវុឌ្ឍ បានចេញពីហង្សមាសតាំងពីដើមឆ្នាំ២០២០ ម្លេះ។

គេមិនទាន់អាចសន្និដ្ឋានថានៅពេលដែលលោកព្រាប សុវត្ថិ ចាប់ដៃកូនច្បងរបស់លោកច្រៀងនៅGalaxy នេះជោគជ័យដូចនៅហង្សមាសដែរឬយ៉ាងណានោះទេ តែដំណឹងនេះគឺហាក់ស្របគ្នាទៅនិងអតីតតារាហង្សមាសគឺលោកនូ ស៊ឹប ធ្លាប់ធ្វើការព្យាករណ៍បែបនេះដែរ។លោកនូ ស៊ឹប ថាលោកសុវត្ថិ និងកូនៗស្ងប់ស្ងាត់មួយរយៈធំ ហេតុនេះលោកជឿរថាឪពុកនិងកូនៗរបស់គេច្បាស់ជាត្រៀមចេញអ្វីដែលថ្មីនិងប្លែកៗរួមគ្នាវិញជាមិនខាន។ដោយឡែកលោកសុវត្ថិ ថាកូនៗរបស់លោកសុទ្ធតែមានទេពកោលស្យនិងដុងសិល្បៈហេតុនេះហើយមិនអាចបោះបង់ចោលអាជីពមួយនេះបានទេ គឺគ្រាន់តែរងចាំថាពេលណានឹងត្រូវបញ្ចេញគឺនឹងធ្វើភ្លាមតែម្ដង ព្រោះអ្វីៗបានត្រៀមរួចជាស្រេច។

ព្រាប សុវត្ថិ ច្រៀងនៅហង្សមាសរយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)ដែលបទចម្រៀងរបស់លោកនៅផលិតកម្មចាស់នេះមានខ្ទង់ជាង៣០០០បទហើយភាគច្រើនល្បីសឹងគ្រប់បទទាំងអស់បើទោះជាចម្រៀងទាំងនោះគេដឹងថាភាគច្រើនចម្លង(Copy)ពីចិន និងថៃ ក្ដី។ដោយឡែកសម្រាប់ការចុះកុងត្រាតំណាក់កាលដំបូងនៅGalaxy រយៈពេល៥ឆ្នាំ(២០២០-២០២៥)វិញពេលនេះលោកសុវត្ថិ ទើបច្រៀងបានជាង២ឆ្នាំ ប៉ុណ្ណោះ តែចម្រៀងរបស់លោកហាក់មិនសូវផ្ទុះខ្លាំងដូចមុនឡើយ។

ចំណុចដែលលោកសុវត្ថិ ចេញបទចម្រៀងមកមិនសូវមានការគាំទ្រច្រើនដូចនៅផលិតកម្មចាស់នោះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមានកត្តាធំ៣យ៉ាងគឺទី១៖វ័យរបស់លោកឈានចូល៤៨ឆ្នាំ ដែលអាចនិយាយបានថារាងជ្រេបន្ដិច,ទី២៖ក្រោយឡើងជាឧកញ៉ាជាង៩ខែនេះលោកបន្ធូដៃក្នុងអាជីពចម្រៀង ព្រោះផ្ដោតលើការធ្វើជំនួញច្រើនជាង និងទី៣៖ខ្វះអ្នកនិពន្ធដែលសរសេរបទចម្រៀងឲ្យត្រូវទៅនិងសម្ថភាពសម្លេងរបស់លោក មិនដូចនៅហង្សមាសដែលទាំងអ្នកនិពន្ធនិងComposer ដឹងច្បាស់ណាស់ពីទិចទិកច្រៀងរបស់លោកសុវត្ថិ។យ៉ាងណាគេរងចាំមើលថាតើនៅសល់កុងត្រាជាង២ឆ្នាំទៀត ព្រាប សុវត្ថិ នឹងមានអ្វីថ្មីនិងប្លែកជាងពេលនេះដែរឬទេ?