ភ្នំពេញ៖ស្រីស្រស់យូរី ហាក់ដូចជាចាស់ចិត្ត ចាស់គំនិតបន្ដិចនៅឆ្នាំ២០២៣ នេះ ព្រោះទោះជាបុរសវ័យក្មេងព្យាយាមតាមស្នេហាយ៉ាងណាក៍នាងមិនជ្រួលជ្រើមដែរ ហើយចូលចិត្តបង្ហាញភាពឯកោតែម្នាក់ឯង បើទោះជាមិត្តភក្ដិអ្នកសិល្បៈនៅជុំវិញខ្លួននាងពួកគេសុទ្ធតែមានគូស្នេហ៍បណ្ដើររៀងៗខ្លួននៅចំពោះមុខនាងក្ដី។ការប្រែប្រួលចិត្តរបស់យូរី នាពេលនេះក្រោយពីនាងបានបរាជ័យស្នេហាដល់ទៅ៣លើកនោះគឺចែកផ្លូវជាមួយអតីតសង្សារលោករ៉េត កាលពីឆ្នាំ២០១៨ ,មិនអាចបន្ដស្អិតល្មូតស្នេហ៍ជាមួយប្រុសក្មេងរូបសង្ហារលោកប៊ីម៉ូ និងចុងក្រោយនេះនាងនិងលោកថៅកែពោះម៉ាយលោកជា នី ដើរផ្លូវបំបែករៀងៗខ្លួនហើយធ្វើឲ្យទំនាក់ទំនងនាងនិងថៅកែក្លាយទៅជាមើលមុខគ្នាលែងចំតទៅទៀតរហូតដល់លោកនី មានកម្មវិធីហៅតារាល្បីៗទៅច្រៀងក៍មើលរំលងនាង ហើយថ្មីៗនេះលោកបានរៀបការកូនស្រីច្បងដោយហៅមិត្តភក្ដិនិងតារាល្បីៗមួយចំនួនឲ្យចូលរួមតែបែជាលោកមិនហៅយូរី ទៅវិញ ដែលសកម្មភាពបែបនេះធ្វើឲ្យយូរី និងលោកថៅកែនី ត្រូវកាច់ផ្ដាច់គ្នាទាំងស្រុងតែម្ដង។
សម្រាប់យូរី គេជឿរថានាងមានជម្រើស្នេហ៍ច្រើនហើយអាចភ្ជាប់ស្នេហ៍ថ្មីជាបុរសដែលមានទ្រព្យនិងរូបរាងសង្ហារជាងលោកថៅកែពេលណាក៍បានឲ្យតែចិត្តនាងចង់ ព្រោះថាបុរសទាំងក្នុងនិងក្រៅស្រុកមួយចំនួនចាំតែទទួលចម្លើយពីនាងប៉ុណ្ណោះ។ប៉ុន្ដែយូរី នៅតែខ្លាចទទួលស្នេហាថ្មីដដែលនាពេលនេះទើបធ្វើឲ្យបេះដូងនាងសែនរងារហើយភាពកក់ក្ដៅពីមុនដូចជាទៅច្រៀងទាំងនៅខេត្តក្រុងទាំងឡាយមានលោកថៅកែបើករថយន្ដជូននាងគ្រប់ពេលនោះពេលនេះនាងច្រើនតែកាន់ចង្កូតឡានដោយខ្លួនឯង ព្រោះអត់ទាន់រកបានតៃកុងថ្មី។
មជ្ឈដ្ឋានមហាជនមើលឃើញថាបើទោះជាយូរី មិនសូវសមប្រកបរឿងស្នេហាព្រោះតែបានបែកបាក់គូសង្សារជាបន្ដបន្ទាប់ក្ដី តែនាងនៅតែរក្សារតំណែងជាតារាផ្នែកយុវវ័យនៅហង្សមាសបានដោយចេញច្រៀងសម្ដែងយ៉ាងសកម្មដែលគេអាចនិយាយបានថាស្រីស្រស់រូបនេះចាប់ផ្ដើមពង្រឹងនិងយកការងារសិល្បៈធំជាងស្នេហា។ប៉ុន្ដែគេនៅតែជឿរថាសម្រស់ដូចយូរី នាងមិនទុកបេះដូងឲ្យនៅទំនេរបានយូនោះទេ ព្រោះមានតែការភ្ជាប់ស្នេហ៍ថ្មីទេ ទើបធ្វើឲ្យនាងអាចកប់ដានស្នេហ៍ស្រមោលស្នេហ៍ចាស់បានឆាប់ ពិសេសនោះក៍ជាសញ្ញាបញ្ជាក់ប្រាប់ទៅអតីតសង្សារថារូបនាងមានជម្រើស្នេហ៍ច្រើន ហេតុនេះក្នុងចំណោមបុរសទាំងនោះគេជឿរថានឹងមានបុរសណាមួយនៅតែស្ដាយយូរី ជាមិនខាន។
គូរបញ្ជាក់ថាយូរី តារាលេងក្បាច់រាំនិងពូកែតុបតែងខ្លួនបែបCute នោះត្រូវបានហង្សមាសដាក់នាងជំនួសទេព បូព្រឹក្ស ដែលចាកចេញហើយពេលនេះអតីតតារាRock និងសាន់ដេមានហាងឆេងគូសមព្រោះចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីធំៗជាបន្ដបន្ទាប់និងមានតម្លៃខ្លួនខ្ពស់ជាងមុនផងដែរ។តែយូរី នៅមិនទាន់ចេញមុខថតសម្ដែងភាពយន្ដដូចតារារួមដំបូលផ្សេងទៀតនោះទេបើទោះជានាងធ្លាប់អះអាងថាមិនព្រលែងចោលឱកាសមួយនេះក្ដី តែពេលនេះនាងនៅតែផ្ដោតលើអាជីពចម្រៀងជាគោលដដែល។ប្រភពបានឲ្យដឹងថាការពន្យាពេលបង្ហាញមុខគូស្នេហ៍ថ្មីរបស់យូរី នាពេលនេះដោយសារតែនាងខ្លាចគេថាបែក១រកបាន១ទៀតភ្លែតនោះផង និងម្យាងនាងនៅតែស្រងូតស្រងាត់ក្រោយបាត់បង់ម្ដាយជាទីស្រលាញ់កាលពីចុងខែមិថុនា ឆ្នាំ២០២១ ផង ទើបក្រៅពីនៅលើឆាកតន្រ្ដីគេកម្រឃើញនាងរីករាយនៅក្រៅឆាកណាស់។ព័តមានបានឲ្យដឹងថាបុរសដែលចង់ចូលខ្លួនស្អំរបួសបេះដូងយូរី ភាគច្រើនតែជាប្រុសវ័យចំណាស់ ប៉ុន្ដែគេជឿរថាស្រីស្រស់រូបនេះនឹងជ្រើសយកអ្នកថ្មីជាមនុស្សប្រុសដែលមិនចាញ់អ្នកចាស់ឡើយ។
ក្រៅពីយូរី តារាដែលមិនសូវសមប្រកបរឿងស្នេហាមានដូចជាកែវ និសា ,សុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើមតែពេលនេះពួកគេសុទ្ធតែរកបានគូស្នេហាថ្មីរៀងៗខ្លួនគ្រាន់តែម្នាក់ៗជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហប៉ុណ្ណោះ៕