ភ្នំពេញ៖មាស សុខសោភា បានដើរចេញពីរាម ក្រោយច្រៀងបានត្រឹម២ឆ្នាំ(២០២០-២០២២) បន្ទាប់ពីទីផ្សារចម្រៀងរបស់នាងហាក់នៅទ្រឹង មិនសូវមានសន្ទុះខ្លាំងដូចមុនៗនោះ ហើយពេលនេះនាងងាកមកធ្វើបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ជាថ្មីម្ដងទៀត។ដោយឡែកលោកឧកញ៉ាព្រាប សុវត្ថិ ដែលបាយបាយហង្សមាសក្រោយផ្ញើរខ្លួនអស់រយៈពេល២៣ឆ្នាំ(១៩៩៧-២០២០)នោះ លោកបានចូលជ្រកនៅGalaxy នៅខែសីហា ឆ្នាំ២០២០ និងមានកុងត្រាតំណាក់កាលដំបូងរយៈពេល៥ឆ្នាំ នោះលោកក៍មិនខុសពីសោភា ដែរច្រៀង២ឆ្នាំដំបូងនេះមិនអាចប្រៀបធៀបបទចម្រៀងរបស់លោកនៅផលិតកម្មចាស់បានទេ ពិសេសគឺនៅឆ្នាំ២០២២ ដែលក្រោយលោកឡើងងារជាឧកញ៉ា នោះមកស្ទើតែពេញ១ឆ្នាំគឺសឹងតែគ្មានអ្វីថ្មីឡើយ ប៉ុន្ដែលោកឧញ៉ាសុវត្ថិ ហៅស្នាយ មិនរត់ចោលGalaxy ឡើយ ពោលគឺនៅបន្ដច្រៀងនៅផលិតកម្មមួយនេះនៅឆ្នាំទី៣ បន្ដទៀតហើយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាតារាវ័យ៤៨ឆ្នាំរូបនេះហាក់កំពុងតែប្រឹងប្រែងព្យាយាមធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួលឡើងវិញតាមរយៈការមានបទចេញជាបន្ដបន្ទាប់ ស្របពេលលោកងាកមកចាប់ដៃកូនប្រុសទី១ ជាថ្មីម្ដងទៀត។

យ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបានទេថាតើនៅឆ្នាំ២០២៣ នេះលោកព្រាប សុវត្ថិ អាចនឹងខុសពីឆ្នាំទី១និងទី២ ដោយស្ទុះឡើងវិញ ឬមួយក៍នៅតែមិនអាចបំបែកទីផ្សារចម្រៀងបានដដែលឬយ៉ាងណាទេ ព្រោះសម្អាងថាលោកសុវត្ថិ មិនមែនផ្ដោតលើអាជីពសិល្បៈពេញទំហ៊ឹង១០០% ដូចមុននោះទេ ពោលគឺក្រោយទទួលបានគោរម្យងារជាឧកញ៉ាជិត១ឆ្នាំមកនេះលោកលេចមុខធ្វើជំនួញច្រើនជាងច្រៀងរាំ ។ប៉ុន្ដែក្នុងជំនួបជាមួយអ្នកសារព័តមានកន្លងមកលោកសុវត្ថិ បានអះអាងច្បាស់ៗថាលោកនឹងចាប់អាជីពចម្រៀង ឲ្យស្មើគ្នាជាមួយនិងការធ្វើជំនួញ ពោលគឺមិនអាចចោល១ណាបានទេ។លោកសុវត្ថិ ថែមទាំងសង្កត់ថា”បើមិនរកស៊ី គឺអត់ទៅមុខទេ”។ការអះអាងបែបនេះបញ្ជាក់ថាអតីតតារាចម្រៀងហង្សមាសរូបនេះទោះជាលោកលោកស្រលាញ់សិល្បៈយ៉ាងណាណាក៍មិនបណ្ដោយឲ្យមុខជំនួញរបស់លោកថយក្រោយដែរ ពោលគឺលោកចង់ជោគជ័យទាំងអាជីវកម្មនិងច្រៀង។

សូមបញ្ជាក់ថានៅពេលដែលលោកព្រាប សុវត្ថិ បន្ដច្រៀងឲ្យGalaxy នៅឆ្នាំទី៣ នេះលោកក៍បានជួបឧបស័ក្កធំដែរ គឺមិនដូច២ឆ្នាំមុនេះទេ ព្រោះឆ្នាំ២០២៣ នេះតារាចម្រៀងដែលធ្លាប់តែប្រជែងទីផ្សារចម្រៀងលោកយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំ រហូតពេលខ្លះពិបាកបែងចែកឈ្នះចាញ់ គឺលោកខែម ប៊ុនថៃ នោះក៍បានមកដល់Galaxy ដែលធ្វើឲ្យតារាទាំងពីររួមទ្រនុំជាមួយគ្នាជាលើកទី២ បន្ទាប់ពីនៅហង្សមាស ទើបមានការលើកឡើងថាបើសិនជាលោកឧកញ៉ាស្នាយ ប្រហែសប្រាកដជាប្រហោងឬធ្លាក់មកលេខ២ជាមិនខាន ព្រោះថាលោកប៊ុនថៃ មានទីប្រឹក្សារខ្លាំងជាបងប្រុសរបស់ខ្លួនគឺលោកខេមរៈ ភារុណ ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀង ហេតុនេះចង់ចេញបទល្បីៗពេលណាក៍បានដែរ។ប៉ុន្ដែមជ្ឈដ្ឋានមហាជនសង្កេតឃើញថាតាំងពីលោកព្រាប សុវត្ថិ -ខែម ប៊ុនថៃ ឡើងជាឧកញ៉ាព្រមគ្នាមក ការប្រជែងចង់ឈ្នះចាញ់ទីផ្សារចម្រៀងរបស់តារាទាំងពីរហាក់ថមថយ ហើយនៅថ្ងៃលោកប៊ុនថៃ បង្ហាញខ្លួននៅGalaxy នោះលោកសុវត្ថិ ថែមទាំងទៅអោបអតីតតារាសាន់ដេ ទៀតផងដើម្បីបញ្ជាក់ឲ្យគេឃើញថាពួកគេគ្មានបញ្ហាកាច់ចុងគ្នាដូចគេសង្ស័យឡើយ។

ថ្វីត្បិតតែលោកព្រាប សុវត្ថិ គេមើលឃើញថាគូប្រជែងខ្លាំងនៅផលិតកម្មថ្មីរបស់លោកមានតែលោកខែម ប៊ុនថៃ ម្នាក់ក្ដី ប៉ុន្ដែតាមអ្នកដឹកនាំការប្រគុំតន្រីមួយចំនួនបង្ហើបថាតាមពិតលោកប៉ុន សុណារិន ហៅខេម ក៍មិនដែលចង់ធ្វើជាតួរងរបស់តារាណាម្នាក់ដែរ ហេតុនេះហើយបើព្រាប សុវត្ថិ គ្មានអ្វីថ្មីៗ ឬច្រៀងបទស្លូវលែងសូវផ្ទុះដូចមុននោះ ប្រាកដជា”រលកក្រោយ ច្រានរលកមុន”ជាមិនខាន។តែលោកឧកញ៉ាស្នាយ នៅសល់ជាង២ឆ្នាំទៀត ដើម្បីកែប្រែនិងពង្រឹងទីផ្សារចម្រៀងរបស់លោកឡើងវិញ ខណៈដែលបច្ចុប្បន្ននៅតាមបណ្ដារកម្មវិធីប្រលងចម្រៀងធំៗ ,បៀរហ្គាឌិន និងPub ជាដើមគេឃើញទាំងភ្ញៀវនិងតារាចម្រៀងជំនាន់ថ្មីនៅតែច្រៀងបទចាស់ៗរបស់លោកសុវត្ថិ ជាងបទថ្មីៗ៕
