មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP)បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការខូចខាតដែលបង្កឡើងដោយគ្រោះរញ្ជួយដីនៅប្រទេសតួកគីនឹងឡើងលើសពី ១០០ពាន់លានដុល្លារ។
លោកស្រី Louisa Vinton បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងGaziantepបានអោយដឹងថា តួលេខនៃការខូចខាតដែលបង្ហាញដោយរដ្ឋាភិបាល និងគាំទ្រដោយ…ដៃគូអន្តរជាតិបានកើនលើសពី ១០០ពាន់លានដុល្លារ។
លោកស្រីបានបន្តថាតួលេខបណ្ដោះអាសន្ននេះកំពុងត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ម្ចាស់ជំនួយដើម្បីប្រមូលមូលនិធិសម្រាប់ជនរងគ្រោះរញ្ជួយដីរបស់ប្រទេសតួកគី និងស៊ីរីនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកនៅថ្ងៃទី ១៦ខែមីនា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយកាលពីសប្តាហ៍មុនថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកាលពីខែមុននៅក្នុងប្រទេសតួកគីបានកើនដល់៤៥៩៦៨នាក់។
ថ្លែងនៅក្នុងទីក្រុងAntakya លោកបាននិយាយថា មនុស្សចំនួន ៤២៦៧នាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសតួកគឺជាពលរដ្ឋស៊ីរី៕