ថ្ងៃពុធទី១៥គឺជាថ្ងៃទី៩នៃមហាសោកនាដកម្មរបស់ប្រទេសតួកគីនិងស៊ីរីដែលបង្កឡើងដោយគ្រោះរញ្ជួយដីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង៤០០០០នាក់ស្លាប់។ ទោះបីមានមានរយៈ៩ថ្ងៃទៅហើយក្តី តែក្រុមសង្គ្រោះនៅតែបន្តរកឃើញអ្នកនៅរស់រានមានជីវិតដែលកំពុងកប់ក្នុងគំនរអអគារបាក់បែក។

ក្រសួងការពារជាតិរបស់ប្រទេសតួកគីបានចេញផ្សាយវីដេអូដែលបង្ហាញពីក្រុមអ្នកជួយសង្គ្រោះបានទាញយកស្ត្រីអាយុ ៧៧ ឆ្នាំចេញពីកំទេចកំទីនៅក្នុងទីក្រុង Adiyaman កាលពីថ្ងៃអង្គារ ក្នុងរយៈពេលប្រហែល២១២ម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍មុន។
ជាមួយគ្នានេះដែកាលពីថ្ងៃពុធ ស្ត្រីម្នាក់ទៀតដែលត្រូវបានគេស្គាល់ឈ្មោះMelike İmamoğlu អាយុ ៤៥ឆ្នាំក៏ត្រូវបានជួយសង្គ្រោះបន្ទាប់ពី រយះពេល២២២ម៉ោងនៅក្នុងគំនរបាក់បែកក្នុងទីក្រុង Kahramanmaras ។នេះបើយោងតាមទូរទស្សន៍រដ្ឋ TRT Haber របស់ប្រទេសទួរគី។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan បាននិយាយកាលពីល្ងាចថ្ងៃពុធថា ក្រុមសង្គ្រោះទាំងអស់នឹងធ្វើឱ្យប្រាកដថា មនុស្សចុងក្រោយត្រូវបានទាញចេញពីគំនរបាក់បែក មុនពេលបញ្ឈប់ប្រតិបត្តិការរុករក។
គិតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅតួកគី-ស៊ីរីបានឡើងដល់៤១០០០នាក់។អាជ្ញាធរតួកគីបាននិយាយថាមនុស្ស៣៥៤១៨នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ។ ចំណែកឯរដ្ឋាភិបាលស៊ីរី និងអង្គការសហប្រជាជាតិបាននិយាយថាមនុស្សជាង៥៨០០នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី។

អង្គការសហប្រជាជាតិកំពុងអំពាវនាវរកជំនួយចំនួន ៣៩៧ លានដុល្លារដើម្បីជួយអ្នករស់រានមានជីវិតស៊ីរីចំនួន ៦លាននាក់ជាមួយនឹងទីជម្រក ការថែទាំសុខភាព និងអាហារ។ បច្ចុប្បន្នមនុស្សប្រហែល១,៦ លាននាក់កំពុងស្នាក់នៅក្នុងជម្រកសង្គ្រោះបន្ទាន់ក្នុងទីក្រុង ប្រទេសតួកគីហើយមនុស្ស៦០ម៉ឺននាក់ផ្សេងទៀតបានចាកចេញពីតំបន់នេះ ឬត្រូវបានជម្លៀសចេញ៕