ភ្នំពេញ៖ពេជ្រ សោភា បានផ្អាកមង្គលការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២៣ នេះហើយដោយលើកពេលទៅធ្វើនៅឆ្នាំ២០២៤ វិញឬគ្មានដែនកំណត់តែម្ដង។នេះបើតាមលោកឆឹម សក្កដា អនាគតស្វាមីរបស់សោភា បានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះ។
លោកឆឹម សក្កដា ថ្លែងថាមូលហេតុដែលរូបលោកនិងសោភា មិនអាចរៀបការបានតាមគម្រោងការនៅឆ្នាំ២០២៣ នេះគឺដោយសារតែមិនបានគិតច្បាស់លាស់ថាត្រូវតែធ្វើនៅឆ្នាំនេះទេ ព្រោះថាទាំងរូបលោកនិងសោភា រវល់ខ្លាំងដូចគ្នារៀងៗខ្លួន ហេតុនេះហើយមានតែលើកពេលសិនទៅ។យ៉ាងណាតារាចម្រៀងថោន តែត្រូវប៉ាន់ខាងអាជីពសម្ដែងច្រើនជាងច្រៀងរូបនេះថាពិធីអាពាហ៍ ពិពាហ៍របស់លោកនិងគូដណ្ដឹង(សោភា)នឹងអាចធ្វើនៅឆ្នាំ២០២៤ ឬមានការប្រែប្រួលទៅតាមពេលវេលាជាក់ស្ដែង។
ការចេរញមុខបញ្ជាក់របស់លោកឆឹម សក្កដា នាពេលនេះថាមង្គលការរបស់លោកនិងពេជ្រ សោភា មិនអាចកើតឡើងនៅឆ្នាំ២០២៣ នាពេលនេះក្រោយសោភា ធ្លាប់អះអាងប្រាប់អ្នកយកព័តមានយើងមុននេះថាពិធីរៀបការរបស់នាងនិងលោកសក្កដា នឹងរៀបចំនៅឆ្នាំ២០២៣ នេះហើយ ហេតុនេះ ហើយទើបនៅថ្ងៃរៀបការក្មួយប្រុសរបស់នាងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នោះនាងថាអត់ហ៊ានហៅមិត្តភក្ដិអ្នកសិល្បកររួមអាជីពច្រើនទេ ព្រោះចង់ទុកដល់ពេលនាងរៀបការខ្លួនឯងគឺហៅសរុបយកតែម្ដង។
លោកឆឹម សក្កដា ថានៅពេលដែលមង្គលការរបស់លោកនិងសោភា ប្រព្រឹត្តិឡើងនោះពិធីនោះនឹងធ្វើរៀបចំជាលក្ខណៈគ្រីស្ទានទៅតាមគូដណ្ដឹងរបស់លោកចង់បានព្រោះនាងកាន់សាសនាមួយនេះផង និងផ្គួបការធ្វើជាលក្ខណៈទំនៀមទម្លាប់ខ្មែរតាមក្រុមគ្រួសាររបស់លោកទាមទារផងដែរ។ប៉ុន្ដែអ្វីដែលគូរឲ្យចម្លែកលោកសក្កដា បែជាថាអាពាហ៍ ពិពាហ៍ របស់លោកនិងសោភា ដែលត្រូវគេម៉ៃថានឹងរៀបចំធំដុំដូចតារាល្បីៗផ្សេងទៀតហើយហៅភ្ញៀវរាប់រយតុ ឬធ្វើឲ្យផ្អើលមេឃចាយលុយរាប់សែនដុល្លារនោះលោកថាតាមពិតគឺការគិតដូច្នេះមិនត្រឹមត្រូវទាំងស្រុងទៅវិញ។សក្កដា ថាបើតាមលោកនិងគូដណ្ដឹងបានព្រមព្រៀងគ្នានោះគឺកម្មវិធីពិសេសរបស់លោកនិងសោភា រៀបចំតែខ្ទង់១០តុ ប៉ុណ្ណោះ ហើយភ្ញៀវដែលចូលរួមមានតែអ្នកជិតទេ។
ការលើកពេលរៀនការរបស់ពេជ្រ សោភា នាពេលនេះធ្វើឲ្យFan របស់នាងខ្លះមានការបារម្ភខ្លាចតែចំណងស្នេហារបស់ពូកគេមានការប្រែប្រួល ព្រោះថាទោះជាអ្នកទាំងពីរបានក្លាយទៅជាគូណ្ដឹងគ្នាជាង៣ខែទៅហើយក្ដី ប៉ុន្ដែពាក្យចចាមអារ៉ាមបានបោកបក់មកលើពួកគេនៅតែមិនស្ងាត់ឡើយដូចជាអ្នកខ្លះថាសោភា គូតែយកប្ដីជាមន្រ្ដីធំ ឬអ្នកមានជាងសក្កដា បានសាកសម ខណៈខ្លះទៀតថាគូដណ្ដឹងសោភា គ្មានអារម្មណ៍ជាមួយស្រ្ដីភេទជាដើម។តែFan តារា១គូនេះពួកគេជឿរជាក់ថាទាំងសោភា និងសក្កដា មិនមែនត្រចៀកសនោះទេ ព្រោះថាបើពួកគេមិនច្បាស់លាស់ជាមួយគ្នា ប្រាកដជាមិនអាចភ្ជាប់ពាក្យនិងគ្នាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះបានឡើយ ក្រោយអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង៦ឆ្នាំ។
គូរបញ្ជាក់ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកក្នុងចំណោមតារាដែលយកស្វាមីក្មេងជាងខ្លួនដូចគ្នាទៅនិងអ្នកនាងខាត់ សុឃីម,គង់ សុជាតិ និងប៉ាច គីមមួយ ជាដើម។អ្នកម៉ាយវ័យ៤០ឆ្នាំ រូបនេះមុនសម្រេចចិត្តផ្សារភ្ជាប់ស្នេហ៍ជាមួយលោកសក្កដា នាងធ្លាប់បានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១៥ ជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកឡៅ ឆលី តែចំណងស្នេហាឆ្លងទ្វីពនេះមានអាយុខ្លីពួកគេក៍ចែកផ្លូវគ្នា តែនៅរាប់អានគ្នាជាធម្មតា។សោភា ប្រកាន់គោលជំហផ្ទាល់ខ្លួនថាសម័យនេះហើយមនុស្សយើងមិនមែនខុសម្ដង ខុស១ជីវិតទេ គឺត្រូវតែរកឲ្យទាល់តែត្រូវ ហើយទីបំផុតរូបនាងបានសម្រេចចិត្តបិតស្នេហ៍ប្រុសអាណិកជន ហើយជ្រើសគូស្នេហ៍ថ្មីតាមរយៈការ”ជួយជិត ប្រសើជាងជួញឆ្ងាយ”វិញម្ដង។
ទស្សនិកជនរងចាំមើលថាតើពេជ្រ សោភា នឹងហ៊ានដឹកដៃលោកឆឹម សក្កដា ចូលរោងការនាពេលខាងមុខមែន ដើម្បីលាងជម្រះមន្ទិលស្នេហា”ក្លែងក្លាយ”នោះដែរឬទេ ?ឬមួយការលុបចោលមង្គលការឆ្នាំនេះជាញ្ញាមិនសូវល្អមួយ?