ភ្នំពេញ៖បើទោះជាឱក សុគន្ធកញ្ញា ជាតារាស្រីលំដាប់ជូរមុខគេរបស់ហង្សមាសរយៈពេលជាង១០ឆ្នាំទៅហើយក្ដី ប៉ុន្ដែទាំងកេរ្ដិ៍ឈ្មោះនិងតម្លៃខ្លួននាងនៅតែក្រោមអតីតដៃគូលោកព្រាប សុវត្ថិ និងខែម ប៊ុនថៃ នៅឡើយ ហេតុនេះការច្រៀងសម្ដែងជាមួយលោកសុវត្ថិ និងប៊ុនថៃ នាពេលកន្លងមកគឺជម្រុញបន្ថែមភាពល្បីល្បាញរបស់នាង ។ប៉ុន្ដែសម្រាប់ឆ្នាំ២០២៣ នេះសុគន្ធកញ្ញា បានបាត់បង់ដៃគូទាំងពីរខាងលើអស់ទៅហើយ ព្រោះលោកព្រាប សុវត្ថិ បាយបាយ ហង្សមាស តាំងពីខែសីហា ឆ្នាំ២០២០ ខណៈលោកប៊ុនថៃ ទៅរួមរស់ជាមួយGalaxy នៅខែមករា ឆ្នាំ២០២៣ ។
អំឡុងពេលដែលហង្សមាសបាត់បង់តារាល្បីរបស់ខ្លួនដល់ទៅ២ដួង ហើយត្រូវអ្នកជំនាញសិល្បៈលើកឡើងថាទ្រនុំធំកំពុងតែ”រងា”ព្រោះមិនដឹងថានឹងយកតារារបស់ខ្លួនមួយណាលើកឲ្យឡើងជំនួសលោកសុវត្ថិ ឬប៊ុនថៃ នោះមានន័យថាសុគន្ធកញ្ញា ក៍អស់ជំនួយដូចមុនទៀតដែរហើយជម្រើសនាងពេលនេះអាចនឹងទៅចាប់ដៃជាមួយលោកលោកឆន សុវណ្ណារាជ ឬណុប បាយ៉ារិទ្ធ ជាថ្មីវិញហើយ ក្រោយហង្សមាសបរាជ័យរក្សារតារាល្បីទាំងពីររបស់ខ្លួនឲ្យបន្ដនៅរួមរស់ជាមួយបានតទៅទៀតនោះ ពេលនេះថៅកែផលិតកម្មធំនេះក៍មិនទាន់ឃើញទិញតារាល្បីពីខាងក្រៅផលិតកម្មដើម្បីយកមកជំនួសតារាសំខាន់របស់ខ្លួនដែលដើរចេញទាំងនោះដែរ។
ទោះជាយ៉ាងណាថ្មីៗនេះឱក សុគន្ធកញ្ញា បានបង្ហាញសញ្ញាការធ្វើការមួយជាមួយតារាចម្រៀងរ៉េប លំដាប់ជូរមុខលោកវណ្ណដា តែតាមព័តមានថាអាចគ្រាន់តែជាការងារខ្លីសម្រាប់តែកម្មវិធីថ្ងៃទី៨មីនា ប៉ុណ្ណោះ ព្រោះអ្នកទាំងពីរច្រៀងនៅផលិតកម្មផ្សេងគ្នា ហើយកន្លងមកសុគន្ធកញ្ញា ក៍មិនដែលល្បីដោយសារការច្រៀងរ៉េបដែរ ហេតុនេះហើយពួកគេមិនមែនជាដៃគូគ្នាដ៍សាកសមឡើយ។ប៉ុន្ដែគេកត់សម្គាល់ថាតារាកូន១រូបនេះហាក់កំពុងតែព្យាយាមសម្រកគីឡូឲ្យចុះមកស្វែលឡើងវិញ អំឡុងពេលដែលនាងកំពុងតែបង្ហាញខ្លួនជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ។សុគន្ធកញ្ញា ដែលជាអតីតនាថការីរបាំម្នាក់នោះថ្មីៗនេះនាងបានទៅថតតែងខ្លួនក្នុងឈុតព្រះនាងឥទ្រ្ទទេវី យ៉ាងស្រស់ស្អាតដែលធ្វើឲ្យស្វាមីនាងលោកអ៊ឹង សុខលី មិនអាចនៅស្ងៀមបានទេ រហូតសរសើរនាងថានាងស្អាតដាច់គេទៀតផង។
គូរបញ្ជាក់ថាតាំងពីឱក សុគន្ធកញ្ញា មានស្វាមីនិងកូនប្រុសជាង៣ឆ្នាំមកនាងមិនសូវមានទីផ្សារចម្រៀងផ្ទុះដូចមុនឡើយ ប៉ុន្ដែនាងនៅតែអាចរកប្រាក់ចំណូលបានច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗតាមរយៈការត្រូវប៉ាន់ស្ពតពាណិជ្ជកម្មធំៗ ហើយចេញមុខសឹងគ្រប់Concerts របស់ហង្សមាសតាមខេត្ត ព្រោះស្វាមីនាងលោកសុខលី ជាអ្នកគ្រប់គ្រងការគុំតន្រ្ដីទាំងមូលរបស់ហង្សមាស។ដោយឡែកសម្រាប់ការរក្សារតំណែងធំៗជាCoach និងJudge នៅហង្សមាសនោះមានន័យថាទោះជាសុគន្ធកញ្ញា ខ្សត់បទល្បីៗមែន តែនាងនៅតែរក្សារតំណែងជាតារាស្រីដ៍សំខាន់របស់ផលិតកម្មនេះជាច្រើនឆ្នាំតទៅទៀតជាមិនខាន ព្រោះអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថានៅពេលដែលកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសនាងនឹងកាន់តែល្បីជាងមុន។ថ្វីត្បិតតែលោកសុធីវណ្ណ មិនប្រាប់ឲ្យចំៗពីមូលហេតុក្ដី តែគេអាចយល់ថាលោកសំដៅដល់ការក្លាយទៅជាសាច់ញាត្តិរបស់គ្រួសារថៅកែហង្សមាសជាផ្លូវការ នោះមានន័យថាការយកចិត្តទុកដាក់និងលើកស្ទួយនាងពីសំណាក់ថៅកែហង្សមាសក៍ខ្ពស់ទ្វេដងជាងមុនផងដែរ។
តាមព័តមានថាក្រៅពីបាត់បង់ដៃគូចម្រៀងសំខាន់ដល់ទៅ២ដួងនោះឱក សុគន្ធកញ្ញា ក៍គ្មានផែនការណ៍ជាក់លាក់ក្នុងការថតភាពយន្ដដែរ ព្រោះគម្រោងនាងនិងលោកប៊ុនថៃ ចាប់ដៃគ្នាលេងតួឯកប្រុសស្រីត្រូវបានអ្នកដឹកនាំភាពយន្ដលុបចោលអស់ទៅហើយ។ប៉ុន្ដែសុគន្ធកញ្ញា នៅតែអាចក្លាយទៅជាតួឯកបានគ្រប់ពេលវេលាឲ្យតែចិត្តនាងចង់ ព្រោះក្រុមផលិតភាពយន្ដហង្សមាសទាំង៣ច្រកនោះរងចាំតែចម្លើយពីនាងប៉ុណ្ណោះ តែតារាកូន១ នៅតែគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីភ្លក្សរសជាតិតួឯកដំបូងរបស់ខ្លួននៅឡើយ៕