Saturday, September 21, 2024
Homeតារាខ្មែរនារីរ័ត្ន គន្ធា ៖សង្ឃឹមទស្សនិកជនគាំទ្រ ស្នាដៃថ្មីរបស់​នាង ​​ក្រោមការដឹក​នាំរបស់លោក​ហ្វៃ សំអាង

នារីរ័ត្ន គន្ធា ៖សង្ឃឹមទស្សនិកជនគាំទ្រ ស្នាដៃថ្មីរបស់​នាង ​​ក្រោមការដឹក​នាំរបស់លោក​ហ្វៃ សំអាង

ភ្នំពេញ៖អ្នកនាងនារីរ័ត្ន គន្ធា បានបង្ហាញអារម្មណ៍ប្រាប់”នគរធំ”នៅថ្ងៃទី២២ កុម្ភៈ ថានាង​បាន​ត្រៀម​ខ្លួន​មក​រស់​នៅស្រុកខ្មែរវិញនាពេលខាងមុខដ៍ឆាប់ៗ​បនេះហើយ។ការអះអាងរបស់​អតីត​តារា​សម្ដែ​ងទសវត្សន៍៨០ និង៩០ រូបនេះក្រោយពីអ្នកនាងបង្ហាញខ្លួនចូលរួមពិធី​សែន​ក្រុងពាលី​ភាព​យន្ដបែបប្រវត្តិសាស្រ្ដរឿង”អប្សារា មហាអង្គរ”​ដែលនិពន្ធដោយឯកឧត្តមហ្វៃ សំអាង និង​លោកយូ សុភា ព្រមទាំងជាការដឹកនាំផ្ទាល់ដោយអ្នកដឹកនាំភាព​យន្ដ​ល្បីឈ្មោះ​លោកសំអាង ។អ្នកនាងគន្ធា បានឲ្យដឹងថានាងបានទិញដី១កន្លែងនៅខេត្តសៀមរាប​តាំងពី​២០ឆ្នាំមុន ហើយបានសាងសង់ផ្ទះលើដីនោះកាលពីឆ្នាំ២០១៨ និងពេលនេះជិតរួចរាល់ហើយ តែការកំ​ណត់​មករស់​នៅខ្មែរ​ជាក់លាក់នាងថាមិនទាន់អាចកំណត់បានទេ ព្រោះនាងរងចាំឲ្យ​កូនៗ​ប្រុស​​ស្រីទាំងពីររបស់នាង​ដែលកំពុង​រស់​នៅរដ្ឋអាយឡែនសហរដ្ឋអាមេរិកពួកគេ​អាច​នៅទីនោះបានដោយ​ខ្លួនឯង​បានទើបនាងចុះមករស់នៅខ្មែរបាន​ហើ​យ​ចំពោះមូល​ហេតុដែល​នាងជ្រើសយក​ការសង់ផ្ទះ​នៅខេត្ត​សៀមរាប ដោយសារតែនាងស្រលាញ់​ខេត្តនេះ​ខ្លាំង​ណា​ស់ ព្រោះទីនោះប្រៀបបានដូចជាទឹកដី​ដ៍អច្ឆរិយមួយរបស់ខ្មែរដែល​ប្រជុំទៅដោយប្រាង​ប្រា​សាទ។

 ទាក់ទងការថតភាពយន្ដរឿង”អប្សារា មហាអង្គរ”វិញអ្នកនាងនារីរ័ត្ន គន្ធា ​ថានាងមិន​ទាន់ដឹងពីតួដែល​នាងត្រូវ​សម្ដែងច្បាស់លាស់នោះទេ តែឭថានាងត្រូវលេង​ជាតួស្រ្ដីគ្រប់​លក្ខណ៍​ម្នាក់ ហើយនាងពេញចិត្តក្នុង​ការ​មានឱ​កាសថតភាពយន្ដមួយ​នេះព្រោះកន្លង​មក​ធ្លាប់​ធ្វើការជាមួយលោកហ្វៃ សំអាង ជា​ច្រើនរឿងមកហើយ។អ្នក​នាង​នារីរ័ត្ន គន្ធា បន្ថែមថាអ្វី​ដែល​​កាន់តែពិសេសនោះ​គឺការថតភាព​យន្ដនេះនាងបានជួបដៃគូរចាស់ឡើងវិញ​នោះគឺ​លោក​​ទេព រិនដារ៉ូ ក្រោយមិនបានថតរឿងថ្មី​ជាមួយគ្នាជាង២០ឆ្នាំមកហើយ​ទើបអ្នកនាងភ្ញាក់​ផ្អើលនិងចាប់​អារម្ម​ណ៍ខ្លាំងណាស់ពេលដែលដឹងថានាងនឹងសម្ដែងជាមួយលោកដារ៉ូ ជាថ្មី។​អ្នក​នាងគន្ធា បន្ថែមទៀតថាបន្ទាប់​ពី​ថត​​រឿង”អប្សារា មហាអង្គរ”នេះចប់នាងនឹងទទួល​ថត​រឿង​ផ្សេងៗទៀត​បើមានផលិតករទាក់ទង​ព្រោះ​​ថា​ពេល​នេះនាងនៅខ្មែរស្ទើតែ​ច្រើនជាង​អា​មេរិកទៅហើយ។

  ក្រៅពីអ្នកនាងនារីរ័ត្ន គន្ធា រឿង”អប្សារា មហាអង្គរ”ប្រជុំទៅដោយតារាសម្ដែងទាំង​ប្រុស​ស្រីល្បីល្បាញ​ដល់​ទៅជាង១០០ដួងឯណ្ណោះ ក្នុងនោះមានដូចជាលោកទេព រិនដារ៉ូ ,យឹត មាសឧស្សាហ៍,រស់ សោភ័ណ្ឌ,ឆឹម សក្ក​ដា,ទ្រី ដារ៉ាវុធ,លឹម ជាឡាយ,ពៅ ពិសិដ្ឋ​…,អ្នកនាងអម្ពរ ទេវី,លី ម៉ារីណា ,សឹម ស្រីនិច្ច,ពេជ្រវត្តី សារ៉ាវ៉ាឌី,កែវ ឡាវីញ,សារ៉ាយ សក្ខណា ,ផាត់ ផាន់ណា និងតារាជាច្រើនដួងទៀត។

  ឯកឧត្តមហ្វៃ សំអាង បានឲ្យដឹងថារឿង”អប្សារ៉ា មហាអង្គរ”បានរំលេចក្បាច់គុណ​ល្បុក​តោ,  របាំអប្សារា ,កំ​ណា​ព្យកាបឃ្លោង,អក្សរសាស្រ្ដ ព្រោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះនគរមានភាពរុងរឿង មានការរីក​ចម្រើន​លើគ្រប់វិស័យ។តាមរយៈខ្សែ​ភាពយន្ដនេះយើង​លើកយកមកបង្ហាញភាពរីកចម្រើននាសម័យកាលនោះ ដើម្បី​ជាការដឹងគុណដល់មហា​វី​រ​ក្សត្រ​​ព្រះបាទជ័យវរ្ម័នទី៧ ហើយក្នុងនាមជាកូនខ្មែរ ជាអ្នកផលិតខ្សែភាពយន្ដ លោក​ត្រូវតែ​ធ្វើការ​ដឹង​គុណដល់បុព្វបុរសយើងតាមរយៈការផ្សព្វផ្សាយកេរ្តិ៍មរតក​នេះឲ្យបានសុះ​សាយ​ទាំង​នៅលើ​ឆាក​​​ជាតិនិងអន្ដរជាតិ។ឯកឧត្តមហ្វៃ សំអាង មិនបញ្ជាក់ថាភាពយន្ដនេះត្រូវចំ​ណាយ​ទុន​អស់ប៉ុន្មាននោះទេ តែ​លោក​បង្ហើបថាគ្រាន់តែចេញបើកកាមេរ៉ាថតចាយ​អស់​ជាង​២០ម៉ឺន​ដុល្លារបាត់ទៅហើយ ខណៈដែលការប្រើ​គ្រឿង​​​អលង្ការទៅលើតួអង្គ​នីមួយក្នុងម្នាក់ៗ​មិន​​ក្រោម​៥០០ដុល្លារនោះទេ ហើយរឿងនេះចំណាយលើការ​និ​ពន្ធ​៣ឆ្នាំ ការសិក្សារ​ស្រាវជ្រាវ​គ្រឿង​អលង្ការរយៈពេល១ឆ្នាំ និងការថតប្រើពេល១ឆ្នាំកន្លះទៀតសរុបគឺ៥ឆ្នាំ និង​មាន​៥០​ភាគ​។លោកសំអាង ដែលធ្លាប់ផលិតរឿងភាគបានជាង២០រឿង និងរឿង​ខ្នាត​ធំ៤ រឿងមកហើយ​និង​ទើបតែ​ចាប់ផ្ដើមផលិតរឿងបែប​ប្រវត្តិសាស្រ្ដជាលើកទី១រូបនេះថាលោក​នៅមាន​ត្រៀម​ផលិតរឿង”អ្នក​ស្នង​ទាយាទ” និងរឿង”ចៅពស់កេងកង”វគ្គថ្មីទៀតនាពេលខាង​មុខនេះផង​ដែរ បន្ទាប់ពីបញ្ចប់រឿង”អប្សារា មហា​អង្គរ”។

ដោយឡែកសម្រាប់លោកទេព រិនដារ៉ូ វិញបានថ្លែងថាតាមដឹងលោកត្រូវលេងឈុត​ស្នេ​ហាជាមួយដៃ​គូចាស់​(អ្ននាងអម្ពរទេវី ,នារីរ័ត្ន គន្ធា)តែលោកថាមិនទាន់ដឹងយ៉ាង​ណាយ៉ាង​ណីនោះទេ ព្រោះនៅលើជាក់ស្ដែង ព្រោះ​ថាឈុតពីមុនៗដែលលោកបានសម្ដែង​ជាមួយអតីត​តារាទាំងពីរលោកបានភ្លេច ខ្លះមកហើយ។

 ទាំងលោកហ្វៃ សំអាង និងអ្នកនាងនារីរ័ត្ន គន្ធា រួមទាំងតារា​ជាង​១០០​ដួងមាន​ទាំង​តួតូចនិងតួធំនោះ​ពួកគេ​សុទ្ធ​តែ​មានជំនឿរចិត្តថាភាព​យន្ដបុ​រា​ណ​នេះនឹងទទួលបាន​ការគាំ​ទ្រពីមហាជនជាមិនខាន ព្រោះទោះជាភាព​យន្ដ​បែបប្រឌិតក្ដី ប៉ុន្ដែវាជារឿង​ប្រវត្ដិ​សាស្រ្ដ​របស់​ខ្មែរ ដែលអ្នកនិពន្ធនិងដឹកនាំមានការសម្រិត​សម្រាំងខ្លាំង​ណាស់​ទើប​ចេញជារូប​រាងបាន​ដូច​ពេលនេះ ស្របពេលរឿងនេះអាចនឹងដាក់បញ្ចាំងនៅចុងឆ្នាំ២០២៤ ខាងមុខ​នេះ​ហើយ​៕

RELATED ARTICLES